ព្រះវិហារៈ សមា​ជិក​សហ​គម​ន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន​៤នាក់​បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​សាលា​ដំបូង​ខេត្ត​ព្រះ​វិហារ​កាល​ពី​ថ្ងៃ​ម្សិលមិញ ​ជុំវិញបទ​ចោទ​ប្រកាន់​ពី​បទ​ចាប់​ឃុំឃាំង​ និង​បង្ខាំ​ង​ដោយ​ខុស​ច្បាប់​ ​ក្រោយ​ពី​ពលរដ្ឋ​មួយ​ចំ​នួន​បាន​នាំគ្នា​ចុះ​ទៅ​រារាំង​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​ចិន​ចំនួន ២ គ្រឿង​ ​ដែល​ធ្វើ​សកម្ម​ភាព​ឈូស​ដី​ស្រែ​របស់​ពួក​គាត់។​ អ្នក​ទាំង​ ៤ នាក់ មាន​ឈ្មោះ​ ​ផូ​ ​ភេទ​, ​ណ​ម​ ​ថុល, ​ផុន​ រុំ​ ​និង​ឈ្មោះ​ ប៉ាវ សែវ។ ​

នៅ​ក្នុង​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​ចៅ​ក្រម​ស៊ើប​សួរ​របស់​តុលា​ការ​ខេត្ត​ព្រះ​វិហារ​ឈ្មោះ​ជៀន ស្រស់​ ​ចុះ​កាល​ពី​ថ្ងៃ​ទី​ ២៦​ ​ខែ​ កុម្ភៈ ​ឆ្នាំ​ ២​០១៩​ គឺ​បាន​ដាក់​​មនុស្ស​ចំនួន ​៨ ​នាក់​ ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ពិនិត្យ​ពីបទ​ល្មើស​ព្រហ្ម​ទណ្ឌ​ជុំវិញ​ការ​​ចាប់​ឃុំឃាំង​ និង​ការ​បង្ខាំង​ដោយ​ខុស​ច្បាប់​ ​និង​ម្នាក់​ទៀត​ជា​បុគ្គលិក​អង្គការ​ពន្លក​ខ្មែរ​ ​ពី​បទ​សមគំនិត​ ​ដែល​ប្រព្រឹត្ត​ឡើង​នៅ​ភូមិ​បុស្ស​ធំ​ ​ឃុំ​ប្រមេរុ​ ​ស្រុក​ត្បែង​មាន​ជ័យ​ ​កាល​ពី​ឆ្នាំ​ ២០១៤​ កន្លង​ទៅ​។​ ក្នុង​ចំណោម​មនុស្ស​ទាំង​ ៩ នាក់​នេះ ​គឺ​មាន​ ៤ នា​ក់​ ​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​ ២៧​ ​ខែ មីនា ​ម្សិល​មិញ និង​ ៣ នាក់​នៅ​ថ្ងៃទី​ ២៨ ​មីនា​នេះ ​ហើយ ​២​ នាក់​ទៀត​ ​នឹង​ត្រូវ​ចូល​បំភ្លឺ​ នៅ​ថ្ងៃទី​​ ២៩​ ​មីនា។

លោក ​ឡូត ​សាំង ​សមាជិក​សហគមន៍​ជន​ជា​តិ​ដើម​បាន​ប្រាប់​កាសែត​ភ្នំពេញ​ ប៉ុស្ដិ៍​ម្សិល​មិញ​ថា ​ពល​រដ្ឋ​​ប្រហែល​ ៦០ ​នាក់​មក​ពី​ឃុំ​ប្រមេរុ​​ ស្រុក​ត្បែង​មាន​ជ័យ ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​កាន់​តុលា​ការ​ខេត្ត​ព្រះវិ​ហារ​ផង​ដែរ​ ដើម្បី​បង្ហាញ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ទៅ​ដ​ល់​យុវជន​ទាំង​ ៤ ​នាក់​ ​ដែល​ត្រូវ​ចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ​នោះ។​

​លោក​ ​សាំង​ បាន​អះ​អាង​ថា​ មូលហេតុ​ដែល​ចៅ​ក្រម​ស៊ើប​សួរ​ឈ្មោះ ​ជៀន​ ​ស្រស់ ​ចេញ​ដីកា​បញ្ជា​ឱ្យ​យុវជន​ទាំង​ ៤ នាក់ ​ចូល​បំភ្លឺ​ក្នុង​តុលា​ការ​ ​គឺ​ដោយ​សារ​កាល​ពី​ឆ្នាំ ​២០១៤ ​កន្លង​ទៅ​ ​ប្រជា​ពល​រដ្ឋ​រាប់រយ​គ្រួសារ​នៅ​ឃុំ​ប្រមេរ​ ​បាន​លើក​គ្នា​ទៅ​ឃាត់​សកម្មភាព​ឈូស​ឆាយ​ដី​ស្រែ​ចម្ការ​ពី​សំណាក់​ក្រុម​ហ៊ុន​ដាំ​ស្ករ​អំពៅ​របស់​ជន​ជាតិ​ចិន​ឈ្មោះ ​ហេង​ ​ហ្វ៊ូ ​និង​បាន​យក​គ្រឿង​ចក្រ​នោះ​ទៅ​ទុក​នៅ​សាលា​ឃុំ​ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ឬ​បំផ្លាញ​គ្រឿង​ចក្រ​នោះ​ឡើយ ​ក្រោយ​មក​ខាង​ក្រុម​ហ៊ុន​ក៏​បាន​យក​គ្រឿង​ចក្រ​របស់​ខ្លួន​ទៅ​វិញ​ដែរ​កាល​ពី​ឆ្នាំ​២០១៤។​

