មណ្ឌលគិរី: ជនជាតិដើម​ភាគតិច​ព្នង​ជិត ២០ ​គ្រួសារ​រស់នៅ​ភូមិ​ពូឆប ឃុំ​ដាក់​ដាំ ស្រុក​អូររាំង បាន​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ដោយ​ពួកគាត់​អះអាង​ថា ដី​ទំហំ ៦០ ​ហិកតា ​ត្រូវបាន​គេ​លួច​ធ្វើ​បណ្ណកម្ម​សិទ្ធិ​រំលោភ​យក ខណៈ​ដែល​មន្ត្រី​កំពុង​ស្រាវជ្រាវ​ករណីនេះ​។

អ្នកស្រី ញ៉ាញ បូរ៉ា តំណាង​ពលរដ្ឋ​ទំនាស់​ដីធ្លី​ចំនួន​ ១៧ ​គ្រួសារ​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ៥ ខែមករា ​ថា ដី​របស់​ជនជាតិដើម​ភាគតិច​ចំនួន​ ៦០ ​ហិកតា ត្រូវ​បាន​ឈ្មួញ​ខិលខូច​លួច​ធ្វើ​បណ្ណកម្មសិទ្ធិ​រំលោភ​យក​ក្នុងអំឡុង​ចុងឆ្នាំ​ ២០២០​។ ដី​នេះ​ពលរដ្ឋ​បាន​អាស្រ័យផល​ជាង​ ១០ ​ឆ្នាំ​មកហើយ​ ដោយ​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ​។

អ្នកស្រី​បន្តថា នៅ​អំឡុង​ខែធ្នូ​ ឆ្នាំ​ ២០២០ មាន​បុគ្គល​ ២ ​នាក់​ ឈ្មោះ ឡុង សនសិត និង​ឈ្មោះ ចន្ថា បាន​ដឹកនាំ​បក្ខពួក​មក​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដីស្រែ​ចម្ការ​ទាំងអស់​នេះ ដោយ​អះអាង​ថា ខ្លួន​បាន​ទិញ​ពី​ពលរដ្ឋ​ម្នាក់​ជាយូរ​ឆ្នាំ​មកហើយ ព្រមទាំង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ត្រឹមត្រូវ​ទៀតផង​។

អ្នកស្រី ញ៉ាង បូរ៉ា បញ្ជាក់ថា​៖ «​កាលពីពេល​ថ្មីៗ​នេះ បុគ្គល​ឈ្មោះ​ ឡុង សនសិត បាន​ដឹកនាំ​កម្លាំង​គាត់​មក​ធ្វើ​របង​ព័ទ្ធ​យក​ដី​ហ្នឹងហើយ​ប្រជាពលរដ្ឋ​បាន​នាំគ្នា​តវ៉ា​ និង​ប្ដឹងទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្ដែ​អាជ្ញាធរ​ឆ្លើយថា គាត់​មិន​អាចជួយ​ដោះស្រាយ​បានទេ គួរតែ​ទៅរក​អាជ្ញាធរ​ស្រុក​អូររាំង​ឱ្យជួយ​ដោះស្រាយ​»​។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យដឹងថា ពួកលោក​បាន​ប្ដឹងទៅ​អាជ្ញាធរ​មូលដ្ឋាន​ហើយ ប៉ុន្ដែ​អាជ្ញាធរ​បាន​បង្វែរ​សំណុំ​រឿងនេះ​ទៅ​ឱ្យ​អាជ្ញាធរ​ស្រុក​អូររាំង ឱ្យជួយ​ដោះស្រាយ​វិញ ព្រោះ​សំណុំ​រឿងនេះ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ពួកគាត់​។ បុគ្គល​ទាំង​ ២ ​នាក់​ ដែល​ដឹកនាំ​កម្លាំង​មក​ធ្វើ​របង​វាត​យក​ដី​នេះ​ជា​ពលរដ្ឋ​ធម្មតា ប៉ុន្ដែ​ពួកគាត់​ប្រហែលជា​អ្នក​តំណាងឱ្យ​បុគ្គល​មានអំណាច ហើយ​លោក​មិនទាន់​ស្គាល់​បុគ្គល​ដែល​នៅ​ពី​ក្រោយខ្នង​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកខ្ញុំ​ផង ព្រោះ​ដី​ទាំងអស់​នេះ ពួកខ្ញុំ​បាន​អាស្រ័យផល​ជាច្រើន​ឆ្នាំ​មកហើយ​។ ប៉ុន្ដែ​ឥឡូវនេះ ស្រាប់​តែមាន​គេ​ឈូសឆាយ ព័ទ្ធរបង និង​ឈូស​ធ្វើ​ផ្លូវ​ជាច្រើន​កន្លែង​»​។

