បន្ទាយមានជ័យ៖ ជនជាតិ​ថៃ​ចំនួន ៧ នាក់ ដែល​ឆ្លង​ដែន​ចូល​កម្ពុជា​ដោយ​ខុស​ច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ម៉ាឡៃ មុន​បន្ត​នីតិវិធី​បញ្ជូន​ពួក​គេ​ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ។

លោក បេន សំអាត អធិការ​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា មក​ដល់​រសៀល​ថ្ងៃទី ២៧ ខែ​មេសា​នេះ ជនជាតិ​ថៃ​ទាំង ៧ នាក់ ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​មក​កម្ពុជា ហើយ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​កម្ពុជា​ចាប់​បាន​កាល​ពី​ថ្ងៃទី ២៦ ខែ​មេសា​នោះ កំពុង​ធ្វើ​ចត្តាឡីស័ក​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ម៉ាឡៃ។

លោក​ថ្លែង​ថា៖ «ពេល​ចប់​ចត្តាឡីស័ក យើង​នឹង​ធ្វើ​តាម​នីតិវិធី​របស់​យើង ដោយ​បញ្ជូន​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​អន្តោប្រវេសន៍​របស់​យើង ទាក់ទង​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​អន្តោប្រវេសន៍​របស់​ប្រទេស​ថៃ ដើម្បី​បញ្ជូន​ពួក​គាត់​ទាំង ៧ នាក់​ហ្នឹង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ» ។

តាម​ការ​ផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​មាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​សង្កែ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹងបេង​កម្លាំង​ផ្នែក​យោធា​សឹក​រង​ខេត្ត​បន្ទាយមានជ័យ និង​កម្លាំង​យោធាវរៈ ៥១១ បាន​ចុះ​ប្រតិបត្តិការ​ទប់​ស្កាត់​បាន​ជនជាតិ​ថៃ​ចំនួន ៧ នាក់ ក្នុង​នោះ​មាន​ស្រី ២ នាក់ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ វិញ។

លោក​ថ្លែង​ថា៖ «ជនជាតិ​ថៃ​ចំនួន ៧ នាក់ មក​ស្រុក​ខ្មែរ​គ្មាន​ឯកសារ​គ្រប់គ្រាន់​ហើយ បម្រុង​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ វិញ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឈរ​ជើង​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​ ៧ ព្រឹក ថ្ងៃទី ២៦ ខែ​មេសា នៅ​ចំណុច​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ»។

ក្រោយ​ពី​សមត្ថកិច្ច​សួរ​នាំ ជនជាតិ​ថៃ​ទាំង ៧ នាក់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពួក​គាត់​មក​ពី​ខេត្ត​ឈៀងរ៉ាយ ប្រទេស​ថៃ មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត​រយៈពេល ១ សប្តាហ៍​ហើយ ដើម្បី​ធ្វើ​ការងារ​បន្ទាប់​មក​ពួក​គេ​ចង់​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ ក៏​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តែ​ម្តង។

ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ ក៏​មាន​ពលករ​ខ្មែរ​ប្រុស-ស្រី ៩ នាក់ មក​ពី​ខេត្ត​សៀមរាប បម្រុង​លួច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​នៅ​វេលា​ម៉ោង ៧ យប់​ថ្ងៃទី ២៦ មេសា តាម​បន្ទាត់​ព្រំដែន​ក្នុង​ភូមិ​ល្បើក​ស្វាយ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក។

លោក ជា ឈ្លូញ អធិការ​នគរបាល​ស្រុក​ស្វាយ​ចេក​បាន​ប្រាប់​ថា កម្លាំង​នគរបាល​វរការពារ​ព្រំដែន​គោក បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្វាយចេក បាន​ឃាត់​ខ្លួន​ពលករ​ខ្មែរ​ប្រុស-ស្រី​ចំនួន ៩ នាក់ និង​ម៉ូតូ ២ គ្រឿង ដែល​អ្នក​ដឹក​ជញ្ជូន​បាន​រត់​គេច​ខ្លួន​បន្សល់​ទុក​តែ​ម៉ូតូ។

លោក​បញ្ជាក់​ថា៖ «ពលករ​ចំណាក​ស្រុក​ទាំង​ ៩ នាក់ (ស្រី ៧ នាក់) មក​ពី​ខេត្ត​សៀមរាប ហើយ​បម្រុង​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ តាមរយៈ​មេ​ខ្យល់ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​យើង​ឃាត់​ខ្លួន​បាន។ ឥឡូវ​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​ស្រុក​ស្វាយចេក។ ចំណែក​អ្នក​ដឹក​ជញ្ជូន ២ នាក់ រត់​គេច​ខ្លួន​បាត់​យើង​កំពុង​ស្រាវជ្រាវ។ ចំណែក​ម៉ូតូ ២ គ្រឿង យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន»៕