រតនគិរី: ប្រជាសហគមន៍​ជនជាតិដើម​ភាគតិច ចារាយ​ជាង ២០០ ​នាក់ រស់នៅ​ភូមិ​តាំងជិ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស​បាន​ចោទប្រកាន់​មេភូមិ​ម្នាក់​ឈ្មោះ រចំ ផៀង និង​ប្រធាន​សហគមន៍​ម្នាក់​ឈ្មោះ សល់ តក់ ថា​បាន​ឃុបឃិត​គ្នា​លក់​ដីព្រៃ​សហគមន៍​ជាង​ ៣០០ ​ហិកតា​ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ប៉ុន្ដែ​ចុងចោទ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។

លោក សល់ បឿន ប្រជាសហគមន៍​ជនជាតិដើម​ភាគតិច ចារាយ​រស់នៅ​ភូមិ​តាំងជិ ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស​បាន​ថ្លែងថា លោក​មេភូមិ​តាំងជិ​ឈ្មោះ រចំ ផៀង និង​ប្រធាន​សហគមន៍​ឈ្មោះ សល់ តក់ បាន​ឃុបឃិត​គ្នា​លួច​លក់​ដីព្រៃ​សហគមន៍​ជាង ៣០០ ​ហិកតា​ ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ ៦ ​នាក់​ដែល​រស់នៅក្នុង​តំបន់​នោះ​។ លោក​បន្តថា ពួកលោក​កើតទុក្ខ​មិន​សុខចិត្ត​ដែល​មេភូមិ​លួច​លក់​ដីព្រៃ​សហគមន៍​បម្រុង​ទុក និង​ជា​ដីចម្ការ​វិលជុំ​តាម​ប្រពៃណី​របស់​ជនជាតិ​ដើម​ភាគតិច​តែងតែ​អាស្រ័យផល​។

លោក​បញ្ជាក់ថា​៖ «​ដីព្រៃ​នេះ​ពួកខ្ញុំ​បានឃើញ​មាន​គេ​ចូលមក​កាប់​ព្រៃ ហើយ​ពួក​ខ្ញុំ​ទៅ​ហាមឃាត់​ស្រាប់តែ​អ្នក​កាប់​ព្រៃឈើ​នោះ​ប្រាប់​មក​ពួកខ្ញុំ​វិញ​ថា គាត់​បាន​ទិញ​គេ​រួចហើយ ហើយ​ដី​នេះ​ជា​ដី​របស់គាត់​។ ពួក​ខ្ញុំ​ឆ្ងល់​ខ្លាំងណាស់​ថា តើ​នរណា​ជា​អ្នកលក់​ដី​នោះ​? ក្រោយមក​អ្នក​កាប់​ព្រៃ​ប្រាប់ថា មេភូមិ​ និង​ប្រធាន​សហគមន៍​ជា​អ្នកលក់​ឲ្យ​គាត់​។ អ្នក​កាប់​ព្រៃ​ហ្នឹង​ថា គាត់​បាន​កក់​លុយ​ជិត ១ ​លាន​រៀល​រួចហើយ ហើយ​ប៉ុន្មាន​ថ្ងៃ​ទៀត​គាត់​នឹង​យកលុយ​មក​បង់បង្គ្រប់​»​។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ម្នាក់ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ស្នើឲ្យ​អាជ្ញាធរ​ជួយ​រឹបអូស​ដី​ទាំង​នោះ​មក​រក្សាទុក​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​អនុញ្ញាត​ឲ្យ​ជនជាតិ​ដើម​ភាគតិច​អាស្រ័យ​ផល​ដូច​កាលពី​មុន​ទៀត​។ ដីព្រៃ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យផល​បេះ​បន្លែ បោចវល្លិ៍ ដក​ផ្សិត និង​រើស​អុស​តាំងពី​ដូនតា​មក​។

លោក​បញ្ជាក់ថា​៖ «​ពួកខ្ញុំ​បាន​ស៊ើបសួរ​រួចហើយ ខាង​អាជ្ញាធរ​ឃុំ គាត់​អត់​បាន​ពាក់ព័ន្ធ​រឿង​លក់​ដី​នេះ​គឺ​មានតែ​មេភូមិ​តាំងជិ​ និង​ប្រធាន​សហគមន៍​ពួកខ្ញុំ​ហ្នឹង​ទេ​ដែល​ជា​អ្នកលក់​។ បើ​ឈ្មួញ​មិន​ប្រគល់​ដី​នោះ​ទុកជា​ដី​រដ្ឋ​វិញ​ទេ គឺ​យើង​នឹង​តវ៉ា​ដល់​អាជ្ញាធរ​ស្រុក​អណ្ដូងមាស​តែម្ដង​»​។

លោក រចំ ផៀង មេភូមិ​តាំងជិ ដែល​រង​ការចោទប្រកាន់​ពី​ពលរដ្ឋ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​មិនបាន​ពាក់ព័ន្ធ​នឹង​ការលក់​ដីព្រៃ​សហគមន៍​នេះ​ទេ​។ ការចោទប្រកាន់​មក​លើ​រូបលោក​នេះ​ពិតជា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ក៏​មិនមែន​ជា​ការពិត​ដែរ​។

