មណ្ឌលគិរីៈ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៩ ​នាក់​ ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ម្សិលមិញ​បាន​ចូលរួម​ក្នុង​សវនាការ​នៅ​តុលាការ​ណង់ទែរ​ (the Tribunal of Nanterre) ​ប្រទេស​បារាំង បន្ទាប់ពី​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​ដ៏ធំ​មួយ​របស់​បារាំង​ឈ្មោះ​ Bollore ទៅ​តុលាការ​នេះ​កាលពី​ឆ្នាំ​មុន ក្រោយ​រងគ្រោះ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​នេះ​។

កាលពី​ខែ​មករា​តុលាការ​នៃ​ទីក្រុង​ប៉ារីស​បាន​អញ្ជើញ​តំណាង​ទាំង​ ៩ ​នាក់​ ដែល​បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​ក្រុមហ៊ុន​នេះ​តាមរយៈ​មេធាវី​ឲ្យ​ចូលរួម​សវនាការ​បឋម​នៅ​តុលាការ​ណង់ទែរ​​នៅ​ដើម​ខែ​កុម្ភៈ​។ ប៉ុន្តែ​ពួកគេ​បាន​ខកខាន ដោយសារ​តែ​ពុំ​ទទួល​បាន​ទិដ្ឋាការ​ពី​ស្ថានទូត​បារាំង​នៅ​កម្ពុជា​។

ជាថ្មី​ម្តង​ទៀត​តុលាការ​ប្រទេស​នេះ​ក៏​បាន​កំណត់​យក​ថ្ងៃ​អង្គារ​ (​ថ្ងៃទី​ ១ ​តុលា​)​ បើក​សវនាការ​ជាថ្មី​ដើម្បី​ពិនិត្យ​ថា​តើ​ខ្លួន​អាច​មាន​យុត្តាធិការ​លើ​សំណុំ​រឿងនេះ​ឬ​យ៉ាង​ណា​?

លោក គ្រើង តុលា តំណាង​សហគមន៍​ឃុំ​ប៊ូស្រា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​ប្រព័ន្ធ​ឆាត​ពី​ប្រទេស​បារាំង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ ៩ ​នាក់ ​រួមទាំង​រូបលោក​ផង​បាន​មក​ដល់​ប្រទេស​ បារាំង​ហើយ​ដើម្បី​ចូលរួម​សវនាការ ។

លោក​បន្ត​ថា​ការបើក​សវនាការ​នេះ​គឺ​លើ​សំណុំរឿង​ដែល​ជនជាតិ​ដើម​ភាគតិច​ព្នង​ប្រមាណ​ ១០០ ​នាក់​ មកពី ៧ ​ភូមិ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​បាន​ប្តឹង​ក្រុមហ៊ុន​បារាំង​ឈ្មោះ Bollore ដែល​បាន​ផ្តល់​ទុន​ដល់​ក្រុមហ៊ុន Socfin-KCD ឲ្យ​អភិវឌ្ឍ​ចម្ការកៅស៊ូ​ក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ឆ្នាំ ២០០៨​។

លោក​បញ្ជាក់​ថា​៖ «​ការរំពឹង​ទុក​របស់​​ពួក​ខ្ញុំ​គឺ​ខ្ញុំ​ជឿជាក់​ថា តុលាការ​បារាំង​នឹង​រក​យុត្តិធម៌​ជូន ព្រោះ​យើង​មាន​ភ័ស្តុតាង​ជាច្រើន​ជាមួយ​នឹង​មេធាវី​របស់​យើង ហើយ​ពួកយើង​មាន​អំណះអំណាង​ជាក់លាក់​ក្នុង​ការតតាំង​ក្តី​»​។

លោក គ្រើង តុលា បាន​ប្រាប់​ដែរ​ថា ការសម្រេច​ប្ដឹង​មក​តុលាការ​បារាំង​នេះ​ក៏​ព្រោះ​តែ​បាន​ឆ្លងកាត់​គ្រប់​យន្តការ​នៅ​កម្ពុជា ប៉ុន្តែ​មិន​មាន​ចំណាត់ការ​ណាមួយ​អាច​ទទួល​យក​បានទេ​។

តាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ (CCHR)​ ​កាលពី​ឆ្នាំ​ ២០១៨ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ជាង​ ៨០០ ​គ្រួសារ​ បាន​រង​ផលប៉ះពាល់​ដោយសារ​ក្រុមហ៊ុន Socfin-KCD ដែល​ភាគច្រើន​ជា​ជនជាតិ​ព្នង​ក្នុង​នោះ​ ៦៤០ គ្រួសារ​ ពាក់ព័ន្ធ​ក្នុង​ដំណើរការ​វិវាទ​ដីធ្លី បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដាំ​កៅស៊ូ​ និង​​ដំណាំ​ផ្សេងទៀត​លើ​ផ្ទៃដី ២ ៣៨៦ ហិកតា រយៈពេល​ ៧០ ​ឆ្នាំ​។ ប៉ុន្តែ​អាជ្ញាធរ​ធ្លាប់បាន​អះអាង​ថា ជម្លោះ​នេះ​ត្រូវ​បាន​ដោះស្រាយ​រួចហើយ​។

