ភ្នំពេញៈ សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ៧ ភូមិ ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គិរីដែល​រងគ្រោះ​ដោយ​ការ​បាត់​ដី​ប្រពៃ​ណីពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​បារាំង បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ស្ថានទូត​នៃ​ប្រ​ទេស​នេះ ដែលមិន​ផ្តល់​ទិដ្ឋាការ​ឲ្យ​ពួក​គេទៅ​តតាំង​ក្តី​តាមការកោះហៅ​របស់​តុលា​ការ​បារាំងក្រោយ​ពីពួកគាត់​ប្តឹង​ក្រុមហ៊ុន ឈ្មោះ Bollore ដ៏​ធំ​របស់​បា​រាំង​កាល​ពី​ឆ្នាំ ២០១៨។

ការ​ប្តឹង​ក្រុម​ហ៊ុន Bollore ដែលផ្តល់​ទុន​​ដល់​ក្រុម​ហ៊ុន Socfin-KCD ឲ្យ​​អភិវឌ្ឍ​ចម្ការកៅស៊ូ​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាល​ពី​ឆ្នាំ ២០០៨ នេះ គឺបន្ទាប់អស់​ជំនឿ​ក្នុង​ការ​រក​កិច្ច​អន្តរាគម​ន៍​ពី​អាជ្ញា​ធរ​កម្ពុជា។នេះ​បើតាម​លោក គ្រើ​ង តុលា តំណាង​សហគ​មន៍​ឃុំ​ប៊ូ​ស្រាបាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត កាល​ពី​ម្សិល​មិញ។ កា​ល​ពី​ខែ​ម​ករា តុលា​ការ​នៃ​ទីក្រុង​ប៉ា​រី​សបា​ន​ចេ​ញ​លិខិត​អ​ញ្ជើញ​ឲ្យ​តំ​ណាង​ទាំង ៩ រូប ដែល​ដាក់​ប្តឹង​ក្រុម​ហ៊ុននេះតាម​រយៈ​មេធាវី​ឲ្យចូ​ល​រួម​ស​វនា​ការ​បឋមនៅ​តុលាការណង់​ទែ​រ (the Tribunal of Nanterre) ដែល​ត្រូវធ្វើនៅ​ថ្ងៃ ១២ កុម្ភៈ ឆ្នាំនេះ បន្ទាប់​ពី​​លើក​ពេល​កាលពី​ខែធ្នូឆ្នាំមុន ដោយសារភាគី​ដើម​បណ្តឹងពុំមាន​ទិដ្ឋា​ការ​ទៅ​ប្រទេស​បា​រាំង​ដើ​ម្បី​តតាំង​ក្តី។

យ៉ា​ង​ណា លោក គ្រឿង តុលា បាន​ថ្លែងថា ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​បានបដិ​សេធផ្ដល់ទិដ្ឋាការកាល​ពី​ថ្ងៃ​ ២​៣ មក​រាឆ្នាំ​នេះ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេគ្មានសិទ្ធិ​ស្រប​ច្បា​ប់ទៅតតាំង​ក្តី​និងក្លាយជា​រង​គ្រោះ​ទ្វេដង​ក្រោយ​បាត់​បង់​សិ​ទ្ធិ​លើដីដោយ​សារ​ក្រុម​ហ៊ុន Socfin-KCD ឈូស​ឆាយដាំ​កៅស៊ូ។

លោក​ថា៖ «ខ្ញុំ​ស​ង្ឃឹម​ថា ស្ថាន​ទូត​បា​រាំង​នៅភ្នំ​ពេញលើ​ក​កម្ពស់​សិទ្ធិ​ម​នុស្សស្របតាម​សេ​ចក្តីថ្លែ​ងកា​រណ៍​ជា​សក​ល​ស្តី​ពី​សិ​ទ្ធិ​មនុ​ស្ស​និង​សិទ្ធិ​ជន​ជា​តិ​ដើមភាគ​តិច ដោយពិចារណា​ឡើងវិញ​នៅ​ពេល​ក្រោយ​តាម​កាល​បរិច្ឆេទ​ដែល​ត្រូវ​បាន​កំណ​ត់​សា​ជាថ្មី​ដោយ​ចៅក្រម (បារាំង)»។

តាម​សេច​ក្តី​ប្រកា​ស​ព័ត៌​មាន​របស់​សហ​គម​ន៍​នេះ អ្នកស្នើ​សុំ​វិ​សា​គឺមាន​ ១១ រូប ដោយ ៩ រូប ជា​តំណាង​ពលរដ្ឋ​ជន​ជា​តិ​ដើម​ព្នង​ ១១៤ នាក់និង ១ រូប​ជា​មេធាវី​តំណា​ង​ឲ្យ​ពួកគេហើយ ១ រូប​ទៀត​ជា​អ្នក​បកប្រែ​ភាសា។