លោក​បន្តថា​នៅ​តំបន់​នេះ​មិន​មាន​ដីព្រៃ​បម្រុង​ទុក​របស់​សហគមន៍​អ្វី​ទេ គឺ​មាន​តែ​របស់​ក្រុមហ៊ុន​ផារី ៧ ​មករា ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដាំដំណាំ​កៅស៊ូ ប៉ុន្ដែ​ក្រុមហ៊ុន​មិន​បាន​កាប់​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​បន្ថែម​ទៀត​ទេ​។ លោក​បញ្ជាក់ថា​៖ «​ពលរដ្ឋ​ទាំងនេះ​តែងតែ​ចោទ​ខ្ញុំ​ថា លក់​ដី​លក់​ធ្លី ប៉ុន្ដែ​ជាក់ស្ដែង​គាត់​មាន​ដី​ពី​ណា​ឲ្យ​ខ្ញុំ​លក់ ដី​សហគមន៍​គេ​បាន​បែងចែក​ឲ្យ​គាត់​អស់ហើយ អ៊ីចឹង​អត់​មាន​ដី​សហគមន៍​អី​ទៀត​ទេ​»​។

លោក រណាម ហ៊ិន មេឃុំ​ញ៉ាង​ថ្លែងថា លោក​ធ្លាប់​ទទួល​បាន​ព័ត៌មាន​នេះ​ពី​ពលរដ្ឋ​ដោយ​លោក​បាន​កោះហៅ​លោក​មេភូមិ​មក​សាកសួរ​រួចហើយ​កាលពី​ខែ​មុន ប៉ុន្ដែ​លោក​មេភូមិ​រូបនេះ​បាន​អះអាងថា លោក​មិនបាន​ជាប់​ពាក់ព័ន្ធ​ការលក់​ដីព្រៃ​ទាំងនេះ​ទេ​។

លោក​បន្តថា ​នៅ​តំបន់​នេះ​មាន​តែ​ដី​របស់​ក្រុមហ៊ុន​ផារី ៧ ​មករា​ដែល​កំពុង​ដាំ​ដំណាំ​កៅស៊ូ ដោយ​ក្រុមហ៊ុន​មិនបាន​ធ្វើការ​ឈូសឆាយដី​ព្រៃ​ ឬ​រំលោភ​ដីព្រៃ​បន្តទៀត​ទេ​។ ក្រៅពី​ដី​ក្រុមហ៊ុន​នេះ​ក៏​មាន​ដី​សេសសល់​ពី​ក្រុមហ៊ុន​ចំនួន​ជិត ៣០០ ​ហិកតា​ដែរ ប៉ុន្ដែ​វា​ជា​ដីព្រៃ​ដោយ​មិនអាច​នរណាម្នាក់​ហ៊ាន​ទិញ​ ឬ​លក់​ដី​នេះ​ទេ ព្រោះ​ជា​សម្បត្តិ​រដ្ឋ​ដែល​បម្រើ​ឲ្យ​ផលប្រយោជន៍​ពលរដ្ឋ​រួមគ្នា​។ លោក​បញ្ជាក់​ថា​៖ «​អ៊ីចឹង​បើសិន​រឿងនេះ​នៅ​បន្ត​បែបនេះ​ខ្ញុំ​នឹង​កោះហៅ​ភាគី​ទាំងអស់​មក​សាកសួរ​ឲ្យ​ដឹង​រឿង កុំ​ឲ្យ​ដើរ​ចោទ​គ្នា​អ៊ីចឹង ព្រោះ​ដីព្រៃ​នេះ​មិន​អាច​មាន​នរណា​លក់ដូរ​បានទេ​»​។

លោក​ ឃេន សានិត អភិបាលស្រុក​អណ្ដូង​មាស​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កាលពី​ប៉ុន្មាន​ខែ​មុន​មាន​ការ​រាយការណ៍​មក​ថា មាន​គេ​លួច​លក់​ព្រៃ​ចំនួន​ជិត​ ៣០០ ​ហិកតា​ប៉ុន្ដែ​ភ្លាមៗ​នោះ លោក​បាន​បញ្ជា​ឲ្យ​មេឃុំ​ប្រញាប់​ដោះស្រាយ​បន្ទាន់​។ លោក​បន្តថា ក្រោយពី​មេឃុំ​ចុះ​អន្តរាគមន៍​ក៏​ស្ងាត់​ហើយ ប៉ុន្ដែ​ខណៈ​នេះ​ស្រាប់តែ​ទទួល​ព័ត៌មាន​ម្ដងទៀត​។ យ៉ាងណា​លោក​សន្យាថា នឹង​ចុះទៅ​​ដោះស្រាយ​ផ្ទាល់ ដើម្បី​បញ្ចប់ទំនាស់​ដីធ្លី​របស់​អ្នកភូមិ​នៅ​តំបន់​នោះ​៕