
ក្រុមជនជាតិដើមភាគតិច ពិនិត្យការកាប់ព្រៃយកដី។ រូបថត សហការី
មណ្ឌលគីរីៈ ជនជាតិដើមភាគតិចព្នងបានលើកឡើងថា ដីព្រៃរបស់ភ្នំមួយនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរីត្រូវបានគេកាប់ដើមឈើផ្ដួលរំលំដែលមានទំហំជិត ១០០ ហិកតា ដើម្បីយកដីនោះទុកធ្វើជាកម្មសិទ្ធិឯកជន។ ជនជាតិដើមភាគតិចចោទថា សកម្មភាពកាប់បំផ្លាញដីព្រៃបែបនោះគឺមានការអនុញ្ញាតពីអាជ្ញាធរភូមិឃុំ ប៉ុន្តែអាជ្ញាធរបានបដិសេធការចោទប្រកាន់នេះ។
លោក ស្រើញ ស៊ីនួន ប្រជាពលរដ្ឋរស់នៅក្នុងភូមិមេប៉ៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលពីថ្ងៃទី ៧ ខែមករា ក្រុមជនជាតិដើមភាគតិចប្រហែល ៣០ នាក់រួមជាមួយមេភូមិមេប៉ៃបាននាំគ្នាចុះទៅពិនិត្យទីតាំងភ្នំមួយដែលគេហៅថាភ្នំព្រះ បន្ទាប់ពីមានប្រជាជនរស់នៅក្បែរតំបន់នោះបានរាយការណ៍ថា ភ្នំនេះត្រូវបានអាជ្ញាធរភូមិឃុំអនុញ្ញាតឱ្យមានការកាប់ដើមឈើផ្ដួលរំលំ ដើម្បីទន្ទ្រានយកដីទុកប្រគល់ទៅឈ្មួញ។
លោកបន្តថា នៅពេលចុះពិនិត្យគឺលោកសង្កេតឃើញមានផ្ទៃដីជិត ១០០ ហិកតា ត្រូវបានកាប់ផ្ដួលរំលំដើមឈើតូចធំ ខណៈលោកថា ទំហំផ្ទៃដីដែលគេគ្រោងកាប់ព្រៃយកដីនោះគឺមានចំនួន ១២០ ហិកតា ដែលកន្លែងខ្លះគឺមានទីតាំងស្ថិតនៅជើងភ្នំ និងខ្លះទៀតនៅលើភ្នំ។
លោកបន្តថា តាមប្រជាពលរដ្ឋរស់នៅក្បែរតំបន់ភ្នំបានអះអាងថា សកម្មភាពទន្ទ្រានដីព្រៃនេះគឺកើតឡើងជាច្រើនខែមកហើយ ដោយសារតែមានការឃុបឃិតគ្នារវាងអាជ្ញាធរភូមិ ឃុំ និងឈ្មួញជាអ្នកមានអំណាចដែលចង់បានដីនៅលើភ្នំនោះ។
លោកថា៖ «ខ្ញុំដែលបានចុះទៅដល់ផ្ទាល់ហ្នឹង គឺមិនទាន់ដឹងច្បាស់ល្អិតល្អន់ទេ ថាតើដីហ្នឹងគេប្រុងយកទៅធ្វើអី។ ការចុះទៅមើលហ្នឹង គឺដើម្បីសួរទៅអាជ្ញាធរថា ពីណាគេជាអ្នកអនុញ្ញាត (ឱ្យកាប់ព្រៃទាំងអស់ហ្នឹង)។ ឥឡូវនេះ គេមិនទាន់ឈូសឆាយទេ ប៉ុន្តែគ្រាន់តែគេកាប់ឈើផ្ដួលរំលំ។ ពួកខ្ញុំសួរពលរដ្ឋនៅក្បែរភ្នំហ្នឹង ថាតើគេកាប់តាំងពីណា គាត់ថា គេកាប់តាំងពីខែ ៤ ប៉ុន្តែពួកខ្ញុំមិនបានប្រទះឃើញកម្មករកាប់ និងអារផ្ដួលរំលំដើមឈើទាំងអស់ហ្នឹងទេ»។
លោកបន្តថា ប្រជាពលរដ្ឋគឺតែងអាស្រ័យផលអនុផលព្រៃឈើនៅលើភ្នំព្រះនេះ តាមបែបទំនៀមទម្លាប់របស់ក្រុមជនជាតិដើម ដោយមិនចង់ឲ្យភ្នំត្រូវបាត់បង់ ឬធ្លាក់ក្នុងការគ្រប់គ្រងរបស់អ្នកមានអំណាចនោះឡើយ។
ប៉ុន្តែលោក តយ ជឺញ មេភូមិមេប៉ៃបានលើកឡើងថា ភ្នំព្រះគឺជាតំបន់ការពារធម្មជាតិដែលគ្មានជនណាអាចយកទៅប្រើប្រាស់បានឡើយ ហើយក៏ពុំមានការទន្ទ្រានពីសំណាក់ឈ្មួញមានអំណាចនាំឱ្យបាត់បង់ដីព្រៃនៅលើភ្នំនោះដែរ។ ផ្ទុយទៅវិញលោកថា មានតែការកាប់ឆ្ការព្រៃតិចតួចនៅតាមជើងភ្នំដែលប្រព្រឹត្តឡើងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្បែរភ្នំ ហើយសុទ្ធតែជាដីដែលមានប្លង់រឹងត្រឹមត្រូវ។