Mathilde TERUYA ទីប្រឹក្សា​នយោ​បាយ​និង​សារ​ព័ត៌មាន​នៅ​ស្ថាន​ទូត​បារាំង​ប្រចាំ​កម្ពុជា​ បាន​ឲ្យ​ដឹង​តាម​អុីមែល​កាល​ពីម្សិ​លមិ​ញ​ថា ​ពាក្យ​ស្នើ​សុំទិ​ដ្ឋាការ​ដាក់ម​កស្ថាន​ទូត​នោះ​គឺ​មិន​ស្របទៅ​នឹង​លក្ខ​ខណ្ឌ​ ​Schengen​ ទេ​។ វត្តមាន​​រប​ស់ពួ​កគេ​នៅឯ​តុ​លា​កា​រពិត​ជាមិ​នចាំ​បាច់​ទេ​ ក្នុង​ដំណាក់​កាល​នៃ​ការ​ជំនុំ​ជម្រះ​ក្តី​នេ​។

ចំណែក​ក្រុមហ៊ុន Bollore ក៏​មិន​អាច​ទាក់ទងសុំអត្ថាធិប្បាយ​បាន​ទេ។ តែ​ក្នុង​សេច​ក្តី​ប្រកាស​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នេះ ថា ពេល​មេធាវី​តំ​ណាងពួកគេ​ដាក់​ពាក្យ​បណ្តឹង​គឺក្រុម​ហ៊ុន Bollore បាន​អះ​អា​ង​ថា ខ្លួន​ពុំ​ធ្លាប់​ស្គា​ល់​​មនុស្ស​ដែលប្ដឹងនៅ​តុលា​ការ​បារាំង​នេះ​ទេ។

របា​យ​ការណ៍​របស់​ម​ជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ចេញផ្សាយ​កាលពី​ឆ្នាំមុន បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ជាង ៨០០ គ្រួសារ​បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​ក្រុមហ៊ុន Socfin-KCD ដែលភាគ​ច្រើន​ជា​​ជ​នជា​តិ​ភាគតិច​ព្នង ក្នុង​នោះ ៦៤០ គ្រួសារ​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការ​​វិវាទ​ដីធ្លី បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ ទទួល​បាន​ការវិ​និ​យោគ​ដាំ​ដើម​កៅ​ស៊ូ និង​ដំ​ណាំ​ផ្សេង​ទៀត​លើ​ផ្ទៃដី​ ២ ៣៨៦ ហិកតា ​រយៈពេល ៧០ ឆ្នាំ។ ប៉ុន្តែ​អាជ្ញា​ធរ​ខេត្ត​នេះ ធ្លាប់​បាន​អះអាង​ថា ជម្លោះ​នេះ ត្រូវបាន​ដោះ​ស្រាយ​រួច​ហើយ​ តែ​សហគ​មន៍​ថា ពួក​គេ​នៅ​បន្ត​ការ​តវ៉ា ខណៈ​មួយចំ​នួនកំពុង​រង​បណ្តឹង​នៅ​តុលាការ​​ខេត្ត។

លោក គ្រឿង តុលា បញ្ជាក់​ថា៖ «មុន​នឹង​ឆ្លងកាត់​យន្តការ​អន្តរជាតិ​ហ្នឹង គឺថា ខ្ញុំ​បាន​តស៊ូ​មតិ​តាំងពី​ថ្នាក់ភូមិ ឃុំ រហូតដល់​តុលា​ការ តែ​រឿង​ដែល​យើង​ដាក់​ ២-៣ ​រឿង ត្រូវបាន​តុលាការ​តម្កល់​ទុ​ត​ឥត​ចាត់ការ។ ដូច្នេះ​ខ្ញុំ​អស់​សង្ឃឹម ហើយ​ខ្ញុំ​លែង​ពឹង​តុលាការ​កម្ពុជា ដែល​ខ្វះ​ភាពយុត្តិធម៌​ជូន​ខ្ញុំ បាន​យើង​រក​យន្តការ​អន្តជាតិ»។

ក៏ប៉ុន្តែ លោក មាស ប្រុស អ្នក​នាំ​ពាក្យ​តុលា​ការ​ខេត្ត​មណ្ឌល​គិរី បាន​ថ្លែង​ពី​ម្សិលមិញ​ថា ការលើកឡើងនេះគឺជា​សិទ្ធិ​ ពួកគាត់ ប៉ុន្តែ​ជារួមពាក្យបណ្តឹង​របស់​ជនជា​តិដើម​គឺ​តុលាការកំពុ​ង​ដំណើរ​ការ​ជា​ធម្មតានិង​ស្ថិតក្នុង​ការស៊ើប​អង្កេត​របស់​ចៅក្រម ដូច្នេះ​តុលាការ​គ្មានអ្វី​ត្រូវ​ឆ្លើយតប​ចំពោះ​ការស្វែងរក​កិច្ច​អន្តរាគមន៍​របស់​ពល​រដ្ឋ​ទៅ​តុលាការ​ក្រៅ​ប្រទេស​នេះ​ទេ។

លោក​ថា៖ «រឿង​ជម្លោះ​ហ្នឹង​យូរហើយ អ្នក​ណា​ដាក់​ភ្លាម (ពាក្យ​បណ្តឹ​ង) ទៅធ្វើ​ឲ្យ​គាត់​ភ្លាម​នោះ ​ហើយ​សំ​ណុំ​រឿង​ហ្នឹង ចៅក្រម​កំពុង​ស៊ើប​សួរ​តើ តែ​ពួក​គាត់​មាន​មេ​សហគមន៍​គាត់ ចេះតែ​បោះ​បោរៗ​នាំ​គ្នា​មក​តុលាការ​រហូត​ដែរ»៕