ក្រុមហ៊ុន Bollore មិនអាច​ស្វែងរក​ប្រភព​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ កាលពី​ម្សិលមិញ​។ ប៉ុន្តែ​បើតាម​សេចក្តីប្រកាស​របស់​ជន​ជាតិ​ដើម​ភាគតិច​ពេល​កន្លងមក ខណៈ​មេធាវី​តំណាង​ពួកគេ​ដាក់​បណ្តឹង​នៅ​តុលាការ​បារាំង​គឺ​ក្រុមហ៊ុន Bollore នេះ​​បាន​អះអាង​ថា ខ្លួន​ពុំ​ធ្លាប់​ស្គាល់​មនុស្ស​ដែល​ប្ដឹង​នៅ​តុលាការ​បារាំង​នេះ​ទេ​។

លោក វណ្ណ ​សុផាត ​អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច​ CCHR ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការដែល​ជនជាតិ​ដើម​ទាំងនេះ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បារាំង​នេះ ក៏​ព្រោះ​​តែ​មិនមាន​ចំណាត់ការ​ណាមួយ​នៅក្នុង​ប្រទេស ខណៈ​ជម្លោះ និង​ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​យូរ​មកហើយ​។

លោក​សង្ឃឹម​ថា​តុលាការ​នេះ​នឹង​ទទួល​យក​សំណុំ​រឿងនេះ​ដើម្បី​វិនិច្ឆ័យ​រកខុស​រកត្រូវ​ និង​ជួយ​រក​យុត្តិធម៌​ជូន​​ជនរងគ្រោះ ខណៈ​ពេល​នេះ​នៅ​មិនទាន់​ច្បាស់​ថា​តុលាការ​នេះ​នឹង​បន្ត​នីតិវិធី​បែប​ណា​ទៀត​នៅពេល​បញ្ចប់​សវនាការ​លើក​នេះ ព្រោះ​សវនាការ​លើក​នេះ​គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ដើម្បី​វិនិច្ឆ័យ​ឲ្យ​ដឹងថា សំណុំ​រឿងនេះ​តុលាការ​អាច​មាន​សមត្ថកិច្ច​ដែរឬទេ​? បើ​តាម​ច្បាប់​បារាំង​។

លោក​ថា​៖ «​យើង​ពិនិត្យ​មើល​ទៅ ប្រសិន​បើ​តុលាការ​នៃ​ប្រទេស​នេះ ពិតជា​រក​យុត្តិធម៌​ឲ្យ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ហ្នឹង អាហ្នឹង​ច្បាស់​ជា​គាត់​ចេញ​ដីកា​បញ្ជា​ឲ្យ​ភាគី​ក្រុមហ៊ុន​ស្វែងរក​ដំណោះស្រាយ​ទៅ​តាម​ច្បាប់ និង​នីតិវិធី​របស់​ប្រទេស​នេះ​ការដែល​មាន​ការរំលោភបំពាន​បែប​នេះ​គឺ​នឹង​មាន​ការសង​សំណង​លើ​ការបាត់បង់​របស់​គាត់​ទាំង​ពេលវេលា និង​ថវិកា​កន្លងមក​»​។

លោក មាស ប្រុស អ្នកនាំពាក្យ​តុលាការខេត្ត​មណ្ឌលគិរី​បាន​ថ្លែងថា​លោក​សុំ​ពេល​ពិនិត្យ​សំណុំរឿង​ឡើងវិញ​សិន ព្រោះ​ករណី​នេះ​បានកើត​យូរ​មកហើយ ដូច្នេះ​លោក​មិនអាច​ផ្តល់​អ្វី​​បាន​ច្រើន​នោះទេ​។ ​លោក​បញ្ជាក់ថា​៖ «​មុន​នឹង​ក្រុមហ៊ុន​ដាក់​ការវិនិយោគ​ធ្វើ​អ្វី​មួយ​គឺ​សុទ្ធ​តែ​មាន​ការអនុញ្ញាត​ពី​​រដ្ឋាភិបាល​។ ដល់​ពេល​ជនជាតិដើម​ភាគតិច គាត់​មាន​ដីណា​កេរ​ដូនតា​គាត់ ខ្ញុំ​មិនដឹង​ទេ​...»​។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ទេ ដោយសារ​ទូរស័ព្ទ​លោក​មិនមាន​អ្នក​ទទួល​កាលពី​ម្សិលមិញ​៕