មណ្ឌលគិរីៈ ជនជាតិដើម​ភាគតិច​ព្នង​នៅក្នុង​ភូមិ​ចំការតែ សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី ដែល​អះអាង​មាន​គ្នា​ចំនួន​ ៣៧ ​គ្រួសារ​ បាន​ចោទ​ស្ដ្រី​ម្នាក់​ឈ្មោះ ហៀង ស្រីមុំ ថា​បាន​ឈូសឆាយ​បំផ្លាញ​ដី​កប់​សព​របស់​ពួកគេ​។ ប៉ុន្តែ​ស្ដ្រី​ម្នាក់នេះ​បាន​បដិសេធ​នឹង​ព្រមាន​ប្ដឹង​ពលរដ្ឋ​ទាំងនោះ​ទៅ​តុលាការ​ពីបទ​បរិហាកេរ្តិ៍​។

លោក ព្លឹក ឈឺន អាយុ ៦៧ ​ឆ្នាំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ ២៨ ​កញ្ញា​ ថា ដីវាល​ទំហំ​ ៥០ ​ម៉ែត្រ​ ៤ ​ជ្រុង ហើយ​កន្លែង​ខ្លះ​មាន​ដើមឈើ និង​គុម្ពោធ​ព្រៃ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​តែង​ប្រើប្រាស់​សម្រាប់​កប់​សព​ត្រូវ​បាន​ស្ដ្រី​ឈ្មោះ ហៀង ស្រីមុំ បាន​អះអាង​ថា ជា​ម្ចាស់​ដី​ដែល​បាន​ទិញ​តាំងពី​ឆ្នាំ​ ២០០២ ​ដោយមាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ត្រឹមត្រូវ​។ ស្ត្រី​រូបនេះ​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ធ្វើឱ្យ​ប៉ះពាល់​ផ្នូរ​កប់​សព​កាលពី​ថ្ងៃទី​ ២៣ ខែ​កញ្ញា​។

លោក ឈិន បាន​អះអាង​ថា សព​ឪពុក ឪពុកមា ប្រពន្ធ រួមទាំង​ក្មួយ​របស់លោក​ ២ ​នាក់​ គឺ​បាន​កប់​នៅក្នុង​ទីតាំង​នេះ ហើយ​កាលពី​ថ្ងៃទី​ ២៥ ខែកញ្ញា ពលរដ្ឋ​ក្នុងភូមិ​ប្រហែល​ ២០ ​នាក់​ បាន​នាំគ្នា​ទៅ​តវ៉ា​ដល់​សាលាសង្កាត់​ហើយ​ចៅសង្កាត់​បាន​សន្យាថា​នឹង​ដោះស្រាយ​។

លោក ឈិន ថ្លែងថា​៖ «​ដី​នៅ​កន្លែង​ហ្នឹង អ្នកភូមិ​ណា​ក៏​កប់​សព​កន្លែង​ហ្នឹង​បានដែរ ហើយ​យើង​មិនដឹងថា អ្នកណា​ជា​អ្នកលក់​ដី​ហ្នឹង​ទេ​។ អ្នកទិញ​ថា យើង​បាន​កប់​សព​លើដី​គេ ហើយ​ពេល​ហ្នឹង​ខ្ញុំ​ប្រកែក​ថា អ្នក​កប់សព និង​អ្នក​ទិញ​ដី​ហ្នឹង ១ ​ណា​ក្រោយ​ ១ ​ណា​មុន​។ ប៉ុន្តែ​គេ​ហ្នឹង​នៅតែ​អះអាង​ថា ជា​ដី​របស់គេ​ដដែល​។ អ៊ីចឹង​ហើយ! បាន​ពួកខ្ញុំ​ទៅឱ្យ​អាជ្ញាធរ​សង្កាត់​ជួយ​ដោះស្រាយ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​មិន​រវីរវល់​»​។

ពលរដ្ឋ​ទាំង​ ៣៧ ​គ្រួសារ​ បាន​ទាមទារ​ដី​កប់​សព​មកវិញ និង​ឱ្យ​អ្នក​ឈូសឆាយ​ត្រូវ​ផ្ដល់​សំណង​ដើម្បី​យក​ទៅ​រៀបចំ​ផ្នូរ​ឡើងវិញ និង​ដើម្បី​ទិញ​គោក្របី​សម្រាប់ធ្វើ​ពិធីសែនព្រេន​សុំ​ខមាទោស​ដល់​សព​ដែល​ត្រូវ​បាន​គាស់​រំលើង​ផ្នូរ​។

