មណ្ឌុលគិរីៈ ជនជាតិដើមភាគតិចព្នងចំនួន ១០ នាក់ ត្រូវបានសមត្ថកិច្ចស្រុក កែវសីមា ឃាត់ខ្លួនយកទៅសួរនាំ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ខណៈពួកគេកំពុងជិះរថយន្តឡើងមកភ្នំពេញ ដើម្បីដាក់លិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នពាក់ព័ន្ធ រឿងអាជ្ញាធរមូលដ្ឋានកាត់ដីនៅទីសក្ការៈ ភ្នំដោះក្រមុំ ឲ្យពលរដ្ឋ ១១ គ្រួសារ។
លោក យុន ឡូរ៉ង អ្នកសម្របសម្រួលលេខាធិការដ្ឋានអង្គការ សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជាបានឲ្យដឹងថា អាជ្ញាធរក្រុង និងខេត្ត រួមនឹងគណៈកម្មការមជ្ឈមណ្ឌលវប្បធម៌ជនជាតិភ្នំ ដោះក្រមុំ មួយចំនួន បានកាត់ដីភ្នំ ដោះក្រមុំ ប្រមាណជា ២ ៧៥០ ម៉ែត្រក្រឡាឲ្យពលរដ្ឋ ១១ គ្រួសារ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
លោកបន្ថែមថា សហគមន៍បានដឹងនាពេលថ្មីៗនេះ និងមានការកើតទុក្ខមិនសុខចិត្ត ក៏បានសម្រេចនាំគ្នាធ្វើដំណើរមកភ្នំពេញ ដើម្បីយកលិខិតទៅដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងស្ថាប័នថ្នាក់ជាតិមួយចំនួនទៀត។ ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រុកកែវសីមាឃាត់រថយន្ត យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុក។
លោក ឡូរ៉ង់ បញ្ជាក់ថា៖ «តំណាងម្នាក់ក្នុងចំណោម ១០ នាក់គឺលោកស្រី ភារម្យ បានប្រាប់មកថា សមត្ថកិច្ចបានឃាត់និងនាំពួកគាត់ទៅអធិការដ្ឋាននគរបាលស្រុក កែវសីមា ហើយមានការដកហូតមិនឲ្យប្រើទូរស័ព្ទ»។
លោកបន្តថា ក្រោយមកលោកក៏មិនអាចទាក់ទងពួកគេបានទៀតនោះដែរ។
កាលពីខែធ្នូ ឆ្នាំ ២០១៦ កន្លងមក រដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា ថ្លែងថា អាជ្ញាធរខេត្ត រួមនឹងតំណាងសហគមន៍បានជួបពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាចំនួន ៤ នៅភ្នំដោះក្រមុំ។ ក្នុងនោះអង្គប្រជុំបានសម្រេចមិនដោះស្រាយឲ្យពលរដ្ឋដែលទាមទារដីទាំង ១១ គ្រួសារនោះទេ ដោយសារតែ «ពុំមានភាពច្បាស់លាស់ និងគ្មានផ្ទះសំបែង នៅក្នុងដីដែលទាមទារនេះឡើយ»។
ប៉ុន្តែតំណាងពលរដ្ឋ ១១គ្រួសារ លោក ង៉ែត ផាន់ បានដាក់លិខិតបដិសេធការសម្រេចនេះ និងសុំអន្តរាគមន៍ទៅក្រសួង វប្បធម៌ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៨ និងនៅខែ មេសា កន្លងមក ក៏មានការសម្រេចកាត់ដីនោះឲ្យពលរដ្ឋ ១១ គ្រួសារ ដែលមកពីខេត្តផ្សេង។ ក្នុងនោះមួយគ្រួសារបានដីទំហំ ៥ ម៉ែត្រ គុណនឹង ៥០ ម៉ែត្រ។
លោក ក្រើន តុលា ជាតំណាងពលរដ្ឋក្នុងចំណោម ១០ នាក់បានឲ្យដឹងថា លោកត្រូវបាននគរបាលសណ្តាប់ធ្នាប់ពីស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ និងសួរនាំអស់រយៈពេលជាង ១ ម៉ោងមុនពេលអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
លោកថា នគរបាល ចង់ឲ្យពលរដ្ឋដោះស្រាយបញ្ហានេះនៅថ្នាក់ខេត្តជាមុនសិន ប៉ុន្តែ ពួកលោកមិនមានជំនឿថា ខេត្តនឹងដោះស្រាយបាននោះទេ ក្រោយពីដាក់លិខិតបដិសេធលើការសម្រេចកាត់ដីនោះ។
លោក តុលា និយាយថា៖«ដីហ្នឹងជាដីទ្រព្យសម្បត្តិរបស់រដ្ឋ ជាដីអារក្សទីសក្ការៈបូជារបស់រួមទាំងអស់គ្នា។ មិនមែនជារបស់ខ្ញុំតែម្នាក់ឯងទេ»។
លោកបន្តថា ពួកលោកសុខចិត្តមិនបន្តដំណើរតាមការណែនាំរបស់សមត្ថកិច្ច ហើយប្រសិនបើគ្មានដំណោះស្រាយទេ នោះនឹងយកលិខិតទៅដាក់នៅថ្នាក់ជាតិនៅពេលឆាប់ៗខាងមុខ។
លោក ស៊ុន ប៊ុនធឿន អធិការនគរបាលស្រុក កែវសីមា បានថ្លែងថា សមត្ថកិច្ចគ្រាន់តែចង់ណែនាំពលរដ្ឋជាធម្មតា ដោយគ្មានការដាក់ទោសទណ្ឌអីនោះទេ ដោយគ្រាន់តែចង់ឲ្យមានការឆ្លងកាត់ការដោះស្រាយពីអាជ្ញាធរថ្នាក់មូលដ្ឋានសិន ហើយក៏ឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
លោកឡុង វិបុល អភិបាលក្រុងសែនមនោរម្យបានឲ្យដឹងថា អាជ្ញាធរដោះស្រាយទំនាស់ ថ្នាក់ខេត្ត បានសម្រេចកាត់ដីនោះ ឲ្យពលរដ្ឋទាំង ១១ គ្រួសារ គឺដើម្បីសម្រាលការលំបាកដល់ពួកគាត់ ព្រោះថា ពួកគាត់ក៏ជាជនរងគ្រោះដែរ។ លោកថា ពលរដ្ឋខ្លះបានចូលទៅកាប់រានដី ឬក៏បានទិញដីទីនោះដែរ។
លោកមានប្រសាសន៍ថា៖ «ទោះបីគាត់មានដីទំហំប៉ុនណា ក៏ដោយ ២០-៣០ ក៏កាត់ឲ្យគាត់តែក្បាល ៥ ម៉ែត្រ និងជម្រៅ ៥០ ម៉ែត្រដែរ ដើម្បីចែករំលែកការលំបាកដល់ពួកគាត់។ គាត់ជាអ្នកខាតបង់»។
លោកស្រី ថ្លឹក ភារម្យ ជាស្ត្រីម្នាក់ទៀតក្នុងចំណោមពលរដ្ឋទាំង ១០ នាក់នោះបានឲ្យដឹងថា ផ្ទៃដីភ្នំដោះក្រមុំពីមុនមានរហូតដល់ទៅ ១២០ ហិកតា តែនាពេលបច្ចុប្បន្ននេះ នៅសល់តែប្រហែលជា ៨០ ហិកតាតែប៉ុណ្ណោះ ដោយសារតែមានការទន្ទ្រានយក និងដោយសារតែគ្មានការគ្រប់គ្រងច្បាស់លាស់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