ភ្នំពេញៈ ខណៈ​ដែល​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩​ដែល​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជនជាតិដើម​ភាគតិច​ជាង ៤៧៦ ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ប្រទេស​កម្ពុជា​បាន​លើកឡើង​ពី​ក្តីបារម្ភ​នៃ​ការបន្ត​កាប់​រុករាន​ដុតបំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ​។

យោងតាម​សារលិខិត​របស់​លោក​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ António Guterres ក្នុង​ខួប​លើក​ទី​ ២៦ នៃ​ទិវា​ជនជាតិដើម​ភាគតិច​ពិភពលោក ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៩ ខែ សីហា ឆ្នាំ​ ២០២០ បាន​សរសេរ​ថា តាមរយៈ​ប្រវត្ដិសាស្ដ្រ​ជនជាតិ​ដើម​ភាគតិច​បាន​ស្លាប់​យ៉ាងអាណោចអាធ័ម ដោយសារ​ជំងឺ​ដែល​នាំ​ពី​កន្លែង​ផ្សេងៗ​ដល់​ពួកគេ ដែល​គ្មាន​ប្រព័ន្ធ​ភាពស៊ាំ​។

វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​នានា​ក្នុង​ការដាក់​បញ្ចូល​ប្រភពធនធាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ជនជាតិ​ដើម​ភាគតិច និង​គោរព​សិទ្ធិ​នៃ​ការចូលរួម​ចំណែក​របស់​ពួកគេ និង​សិទ្ធិ​ជំទាស់​ទៅ​នឹង​អ្វីមួយ​ដែល​ពួកគេ​មិនអាច​ទទួល​យក​បាន​។

លោក António Guterres បាន​បញ្ជាក់ថា​៖ «​ការយល់ដឹង​អំពី​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច​មាន​ន័យថា ការធានា​ឲ្យ​មាន​ការដាក់​បញ្ចូល​ធាតុ​ផ្សំ​របស់​ពួកគេ និង​ការចូលរួម​របស់​ពួកគេ​នៅក្នុង​យុទ្ធសាស្ត្រ​ឆ្លើយតប និង​ការងើបឡើង​វិញ​នៃ​ជំងឺ​រាតត្បាត​កូវីដ ​១៩​។ ជនជាតិដើម​ភាគតិច​ត្រូវតែ​ទទួល​បាន​ការប្រឹក្សា​យោបល់​ និង​ការព្យាបាល​យ៉ាង​ពេញទំហឹង​ដើម្បី​ជាសះស្បើយ​ពី​ជំងឺ​»​។

តាំងពី​ដើម​ដំបូង​នៃ​ជំងឺ​រាតត្បាត​ជាសកល ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​និង​កំពុង​ធ្វើការ​ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ពង្រឹង​ភាព​ធន់​របស់​ជនជាតិ​ដើម​ភាគតិច​។ ជាមួយ​គ្នា​នេះ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ចេញ​នូវ​ប្រធានបទ​ស្តីពី​ «​នវានុវត្តន៍ ដើម្បី​អនាគត​បៃតង និង​ភាពធន់​របស់​ជនជាតិ​ដើម​ភាគតិច​ទៅ​នឹង​ជំងឺ​កូវីដ​ ១៩» សម្រាប់​ខួប​លើក​ទី​២៦ ​នៃ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​ឆ្នាំ​ ២០២០​។

លោក ប្រង់ ណុប ប្រធាន​សហគមន៍​ជនជាតិដើម​ភាគតិច​ថ្មូន​ក្នុង​ឃុំរយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការកាប់​ដុតរុករាន​ដីព្រៃ​ដើម្បី​វាត​យក​ដី​ដោយ​ខុសច្បាប់ គឺជា​បញ្ហា​ប្រឈម​ធំ​មួយ ដែល​នាំ​មក​នូវ​ជំងឺ​រាតត្បាត​ផ្សេងៗ និង​កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​ពឹង​អាស្រ័យ​ទៅ​លើ​ព្រៃឈើ​។