លោក ឌីម សាន ពលរដ្ឋ​នៅក្នុង​ភូមិ​ចំការ​តែ​ម្នាក់ទៀត​ក៏បាន​អះអាង​ផងដែរ​ថា កាលពី​ឆ្នាំ​ ២០១៧ កូន​របស់​លោក​ដែល​ទើបនឹង​កើត​បាន​អាយុ​ប្រហែល​ ៣ ​ខែ​បាន​ស្លាប់ ហើយ​ក៏​បាន​កប់​នៅលើ​ដី​នេះដែរ​ក្នុង​នោះ​ក៏មាន​ផ្នូរ​តា យាយ អ៊ំ និង​ក្មួយ​របស់​លោក​ផងដែរ ហើយ​តាម​ទម្លាប់​ជនជាតិដើម គឺ​នៅពេល​ខួប​ ៧ ​ថ្ងៃ​ឬ​ ១០០ ​ថ្ងៃ​បន្ទាប់ពី​ស្លាប់ សាច់ញាតិ​ដែល​នៅរស់​តែង​កាប់​គោ​ ឬ​ក្របី ដើម្បី​យក​ទៅ​សែន​នៅមុខ​ផ្នូរ​។

លោក សាន ថ្លែងថា​៖ «​កន្លែង​ហ្នឹង អ្នកខ្លះ​យក​សព​ទៅ​កប់​តាំងពី​ឆ្នាំ​ ១៩៨១​។ តាម​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច គឺ​កន្លែង​កប់​សព គេ​មិន​អាច​ប៉ះពាល់​អ៊ីចឹង​ទេ​»​។

ប៉ុន្តែ​អ្នកស្រី ហៀង ស្រីមុំ បាន​អះអាង​ថា ដំបូង​ឡើយ​ដី​នោះ​បាន​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​ជាច្រើន​គ្រួសារ និង​ប៉ះ​ដី​គម្រប​ព្រៃឈើ​របស់​បរិស្ថាន ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ចប់សព្វគ្រប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ការកាត់ឆ្វៀល​ដី​ខ្លះ ការផ្ដល់​សំណង​ខ្លះ និង​ខ្លះ​ដាក់​ឯកសារ​តតាំង​គ្នា​នៅ​តុលាការ​។ បន្ទាប់មក​ដី​នេះ​ត្រូវ​បាន​ធ្វើ​ប្លង់រឹង​បញ្ជាក់​អំពី​កម្មសិទ្ធិ​ត្រឹមត្រូវ នៅពេល​មាន​ការចុះវាស់វែង​ធ្វើ​ប្លង់​ជា​ប្រព័ន្ធ​ដោយ​មន្ត្រី​សុរិយោដី ហើយ​ចាប់ពី​ពេល​នោះ​មិន​ដែល​មាន​ពលរដ្ឋ​ណា​មក​អះអាង​ថា មាន​ផ្នូរ​កប់​សព​ឡើយ បញ្ហា​ទើបតែ​កើត​ក្រោយ​ចាប់ផ្ដើម​ឈូសឆាយ​ដើម្បី​អភិវឌ្ឍ​ទៅ​ជា​រមណីយដ្ឋាន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​តែប៉ុណ្ណោះ​។

អ្នកស្រី ស្រីមុំ ថ្លែង​ថា​៖ «​ជនជាតិ​ដើម​មាន​ទម្លាប់​អ៊ីចឹង​! ជួនកាល​យក​ពាង​ទៅ​វ៉ៃ​ដាក់​លើដី​គេ ហើយ​ថា​ជា​ដី​ផ្នូរខ្មោច​តាំងពី​ឆ្នាំនេះ​ឆ្នាំ​នោះ​។ ដី​ពួកគាត់​ហ្នឹង​មាន​រាប់រយ​ហិកតា​នាំគ្នា​លក់ ហើយ​នៅ​ពេល​លក់​អស់ ពួកគាត់​យក​ពាង​ដើរ​វ៉ៃ​ដាក់​នៅ​លើ​ដី​គេ ព្រោះ​ដី​គេ​ភាគច្រើន​ដូចជា​អ្នក​ភ្នំពេញ​មក​ទិញ គឺ​គាត់​ធ្វើ​អ៊ីចឹង​។ ឥឡូវ​មក​ប៉ះ​ដី​ខ្ញុំ​។ ឥឡូវ​ថា ប៉ះ​ជិត​ ៤០ ​គ្រួសារ​ គឺ​បំផ្លើស​ធ្វើឱ្យ​ប៉ះពាល់​កិត្តិយស​ខ្ញុំ ហើយ​បន្តិច​ទៀត​អ្នក​អះអាង​ហ្នឹង ខ្ញុំ​នឹង​ប្ដឹង​ចូលទៅ​ព្រះរាជអាជ្ញា ពីបទ​បរិហាកេរ្តិ៍​ខ្ញុំ​ដោយ​មួលបង្កាច់​ប្រាសចាក​ពី​ការពិត​។ ដី​ហ្នឹង​បាន​ទិញ​តាំងពី​ឆ្នាំ​ ២០០២ ហើយ​កន្លងមក គឺ​អត់​ដែល​បានឮ​អ្នកណា​ថា មាន​ផ្នូរខ្មោច​អី​ទេ​»​។