​លោក​ សាំង​ ថ្លែង​ថា​៖​ ​«​ខ្ញុំ​យល់​ឃើញ​ថាគឺ​ជា​រឿង​អយុត្តិ​ធម៌​ ​ជា​ពិសេ​ស​សម្រាប់​សហ​គម​ន៍​ជន​ជាតិ​ដើម​ភាគតិច ​និង​បុគ្គ​លិក​អង្គការ​ផ្នែក​សិទ្ធិ​មនុស្ស​ ​ដែល​ពួក​គាត់​ការពារ​ដីធ្លី​របស់​ខ្លួន​ឯង​ ​តែ​បែរ​ជា​ជាប់​ពាក្យ​បណ្ដឹង​ពី​ក្រុម​ហ៊ុន​ ​ក្នុង​ការ​ឃាត់​អា​ត្រាក់​របស់​ពួក​គេ​នៅ​លើដី​ខ្លួន​ឯង​ទៅ​វិញ។​ ​ប៉ុន្តែ​កន្លង​មក ​សហ​គមន៍​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង​ក្រុមហ៊ុន​ពី​ការ​ឈូស​ឆាយ​ ​តែ​តុលា​ការ​អត់​ចាត់​វិធាន​ការ​ដោះ​ស្រាយ​ទេ ​ប៉ុន្តែ​បើ​ក្រុម​ហ៊ុន​ឬ​អាជ្ញា​ធរ​ប្ដឹង​សហ​គមន៍​ ​គឺ​តុលាការ​ដោះស្រាយ​លឿន»។​

លោក​ស្រី ​រឿង​ ​ខាន់​ ​អនុ​ប្រធាន​សហគមន៍​ជនជា​តិ​ដើម​ភាគ​តិច​នៅ​ឃុំ​ប្រមេរុ​ បាន​សំណូម​ពរ​ឱ្យ​តុលា​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មក​លើ​សមា​ជិក​របស់​ស​ហគ​មន៍​៨នា​ក់​និង​មន្ត្រី​អង្គ​ការ​ម្នាក់​ ព្រោះ​ដី​ក៏​គេ​យក​អស់ ​ហើយ​ខ្លួន​ក៏​ជាប់​ចោទ​យ៉ាង​ហ្នឹង​ទៀត​ ​គឺ​វា​មិន​សម​ហេតុផល​អី​បន្តិច។​

លោក​ស្រី ​ជុំ​ ក​ន្និ​យ៉ា ​អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​ព្រះវិហារ​បាន​​ឆ្លើយ​តប​ដោយ​​មិន​អាច​បក​ស្រាយ​យ៉ាង​ណា​ឡើយ​ ​ដោយ​សារ​មិន​បាន​ដឹង​រឿង​នេះ​ស៊ីជម្រៅ។​

លោកឡូត ​សាំ​ង​ អះ​អាង​ថា​​ បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​សម្រេច​ផ្ដល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ជាង​ ៤ ម៉ឺន​ហិក​តា​ស្ថិត​ក្នុង​ស្រុក​ចំនួន ​៣ ​គឺ​ស្រុក​ឆែប​ ​ស្រុក​ជ័យ​សែន​ ​និង​ត្បែង​មាន​ជ័យ ដែល​មាន​រយៈ​ពេល​ ៩៩ ឆ្នាំ​ ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ ​ហេង​ ​ហ្វ៊ូ ​ដើម្បី​វិនិ​យោគ​ដាំ​ស្ករ​អំពៅ​មក​ គឺ​ក្រុម​ហ៊ុន​នេះ​តែង​ឈូស​ឆាយ​រំលោភ​លើដី​ស្រែ​របស់​ពល​រដ្ឋ​ និង​ជា​មូល​ហេតុ​នាំ​ពលរដ្ឋ​ជា​ជន​ជាតិ​ដើម​នៅ​ក្នុង​ឃុំ​ប្រមេរុ​ប្រហែល​ ៥០០ ​គ្រួសារ​ ​លើក​គ្នា​តវ៉ា​ជា​បន្ត​បន្ទាប់​តាំង​ពី​ឆ្នាំ​ ២០១១ ​មក​ ​រួម​ទាំង​ការ​ចុះ​ទៅ​​រារាំង​សកម្ម​ភាព​ឈូស​ឆាយ​ផ្ទាល់​ជាដើម។

កត្តា​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ចិន​នេះ​ ឈូស​ឆាយ​លើ​ដី​ស្រែ​ពល​រដ្ឋ​ គឺ​ដោយ​សារ​មុន​មាន​ការ​ផ្ដល់​ដី​សម្ប​ទាន​សេដ្ឋកិច្ច​ ​គឺ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​មិន​បាន​ចុះ​សិក្សា​ជា​មុន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «គឺ​ជា​កំហុស​របស់​អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​ ដោយ​សារ​តែ​ដំបូ​ង​ឡើយ​ ​អាជ្ញា​ធរ​ខេត្ត​មិន​បាន​ធ្វើការ​សិក្សា​មុន​សម្រេច​ផ្ដល់​ដីស​ម្ប​ទានទាំង​នោះ​ទៅ​ក្រុម​ហ៊ុន​ចិន​ឡើយ»។​

​លោក​ ​គង់​ ​សោ​ភ័​ណ្ឌ ​អភិ​បាល​ស្រុក​ត្បែង​មាន​ជ័យ​បញ្ជាក់​ថា​ពល​រដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចិន​ ​គឺ​លោក​បាន​ជួយ​ដោះ​ស្រាយ​​ជូន​ពលរដ្ឋ​ទាំង​នោះ​ស្ទើរ​តែ​គ្រប់​គ្រួសារ​អស់​ទៅ​ហើយ។

លោក​​ថា៖ «ខ្ញុំ​ដោះស្រាយ​ជូន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន​ចប់​រួច​អស់​ហើយ»៕​