លោកថា៖ «កុំជឿគេពេកមិនកើតទេ ព្រោះតំបន់ហ្នឹងការពារយូរហើយ។ បើជើងភ្នំ គឺដីនៅក្រោយផ្ទះប្រជាពលរដ្ឋដែលពួកគាត់កាប់រានតិចតួចហ្នឹងទេ។ នៅលើភ្នំអត់មានការកាប់ទេ ព្រោះអាជ្ញាធរយើងបានជួយការពារទាំងអស់គ្នា»។
លោក កើញ រដ្ឋា មេឃុំពូជ្រៃ បានឲ្យដឹងថាអ្នកដែលទន្ទ្រានយកដីព្រៃនេះគឺមានតែពលរដ្ឋដែលរស់នៅក្បែរភ្នំស្ថិតក្នុងភូមិមេប៉ៃប៉ុណ្ណោះ។ លោកបន្តថា អ្នកដែលចោទអាជ្ញាធរភូមិឃុំថា ជាអ្នកយកដីភ្នំ លក់ភ្នំទៅឈ្មួញនោះគឺជាពលរដ្ឋរស់នៅតំបន់ផ្សេង និងដោយសារច្រណែនដែលមិនអាចចូលមកទន្ទ្រានយកដីភ្នំដូចពលរដ្ឋស្ថិតនៅក្បែរភ្នំ។
លោកថា៖ «ប្រជាជននៅភូមិមេប៉ៃកាប់ធ្វើចម្ការ ហើយការពិតពួកគាត់លួចកាប់ពីតំបន់អភិរក្សទេ មិនមែនគេលក់ គេដូរនោះទេ។ ជនជាតិដើមហ្នឹង (ដែលចុះមកពិនិត្យទៅពិនិត្យលើភ្នំកាលពីថ្ងៃទី ៧) មិនមែនជាអ្នកនៅប៉ែកខាងភ្នំដែលតំបន់អភិរក្សហ្នឹងទេ ប៉ុន្តែពួកគាត់ឃើញគេកាប់អ៊ីចឹង ចង់ច្រណែនឈ្នានីស ចង់ប្រមូលគ្នាមកកាប់ដែរ»។
លោកថ្លែងឲ្យដឹងបន្តថា នាពេលកន្លងមកលោកធ្លាប់ដឹងដំណឹងថា មានលោកឧកញ៉ាម្នាក់ចង់ស្នើសុំរដ្ឋាភិបាលដើម្បីយកភ្នំព្រះនេះ ធ្វើជាកន្លែងសម្រាប់បង្កើតជារមណីយដ្ឋាន និងតំបន់ទេសចរណ៍ ប៉ុន្តែលោកថា អ្នកដែលអាចអនុញ្ញាតបានគឺមានតែក្រសួងបរិស្ថាន និងរដ្ឋាភិបាលប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំឮតាមពាក្យប្រយោល អ្នកចង់បានគឺឧកញ៉ាម្នាក់ ប៉ុន្តែអ្នកកាប់ហ្នឹងមិនមែនគាត់ទេ គឺប្រជាពលរដ្ឋជាអ្នកកាប់យក»។
លោក មើល សឿន អភិបាលស្រុកពេជ្រាដាបានឲ្យដឹងថា លោកមិនដឹងថាមានគេកាប់ទន្ទ្រានយកដីព្រៃ ឬក៏មានឧកញ៉ាចង់យកភ្នំព្រះនេះ ទៅបង្កើតជាតំបន់ទេសចរណ៍ ឬរមណីដ្ឋានឡើយ។
លោក សុក សុភ័ក្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានឲ្យដឹងថា លោកមិនធ្លាប់ឮអំពីឈ្មោះរបស់ភ្នំព្រះនេះទេ ហើយក៏មិនដែលបានស្គាល់នោះដែរ។ ប៉ុន្តែលោកបញ្ជាក់ថា ការកាប់រានទន្ទ្រានដីព្រៃដែលជាការប្រព្រឹត្តខុសច្បាប់ គឺតែងមានការកើតឡើងជាបន្តបន្ទាប់ ហើយកន្លងមកមន្ទីរបរិស្ថានតែងចាត់វិធានការដើម្បីការពារដីជាសម្បត្តិរដ្ឋទាំងនោះទៅតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា ប្រសិនបើមានការកាប់ព្រៃទន្ទ្រានយកដីភ្នំដូចការអះអាងរបស់ប្រជាពលរដ្ឋ មន្ត្រីមន្ទីរនឹងចុះកំណត់និយាមការនៅតំបន់នោះ ដើម្បីធ្វើជាផែនទីដាក់ជារបស់អញ្ញាតជនរួចហើយរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការ ហើយប្រសិនបើជនណានៅតែចូលទៅរំលោភលើដីនោះ គឺនឹងត្រូវប្រឈមមុខចំពោះច្បាប់។
លោកថា៖ «កន្លងមកការកាប់រានខ្លះដែលយើងចុះទៅអត់ទាន់ ក៏មន្ទីរចុះយកនិយាមការ រួចធ្វើជាផែនទីដាក់ជាអញ្ញាតជនប្ដឹងទៅតុលាការ ដើម្បីឃ្លាំមើលបន្តទៀត ហើយប្រសិនបើមានជនណានៅតែធ្វើអ៊ីចឹងម្ដងទៀត យើងនឹងចាប់ ហើយយើងនឹងមានសំណុំរឿងនៅតុលាការស្រាប់។ កន្លងមក ខ្ញុំធ្វើតែអ៊ីចឹងទេ ដូចជាការកាប់រានលួចលាក់នៅពេលយប់ដែលយើងទៅអត់ទាន់»៕