លោកស្រី សូ វាសនា មេភូមិ​ចំការ​តែ​បាន​ថ្លែង​ឱ្យដឹង​ដោយបាន​បញ្ជាក់ថា មិន​បានដឹង​ប្រវត្តិ​ច្បាស់​របស់​ដី​ដែល​មាន​បញ្ហា​នេះ​ទេ ដោយសារ​ទើប​ចូលមក​កាន់តំណែង​ជា​មេភូមិ​បាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ប៉ុន្តែ​ក្រោយពី​មាន​ការតវ៉ា​របស់​ពលរដ្ឋ​ទៅដល់​សាលាសង្កាត់ គឺ​ចៅសង្កាត់​បាន​សន្យាថា​នឹង​កោះហៅ​ភាគី​ទាំង​ ២ ​មក​ដោះស្រាយ​។

កាលពី​ថ្ងៃ​ម្សិលមិញ ភ្នំពេញ​ ប៉ុស្ដិ៍​ មិនអាច​សុំ​ការបញ្ជាក់​ពី​លោក គុច ម៉េងធូ ចៅសង្កាត់​ស្ពាន​មានជ័យ​បានទេ​ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ​។

ប៉ុន្តែ​លោក ឡុង វិបុល អភិបាលក្រុង​សែនមនោរម្យ​បាន​អះអាង​ថា ទីតាំង​ដែលមាន​ជម្លោះ​រវាង​ស្ដ្រី​ឈ្មោះ ហៀង ស្រីមុំ និង​ពលរដ្ឋ​ជនជាតិ​ជាង​ ៣០ ​គ្រួសារ​នេះ​ គឺ​មិនទាន់​ដឹងថា​ជា​ដី​របស់​ភាគី​ណាមួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​ប្រសិនបើ​ភាគី​ណា​ដែល​មាន​ឯកសារ​ទទួលស្គាល់​ដោយ​រដ្ឋបាល គឺ​អ្នកនោះ​ជា​ម្ចាស់​ដី​។

លោក​បាន​បន្តថា កន្លងមក​ពលរដ្ឋ​ជនជាតិ​ដើម​គឺមាន​ដី​សម្រាប់​កប់​សព​នៅក្នុង​ព្រៃ​ដែល​ជា​ព្រៃ​ត្រណម​ និង​ត្រូវបាន​អភិរក្ស ប៉ុន្តែ​ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​តិចតួច​ទៅ​កប់​សព​ពាសវាល​ពាសកាល​លើដី​បុគ្គល​ដែល​មិនមែន​ជា​ដីព្រៃ​កប់​សព​។

លោក វិបុល បាន​ថ្លែងថា​៖ «​អ៊ីចឹង! សំខាន់​គឺ​ឯកសារ ព្រោះ​ឥឡូវ​ហ្នឹង មិនទាន់​មាន​ភាគី​ណា​មកប្ដឹង​ជំទាស់​ ឬ​តវ៉ា​ដល់​រដ្ឋបាល​ក្រុង​នៅឡើយ​»​។

លោក អ៊ាង ម៉េងលី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី បានឱ្យដឹងថា អាជ្ញាធរ​គួរតែ​សម្របសម្រួល​លើ​ទំនាស់​ដីធ្លី​នេះហើយ​ប្រសិនបើ​ពលរដ្ឋ​ពិតជា​មាន​ផ្នូរ​កប់​សព​មែន គួរតែ​ដោះស្រាយ​ជូន​ភាគី​ទាំង​ ២ ឱ្យបាន​យុត្តិធម៌​។

លោក ម៉េងលី ថ្លែងថា​៖ «​ដូច​យើង​ដឹង​ហើយ​ថា នៅ​ខេត្ត​មណ្ឌលគិរី ភាគច្រើន​គឺជា​ជនជាតិ​ដើម​ភាគតិច ហើយ​ពួកគាត់​គោរព​ប្រពៃណី និង​សាសនា​របស់គាត់​។ អ៊ីចឹង! អាជ្ញាធរ​គួរតែ​ផ្ដោត​សំខាន់​លើ​រឿង​ហ្នឹង ដើម្បី​កុំឱ្យ​បាត់បង់​ប្រពៃណី និង​សាសនា​ជនជាតិ​ដើម​ភាគតិច ដែល​ពួកគាត់​អនុវត្ត​តាំងពី​យូរណាស់​មក​ហើយ​»៕