មណ្ឌលគិរីៈ ប្រជាសហគមន៍​ពូទិល ស្ថិត​ក្នុង​ឃុំប៊ូស្រា ខេត្ត​មណ្ឌល​គិរី នៅព្រឹក​ថ្ងៃ​ទី ២៧​ខែ​កញ្ញា​ បានចាប់​​ បញ្ជូនបុរសពី​រ​នាក់​ និង​វត្ថុតាង​មួយ​ចំនួន​ ទៅ​ឲ្យ​​​​នគរបាល​ស្រុក​ពេជ្រា​ដា ចាត់​វិធានការទៅ​តាមផ្លូវ​ច្បាប់ បន្ទាប់​ពី​បុរស​ទាំង​ពីរ​នាក់​នោះ បាន​លួច​កាប់​ទន្ទ្រាន​ដីព្រៃនៅ​ក្នុង​សហគមន៍​ របស់​ពួកគេ អស់​ជាច្រើន​ហិកតា​។

លោក ​ស្រាំង សឿន ដែល​ជាតំណាង​ម្នាក់​ នៅក្នុង​សហគមន៍ពូទិល បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ថា​ ព្រៃឈើ​នៅ​ក្នុង​​សហគមន៍​របស់​ពួកគាត់​ ស្ថិត​នៅ​ក្នុង​ភូមិ ៤ ឃុំ​ប៊ូស្រា ត្រូវ​បាន​ក្រុមជនខិលខូច​មកពី​បណ្ដា​ខេត្តផ្សេងៗ ​ដូច​ជាកំពង់​ចាម ​ត្បូង​ឃ្មុំ​ ស្ទឹង​ត្រែង ​លួច​កាប់​រាន​យក​ដី​ធ្វើ​ចំការ​អស់​ជាច្រើន​ហិកតា។

ជាក់​ស្ដែង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​កញ្ញា​ ដោយមាន​ការគាំទ្រ​​ពីកម្លាំង​អាជ្ញាធរ​ស្រុក​ពេជ្រា​ដា ប្រជា​សហគមន៍​របស់​ពួកគាត់ បាន​នាំគ្នា​ចុះល្បាត​ព្រៃ​ហើយ​បាន​ប្រទះឃើញ​បុរស​​ពី​រនាក់ ដែល​ម្នាក់​ឈ្មោះ អ៊ុល កុសល អាយុ​២៤​ឆ្នាំ និង ម្នាក់​ទៀត​ឈ្មោះ រាម ធី អាយុ​​២៧​ឆ្នាំ កំពុង​ប្រើ​រណារយន្ត​និង​កាំបិតផ្គាក់ លួចកាប់​ទន្ទ្រាន​យក​ដីព្រៃ​នៅ​ក្នុង​សហគមន៍​របស់​ពួកគាត់ ​អស់​ជាច្រើន​ហិកតា​ថែម​ទៀត។

លោក សឿន បាន​បញ្ជាក់​ថា៖«​យើង​បាន​ចាប់​ឃាត់​ខ្លួន​ពួក​គេទាំង​ពីរ​នាក់ និង​បាន​រឹប​អូស​វត្ថុតាងមួយចំនួន រួមមាន ​រណា​រយន្ត​មួយ​គ្រឿង កាំបិត​ផ្គាក់​ពីរ​ដើម ខ្សែ​ពួរមួយ​ចង្វាយ និង​ម៉ូតូ​មួយគ្រឿង​ ប្រគល់​ឲ្យ​អាជ្ញាធរ​ស្រុក​ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់»។

បើតាម​លោក ​សឿន បុរសសង្ស័យ​ទាំង​ពី​រនាក់ គឺ​ជាជនចំណាក​ស្រុក​ មក​ពី​ខេត្ត​កំពង់​ចាម និង ត្បូង​ឃ្មុំ ដែលកាល​ពី​ឆ្នាំមុន ពួកគេ​ ធ្លាប់​បានចូល​លួច​កាប់​រាន​ដី​ព្រៃ​ នៅក្នុង​សហគមន៍​របស់​ពួកគាត់​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​កាលនោះ ប្រជាសហគមន៍​គ្រាន់​​តែ​រារាំង និង អប់​រំ​ឲ្យ​ពួកគេ​បញ្ឈប់​ការ​កាប់​រានដីព្រៃ​របស់​សហ​គមន៍​តទៅទៀត។

ពាក់​ព័ន្ធ​ករណី​នេះ លោក អ៊ុល ធី ដែល​ជាបង​ប្រុស​របស់​ជន​សង្ស័យ ឈ្មោះ អ៊ុល កុសល​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុន​ពេល​ចូលកាប់​រាន​ដីព្រៃនោះ​ ពួកគាត់​បានស្នើ​សុំដី​សង្គម​កិច្ច ពី​អាជ្ញាធរមូល​ដ្ឋាន​ក្នុង​ភូមិ ​៤ ឃុំប៊ូស្រា ដោយ​ផ្ទាល់​មាត់​រួច​ហើយ ប៉ុន្តែ ពុំមាន​ឯកសារ​ផ្លូវ​ច្បាប់​នោះ​ទេ។

