The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជនជាតិ​ថៃ​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន

ជនជាតិ​ថៃ​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន

Content image - Phnom Penh Post
ជនជាតិ​ថៃ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ករណី​ជួញ​ថ្នាំញៀន​។ រូបថត អាវុធហត្ថ

ជនជាតិ​ថៃ​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន

បន្ទាយមានជ័យៈ ពលរដ្ឋ​ថៃ​ ៣ ​នាក់​ត្រូវ​បាន​មន្ត្រី​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការរក្សាទុក និង​ជួញដូរ​គ្រឿងញៀន​។ នេះ​បើ​តាម​លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កាលពី​ម្សិលមិញ​។

លោក នួន នីណារ៉ូ បាន​ថ្លែង​ថា​កាលពី​ថ្ងៃ​ចន្ទ​សមត្ថកិច្ច​លោក​បាន​ឆ្មក់​ចូល​ក្នុង​កាស៊ីណូ​ប៉ោយប៉ែត​រីសត ​ក្នុង​ភូមិ​ក្បាល​ស្ពាន​ ១ ​សង្កាត់-ក្រុង​ ប៉ោយប៉ែត​​ ដោយ​បាន​ចាប់​ខ្លួន​បុរស-ស្ត្រី​ជនជាតិ​ថៃ​ ៣ ​នាក់ និង​រឹបអូស​វត្ថុតាង​ថ្នាំ​មេតំហ្វេតាមីន​ ២០ ​គ្រាប់ និង​អៃស៍មេ​តំហ្វេតាមីន​ ៣ ​កញ្ចប់ ទម្ងន់​សរុប ​១២០ ​ក្រាម ម៉ាស៊ីន​ថ្លឹង​សារធាតុ​ញៀន​ ២ ​គ្រឿង និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

លោក​បាន​បន្ត​ថា​ជនសង្ស័យ​ទាំងនោះ​រួមមាន ឈ្មោះ សុរិយ៉ាន់ ប៉ានឆាឡាងគុន ភេទ​ប្រុស អាយុ​ ៤៨ ​ឆ្នាំ រស់​​នៅ​ខេត្ត​សាក់ស៊ើងសៅ​,​ឈ្មោះ វិមុតទិយ៉ា ផាសុខ ភេទ​ស្រី អាយុ​ ៣៧ ​ឆ្នាំ​រស់នៅ​ខេត្ត​អំណាត់ចារ៉ើន និង​ម្នាក់​ទៀត​ឈ្មោះ វ៉ាក់ ឈិឡាក់វិត ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុង​ពេល​កំពុង​ប្រព្រឹត្ត​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្ដែង​ក្នុង​បន្ទប់​កាស៊ីណូ​។ ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិត​ក្រោម​ការសាកសួរ និង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅក្នុង​ស្នាក់ការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​»​។

លោក មាស វីរិទ្ធ អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការបង្ក្រាប និង​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​គឺជា​កិច្ចការ​ចាំបាច់​បំផុត​​ដើម្បី​ភាព​រីកចម្រើន​នៃ​សង្គមជាតិ​។

លោក​ថា​៖ «​ដើម្បី​ធ្វើ​ឲ្យ​ជោគជ័យ​លើ​បញ្ហា​នេះ​គឺ​ទាមទារ​ឲ្យ​យើង​រួម​សហការ​ទប់ស្កាត់​ឲ្យ​បាន​នូវ​រាល់​បទល្មើស​គ្រឿងញៀន​គ្រប់​ទម្រង់​ទាំងអស់​ដូចជា ការរក្សាទុក ចរាចរណ៍​នាំ​ចូល ការផលិត និង​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន​ដោយ​ស្រាវជ្រាវ និង​កម្ទេច​ឲ្យ​អស់​នូវ​រចនាសម្ព័ន្ធ​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាជ្ញាធរ​ហាម​កប់​សព ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ

    បន្ទាយមានជ័យៈ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​ការ​សាងសង់​ផ្នូរ​កប់​សព ធ្វើ​ចេតិយ​ ឬ​ធ្វើ​ម៉ុង​នៅ​តាម​ជើងភ្នំ​ស្វាយ​ក្នុង​ក្រុង​សិរីសោភ័ណ​ទៀត​ឡើយ ដោយសារ​តែ​វា​ធ្វើឲ្យ​ខូច​ដល់​សោភណភាព​ភ្នំ​ធម្មជាតិ​ដែល​ជា​ទី​ទៅ​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ការសម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​សាលាខេត្ត​កាលពី​ថ្ងៃទី​ ១៤ ខែ​សីហា​ឆ្នាំ​ ២០១៨​។

  • ចិន​នឹង​បញ្ជូន​ក្រុម​អ្នកចរចា​ទៅ​អាមេរិក

    ក្រុងប៉េកាំងៈ ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចិន​នឹង​បញ្ជូន​អ្នកចរចា​ជាន់​ខ្ពស់​ទៅ​សហរដ្ឋអាមេរិក​នៅ​ចុង​ខែ​សីហា​នេះ ដើម្បី​បន្ត​ការចរចា​ពាណិជ្ជកម្ម​ឡើង​វិញ ដែល​ជា​កិច្ចប្រជុំ​សាធារណៈ​លើកដំបូង​ក្នុង​រយៈពេល​ជាច្រើន​សប្ដាហ៍​ទាក់ទង​នឹង​ប្រធានបទ​នេះ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​មាន សភាព​កាន់តែ​ខ្លាំង​ឡើង​។

  • បរទេស​ និង​ខ្មែរ​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

    ព្រះសីហនុៈ ជនបរទេស និង​ខ្មែរ​ចំនួន​ ៥៣ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​នៅក្នុង​សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​រង្គសាល​ស្កាយឡាញ​ ១ ​កន្លែង​។

  • CPP ការពារ​លទ្ធផល​បោះឆ្នោត ហើយ​ថា​រាល់​ការរិះគន់​គឺជា​ការប្រមាថ​ប្រជាជន​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ

    ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ជ័យជម្នះ​ក្ដោប​ក្ដាប់​យក​អាសនៈ​ទាំង​ ១២៥ នៅក្នុង​រដ្ឋសភា មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​បាន​ចេញ​មុខ​នៅ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ និង​អន្តរជាតិ​ដើម្បី​ការពារ​ជ័យជម្នះ​ដែល​ទទួល​បាន​ពី​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​កន្លង​មក​នេះ ហើយ​ក៏​បាន​វាយបក​ធ្ងន់ៗ​ប្រឆាំង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ខ្លះ និង​អតីត​គណបក្ស​ប្រឆាំង​ដែល​រិះគន់​ខ្លួន​ថា​បាន «​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​» ដល់​ឆន្ទៈ​ប្រជាជន​កម្ពុជា ហើយ «​ឧបាយកល​ដ៏ពិសពុល​» របស់​ពួកគេ​បាន​ទទួល​បរាជ័យ​ជា​អ្វី​ដែល​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង និង​អ្នកវិភាគ​ជំទាស់​។