មណ្ឌលគិរីៈ ប្រជាពលរដ្ឋ​ ១៩០ ​នាក់ ដែលជា​ជនជាតិដើម​ភាគតិច​ព្នង​បានបង្ហាញ​នូវ​ក្ដីបារម្ភ​បញ្ហា​លក់ និង​ទិញ​ដី ដែល​មាន​ភាពមិន​ប្រក្រតី​កំពុង​កើតមានឡើង​ក្នុង​តំបន់ភ្នំ​ទ្រី​ង និង​ភ្នំ​ពូពែ ស្ថិតនៅ​ក្នុង​ភូមិ​ពូលុង សង្កាត់​មនោរម្យ ខេត្តមណ្ឌលគិរី ដែល​អាច​នឹង​បាត់បង់​តំបន់​វប្បធម៌ និង​អត្តសញ្ញាណ​ដូនតា​របស់​ពួកគេ​។

លោក ចែន វណ្ណា តំណាង​ប្រជាពលរដ្ឋ​ជា​ជនជាតិដើម​ភាគតិច​ព្នង​នៅ​ភូមិ​ពូលុង​បាន​ថ្លែងប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា ថា ការលក់ និង​ទិញ​ដី​ដែល​កំពុង​តែមាន​ភាពមិន​ចុះសម្រុង​គ្នា​រវាង​ក្រុម​ជនជាតិដើម​ភាគតិច​ព្នង​ដូចគ្នា​នោះ​បាន​កំពុង​ទន្ទ្រាន​ចូល​ទៅក្នុង​តំបន់​ភ្នំ​ទ្រីង​ដែល​មាន​ទំហំ ១១ ​ហិកតា និង​ភ្នំ​ពូពែ​ទំហំ​ ៧ ​ហិកតា​។

លោក វណ្ណា ថ្លែងថា​៖ «​ពួកគេ​ចង់​បន្ត​លក់​ទៀត ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត​ក្នុងភូមិ​ជាមួយគ្នា​នោះ​មិន​យល់ព្រម​ដោយ​គិតថា ចង់ទុក​ដី​នោះ​ជា​កន្លែង​មរតក​ដូនតា​បន្តទៅ​អ្នកជំនាន់ក្រោយ និង​ធ្វើជា​កន្លែង​វប្បធម៌​ជនជាតិដើម​ភាគតិច​ព្នង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ផង ទើប​ផ្តិត​មេដៃ​ដាក់​ពាក្យសុំ​ឲ្យ​អាជ្ញាធរ​ក្រុង​សែនមនោរម្យ​ជួយ​អន្តរាគមន៍​»​។

លោក​ វណ្ណា​ ថ្លែងថា​៖ «​ពួកខ្ញុំ​ខ្លាច​អ្នក​ខិលខូច​លួច​លក់​អ៊ីចឹង​ទៅ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៦ ខែ​វិច្ឆិកា​ បាន​ទៅសុំ​ធ្វើ​ប្លង់ដី​សមូហភាព​គ្រប់គ្រង​ក្នុង​លក្ខណៈ​សហគមន៍ ប៉ុន្តែ​មេឃុំ​អត់​ឲ្យ​ទេ គេ​ថា ព្រោះ​ដី​នោះ​ពាក់ព័ន្ធ អ៊ីចឹង​ពួកខ្ញុំ​ក៏​ធ្វើលិខិត​ទប់ស្កាត់​ទៅដល់​ឃុំ ឃុំ​គេ​មិន​ព្រម​ទទួល អ៊ីចឹង​ពួកខ្ញុំ​ក៏​ធ្វើការ​ដាក់​លិខិត​នោះ​ដល់​ក្រុង ដើម្បី​ស្នើសុំ​ទប់ស្កាត់​ទៀត ក្រុង​គ្រាន់តែ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ទប់ស្កាត់​អ៊ីចឹង​ទៅណា តែ​ក៏​មិនឃើញ​ចេញ​មុខ​ដោះស្រាយ​ដែរ​»​។

យោងតាម​លិខិត​ដែល​មាន​ស្នាម​មេដៃ​របស់​ជនជាតិដើម​ភាគតិច​ព្នង​ទាំង​ ១៩០ ​នាក់​នោះ​ បាន​បង្ហាញ​ពី​គោលបំណង​សំខាន់​របស់​ពួកគេ​គឺ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​រារាំង​កុំ​ឲ្យ​មាន​ការទិញ និង​លក់​ដី​នៅ​តំបន់​ភ្នំ​ទាំង​ ២​។

អ្នកស្រី ងឹន ចាន់ណា តំណាង​ប្រជាពលរដ្ឋ​ព្នង​ម្នាក់ទៀត​បាន​ឲ្យ​ដឹងថា កាលពី​ដើម​ដី​តំបន់ភ្នំ​ទាំង​ ២ ​នោះ​មាន​ច្រើន ជា​កន្លែង​អាស្រ័យផល​ជនជាតិ​ដើម​ភាគតិច ដាំ​ដុះ​ដំណាំ​ផ្សេងៗ ព្រមទាំង​ឃ្វាលគោ ក្របី ប៉ុន្តែ​ពួកគេ​បាន​នាំគ្នា​លក់​អស់​ទៅ ទីបំផុត​ពួកគេ​ក៏​បាន​នាំគ្នា​ចង់​មក​យក​ដី​ដែល​នៅ​សេសសល់​លក់​ថែមទៀត​។