លោក ចាស ណា មេឃុំ​ដាក់​ដាំ​ថ្លែង​ពីថ្ងៃ​ទី​ ៥ ​មករា​ថា លោក​បានទទួល​ពាក្យបណ្ដឹង​ប្រជាពលរដ្ឋ​ទាំងនោះ​ហើយ ដោយ​លោក​កំពុង​ស្រាវជ្រាវ​ជុំវិញ​ទំនាស់ និង​គ្រោង​កោះហៅ​ភាគី​ទាំង​ ២ ​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ច្បាប់ ដើម្បី​បញ្ចប់​ការតវ៉ា​របស់​ពលរដ្ឋ​។ លោក​នឹង​ស្នើសុំ​ឱ្យ​មាន​សមាសភាព​អាជ្ញាធរ​ស្រុក​ចូលរួម​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​កំពុង​សើរើ​ឯកសារ​ពីមុនៗ​ទាក់ទង​ដី​ហ្នឹង​មក​មើល​ម្ដងទៀត ហើយ​កោះហៅ​ពួកគាត់​ទាំងពីរ​ភាគី​មក​ប្រជុំគ្នា​ដោះស្រាយ​។ ដី​ហ្នឹង​ភាគី​ពលរដ្ឋ​មាន​ប្លង់​ទន់​ពី​ខាង​អាជ្ញាធរ​មូលដ្ឋាន ហើយ​ភាគី​ម្ខាង​ទៀត ក៏​គេ​អះអាង​ថា គេ​មាន​ប្លង់​ហ្នឹង​ដែរ តែបើ​តាម​ខ្ញុំ​ចាំបាន គឺ​ខ្ញុំ​មិនដែល​បានចេញ​លិខិត​អ្វី​ឱ្យ​ភាគី​អ្នក​រង​ការចោទប្រកាន់​ទេ​»​។

លោក​ សៀក មុន្នី​អភិបាលស្រុក​អូររាំង​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បាន​ទេ​ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​។

ចំណែក​លោក ឡុង សនសិត និង​បក្ខពួក​ឈ្មោះ​ ចន្ថា ដែល​រងរចោទប្រកាន់​ពាក់ព័ន្ធ​ករណី​វិវាទ​ដីធ្លី​នេះ​មិនអាច​ស្វែងរក​ប្រភព​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​បានទេ​។

លោក​ ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​កម្មវិធី​ពង្រឹង​សិទ្ធិអំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក​បាន​ថ្លែងថា បើទោះ​ជា​មាន​ការឃាត់ខ្លួន​ឈ្មួញ និង​ដកតំណែង​មន្ត្រីជាន់ខ្ពស់​ជា​ហូរហែ​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដីធ្លី​ក៏ដោយ ក៏​នៅ​ខេត្តមណ្ឌលគិរី​ករណី​វិវាទ​ដីធ្លី​នៅតែ​បន្ត​កើតឡើង តាមរយៈ​ការលួចបន្លំ​ធ្វើ​បណ្ណ​កម្មសិទ្ធិ និង​ការរំលោភ​យក​ដី​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​ករណី​ទាំងអស់នេះ គឺជា​បន្ទុក​របស់​អាជ្ញាធរ​មូលដ្ឋាន ព្រោះ​ពួកគាត់​ជា​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​ក្នុង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ និង​ឯកជន​របស់​ពលរដ្ឋ​។ ដូច្នេះ​ពួកគាត់​ត្រូវតែ​ដឹង​រឿង​ទាំងអស់​នេះ​ច្បាស់​ជាង​នរណាៗ​ទាំងអស់​។ អ៊ីចឹង​កាតព្វកិច្ច​ដោះស្រាយ​ទំនាស់​គួរតែ​ពួកគាត់​ជា​អាជ្ញាធរ​មូលដ្ឋាន​អាច​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​ដោយ​ប្រើ​នីតិវិធី​ច្បាប់​ត្រឹមត្រូវ​»៕