លោក​ថ្លែង​ថា៖​«យើង​គ្រាន់​តែចង់​បានដី​សង់​លំនៅឋានស្នាក់​នៅ​ និង​ធ្វើ​ចំការ​សម្រាប់​ដោះ​ស្រាយ​ជីវភាព ប៉ុណ្ណោះ ព្រោះ​យើង​ក្រី​ក្រខ្លាំង​ណាស់ ពុំ​មាន​លទ្ធភាព​ទិញដីសង់​ផ្ទះ​នៅ​នោះ​ទេ»។

ជុំវិញ​ករណី​នេះ លោក តន់ យ៉េន អធិការ​ស្រុក​ពេជ្រាដា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បុរស​សង្ស័យ​ទាំង​ពីរ​នាក់​ ត្រូវ​បាន​ប្រជា​សហគមន៍​ពូ​ទិល ចាប់​ឃាត់​ខ្លួន​ ដោយ​ចោទ​ថា ​បានលួចកាប់​រានដីព្រៃ​សហគមន៍​​របស់​ពួក​គាត់ដោយ​ខុសច្បាប់​ ប៉ុន្តែ​ បើ​តាម​​ការ​បំភ្លឺ​ពី​មេភូមិទី​ ៤ និង​មេឃុំប៊ូស្រា ពួកគេបានស្នើ​សុំ​ដី ដើម្បី​សង់​លំនៅ​ឋាន និង ធ្វើ​ចំការ​ដើម្បី​ដោះ​ស្រាយ​ជីវភាព ដោយ​​ពួក​គេ​ ជាជនក្រី​ក្រ ចំណាកស្រុក​មក​ពី​ខេត្តកំពង់​ចាម​ ​និង ត្បូង​ឃ្មុំ។

លោក យ៉េន ​បាន​បន្តថា៖«​ទោះ​ជាបែបណា ពួកគេ​ត្រូវ​បាន​ប្រជាសហគមន៍​ចាប់​ឃាត់​ខ្លួន​ក្នុង​បទល្មើស​ជាក់​ស្ដែង គឺ​ខណៈ​កំពុង​កាប់​រាន​ដី​ព្រៃ ដោយ​ប្រើ​ឧបករណ៍​រណារ​យន្ត​ខុសច្បាប់»។

លោក យ៉េន បាន​បន្តថា ដោយ​មាន​ការ​សម្រប​សម្រួល ពី​រដ្ឋបាល​ស្រុក​ពេជ្រាដា និង យោងសំអាង​របស់​លោក ចិត្រ ច្រិះ មេភូមិទី ​៤ និង​ លោក យឺត សារីន មេឃុំប៊ូស្រា ជន​សង្ស័យ​ទាំង​ពីរ ត្រូវ​បានដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ពួកគេ​បាន​ផ្ដិត​មេដៃ​បញ្ឈប់​ការកាប់​រាន​ដី​ព្រៃ​សហគមន៍​ដោយ​គ្មាន​ការអនុញ្ញាតពី​អាជ្ញាធរស្រុក ពិសេស​ពី​សហគមន៍​ជនជាតិ​ដើមភាគ​តិច​នៅ​ក្នុង​តំបន់​ខាង​លើ​នេះ។

បើតាម​លោកស៊្រឹ ឆើញ ប្រធានសហគមន៍ពូទិល អាជ្ញាធរភូមិ​-ឃុំ ពុំមានសិទ្ធិ​នៅ​ក្នុង​ការ​កាត់​ដី​ព្រៃសហគមន៍​របស់​ពួក​គាត់ ​​ទៅ​ឲ្យ​បុគ្គល​ណាម្នាក់​នោះទេ ព្រោះ​វា​ជាដី​បម្រុង​ទុក​របស់​សហគមន៍​ សម្រាប់​ផ្ដល់​ជូន​គ្រួសារ​ជំនាន់​ក្រោយ​របស់​ប្រជាសហ​គមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង។

លោក​ឆើញ​បាន​ថ្លែង​ថា៖«ជុំវិញ​ការដោះ​លែង​ជនល្មើស​ទាំង​ពីរ​​នាក់​នៅ​ពេល​នេះ សហគមន៍​យើង​នឹង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ថែម​​ទៀត ថាតើ​ជនសង្ស័យ​ទាំង​ពី​រ​នោះ ​ពិត​ជាក្រី​ក្រ គ្មាន​ដី​ធ្លី​និង​ផ្ទះ​សំបែង​ពិតប្រាកដ ​ឬមួយ​យ៉ាង​ណា ហើយ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ស្នើ​សុំ​ ដី​សម្ប​ទានសង្គមកិច្ច​ពីអាជ្ញាធរ ​បែរជា​មកលួចកាប់​រានដី​ព្រៃរបស់​សហគមន៍​ជនជាតិ​ភាគតិច​របស់​​​យើង​ខ្ញុំទៅ​វិញ»៕