អ្នកស្រី ចាន់ណា ថ្លែងថា​៖ «​ពួកគេ​ជា​អ្នក​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ជាមួយ​ពួកខ្ញុំ ប៉ុន្តែ​មិនមែន​ជា​អ្នកចូលរួម​តវ៉ា​ទេ អ្នក​ដែល​ចូលរួម​តវ៉ា​ជាមួយ​ពួកខ្ញុំ​មានតែ​ចំនួន​ប្រមាណ​ ១៩០ ​នាក់​ហ្នឹង​ទេ ក្រៅពី​ហ្នឹង​មាន​គេ​អ្នកផ្សេង​មក​យក​ដី​ពួកខ្ញុំ​អាស្រ័យ​ផល និង​រក្សាទុក​ហ្នឹង​ទៅ​លក់​»​។

លោក ភី ងូក ចៅសង្កាត់​រមនា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ឲ្យ​ដឹងថា ដី​តំបន់ភ្នំ​ទាំង​ ២ ​នោះ​ជា​ដី​សមូហភាព​របស់​ជនជាតិ​ដើម​ភាគតិច ហើយ​បញ្ហា​ដែល​កើតឡើង​គឺជា​ជម្លោះ​ផ្ទៃក្នុង​របស់​ពួកគាត់ ដែល​មិន​ចុះសម្រុង​គ្នា​រឿង​តម្លៃ​ទើប​កើត​ជា​មាន​ការតវ៉ា​។

លោក ភី ងូក ថ្លែងថា​៖ «​ជា​ជម្លោះផ្ទៃក្នុង​របស់​ពួកគាត់ ខ្ញុំ​មិន​ដឹងថា មាន​ការបត់បែន​យ៉ាងម៉េច​ទេ​។ ដើមឡើយ​ពួកគេ​ព្រមព្រៀង​គ្នា ប៉ុន្តែ​ក្រោយមក​មានរឿង​ចម្រូងចម្រាស មិន​ចុះសម្រុង​គ្នា ម្ខាង​ចង់​បាន​ប៉ុណ្ណេះ រីឯ​ម្ខាង​ទៀត​ចង់បាន​ប៉ុណ្ណោះ អ៊ីចឹង​ទៅ​»​។

លោក ងូក បាន​អះអាង​ថា ពីមុនមក​គឺមាន​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូលុង​ទាំងអស់ ដែល​យល់ព្រម​ជាមួយ​អ្នកទិញ ហើយ​បាន​ស្រុះស្រួល​គ្នា​យកលុយ​រួចរាល់​អស់​រយៈពេល​ជា​យូរហើយ​ក្រោយ​មក​លោក​ក៏បាន​យល់ព្រម​ចុះហត្ថលេខា​សម្រេច​ទទួល​ស្គាល់​ការលក់​ទិញ​របស់​ពួកគេ​។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ងូក មិនអាច​បញ្ជាក់​អំពី​អត្តសញ្ញាណ​អ្នកទិញ​នោះទេ​។ ចំណែក​ការដាក់ពាក្យ​ចុងក្រោយ​របស់​ប្រជាពលរដ្ឋ​ជា​អ្នក​តវ៉ា​លោក​ក៏​មិន​ទទួល​ដែរ ព្រោះ​​ឯកសារ​លក់ និង​ទិញ​បាន​ចុះ​ហត្ថលេខា​រួចរាល់​អស់ហើយ​។

លោក ហៀក សុផាន អភិបាលក្រុង​សែនមនោរម្យ​បាន​ថ្លែងថា លោក​មិនទាន់​បានទទួល​ឯកសារ​ទាក់ទង​នឹង​ការដាក់​ពាក្យសុំ​ជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពូលុង​នៅឡើយ​ទេ គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែវិច្ឆិកា​ នេះ​។

លោក សុផាន ថ្លែងថា​៖ «​យើង​កំពុង​សិក្សា​បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​ភូមិ​ពូលុង​នោះ ព្រោះ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ផ្តិតមេដៃ​យល់ព្រម​លក់​រួច​ហើយ បែរជា​ផ្តិតមេដៃ​ជំទាស់​វិញ​។ ពិបាក​បងប្អូន​យើង​មួយចំនួន​មាន​អ្នក​ផ្តិតមេដៃ​លក់ ហើយ​មាន​អ្នក​ផ្តិត​មេដៃ​ប្តឹង​។ អ្នក​ផ្តិតមេដៃ​លក់​ដដែល​ហ្នឹង​ផ្តិតមេដៃ​លក់​ផង ផ្តិតមេដៃ​ប្តឹង​ផង អ៊ីចឹង​មិន​ដឹងថា ពួកគាត់​ចង់បាន​យ៉ាងណា​ឲ្យ​ប្រាកដ​»​។

លោក អ៊ាង ម៉េងលី អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ប្រចាំខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា ទាក់ទង​នឹង​ផ្លូវច្បាប់​ប្រសិនបើ​ករណីនេះ មានការ​ទិញ​លក់ ឬ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ឬ​ការចុះ​ហត្ថលេខា​ពី​អាជ្ញាធរ​ក៏ដោយ ប្រសិនបើ​ដី​នោះ​ជា​របស់​រដ្ឋ គឺ​ការទិញ​លក់​នោះ​មិន​អាច​ធ្វើទៅ​បានទេ​។

លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ ប្រសិន​បើ​ដី​នោះ​ជា​របស់​រដ្ឋ គឺ​យើង​មិនអាច​ធ្វើការ​លក់ដូរ​បាន​ទេ ប្រសិន​បើ​ដី​សាធារណៈ​របស់​រដ្ឋ​ហ្នឹង​មិនទាន់​បាន​បែក​ជា​ដីឯកជន​របស់​រដ្ឋ​។ មួយវិញ​ទៀត​ទំនាស់​ដីធ្លី​នៅ​មណ្ឌលគិរី គឺជា​បញ្ហា​ស្មុគស្មាញ​»៕