លោក​ថា​៖ «​ព្រៃឈើ​គឺជា ជង្រុក​នៃ​ស្បៀងអាហារ​ និង​ឱសថ ដូច្នេះ​ហើយ​ទើប​ជនជាតិ​ដើម​ភាគតិច​យើង​ខ្ញុំ​ប្រឹងប្រែង​ការពារ​ធនធាន​ធម្មជាតិ ព្រៃឈើ និង​បរិស្ថាន​»​។

លោក​ថ្លែងថា​៖ «​ថ្វីដ្បិតតែ​ជំងឺ​រាតត្បាត​កូវីដ​១៩ នៅ​មិនទាន់​កើតមាន​ក្នុង​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច​យើងខ្ញុំ ប៉ុន្តែ​ (​ការកាប់​បំផ្លាញ​ព្រៃឈើ​) ​វា​បាន​ជះឥទ្ធិពល​អាក្រក់​មកលើ​សហគមន៍​យើង ព្រោះ​មាន​ក្រុម​ជនខិលខូច​មួយ​ចំនួន​បាន​លួច​ធ្វើ​សកម្មភាព​ចូល​កាប់​ដើមឈើ និង បរបាញ់​សត្វព្រៃ​ដោយ​ខុសច្បាប់​នៅក្នុង​ព្រៃ​សហគមន៍​របស់​ពួកយើង​»​។

ក្នុងប្រទេស​កម្ពុជា​ជនជាតិ​ដើម​ភាគតិច​មាន​រស់នៅក្នុង​ខេត្ត​ចំនួន​ ១៥ នៅ​ភាគ​ឦសាន ឧត្តរ ពាយព្យ និរតី និង ភូមិភាគ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​ (NGO Forum) ​ដែល​បាន​ចូលរួម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​បាន​ប្ដេជ្ញាចិត្ត​បន្ត​គាំទ្រ​គណៈកម្មការ​សហគមន៍​ជនជាតិដើម​ភាគតិច ជាពិសេស​សហគមន៍​ដែល​បាន​ចុះបញ្ជី​ទទួល​ដី​សមូហភាព​ជនជាតិដើម​ភាគតិច​ក្នុង​ការកែលម្អ​ជីវភាព សុខុមាលភាព​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​។

លោក​លើកឡើង​ថា កន្លង​មក​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចូលរួម​សម្របសម្រួល​ និង​ជំរុញ​ឲ្យ​មាន​ការបង្កើត​សម្ព័ន្ធ​ជនជាតិ​ដើម​ភាគតិច តាមរយៈ​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​សហគមន៍​ជនជាតិដើម​ភាគតិច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​សហគមន៍​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។

លោក​ថា​៖ «​យើង​នឹង​បន្ត​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​ការថែរក្សា​វប្បធម៌ ប្រពៃណី ភាសា​ស្នាដៃ កេរដំណែល ផ្សេងៗ​របស់​ជនជាតិ​ដើម​ភាគតិច​តាមរយៈ​ការបង្កើត​មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​។ ជាពិសេស យើង​នឹង​បន្ត​គាំទ្រ​ការអនុវត្ត​គម្រោង​ការពារ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ដើម្បី​ជា​ប្រយោជន៍​សង្គម និង​បរិស្ថាន​តាមរយៈ​ការលើកកម្ពស់​ការចូលរួម​ជាមួយ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ក្នុង​ដំណើរការ​កំណត់​តំបន់​គ្រប់គ្រង​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​សំដៅ​លើកកម្ពស់​ជីវភាព​របស់​ជនជាតិដើម​ភាគតិច​»​។

លោក វណ្ណារ៉ា បន្ត​ថា ខណៈ​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​រាតត្បាត​នៅ​ទូទាំង​ពិភពលោក ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ក្រុមគ្រួសារ និង​សង្គមជាតិ​ចាំបាច់​ត្រូវ​អនុវត្តតាម​ស្តង់ដា​អនាម័យ និង​វិធានការ​នានា​ដែល​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ​៕