ភ្នំពេញ: តំណាង​ជនជាតិដើម​ភាគតិច​ចំនួន​ ២៤ ​ក្រុម​មកពី ១៥ ​ខេត្ត​ កាលពី​ម្សិលមិញ​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការដោះស្រាយ​ជម្លោះដីធ្លី និង​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​សហគមន៍ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​អ្នកភូមិ​មាន​សិទ្ធិ​ប្រើប្រាស់​ដី​បង្កបង្កើនផល​ចិញ្ចឹមជីវិត​ក្រោយពី​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ហ៊ុមព័ទ្ធ​យក​ដីធ្លី​របស់​ពួកគេ​។

ការលើកឡើង​នេះ​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្ដីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា ដើម្បី​ជំរុញ​ការអនុវត្ត​សកម្មភាព​លើ​ការងារ​អភិវឌ្ឍន៍​ដល់​សហគមន៍​ជនជាតិដើម​ភាគតិច​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ស្រប​តាម​គោលនយោបាយ​ដែលមាន​ស្រាប់​។ កម្មវិធី​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​តំណាង​សហគមន៍​សរុប​ប្រមាណ​ជាង ៣០០ ​នាក់​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​។

អ្នកស្រី ទេព ទឹម តំណាង​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤ បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​បញ្ហា​ដ៏ធំ​បំផុត​ដែល​ជនជាតិ​ដើម​ភាគតិច​កំពុង​ជួបប្រទះ​គឺ​ការរំលោភ​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច និង​ការបាត់បង់​ព្រៃឈើ​ដែល​ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់ បាត់បង់​ការងារ ទីជម្រក និង​បាត់បង់​ទំនៀមទម្លាប់​។

អ្នកស្រី​បន្ត​ថា​ ដីព្រៃឈើ ដីភ្នំ ទឹក​បឹង និង​អូរ​ធម្មជាតិ​ជា​កន្លែង​ដែល​ពួកគាត់​អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ​នោះ​បាន​ក្លាយ​ជា​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​។ កន្លង​ទៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ធ្លាប់​ចុះ​វាស់វែង​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ដែរ ប៉ុន្តែ​ការវាស់វែង​ទាំងនោះ​មាន​ការ​ខ្វះចន្លោះ​ច្រើន និង​មិន​ស្រប​តាម​លក្ខន្តិកៈ​របស់​សហគមន៍​។

ហេតុនេះ​អ្នកស្រី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដកហូត​ដី​ទាំងនោះ​ដើម្បី​ចុះបញ្ជី​សមូហភាព​ជូន​សហគមន៍​ប្រើប្រាស់​។ «​ពួក​ខ្ញុំ​សូម​ស្នើ​ទៅ​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដែល​កំពុង​មាន​ទំនាស់ ហើយ​ពន្លឿន​ការចុះ​បញ្ជី​ដីធ្លី​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពួក​ខ្ញុំ មាន​សិទ្ធិ​គ្រប់គ្រង​កាន់កាប់ ប្រក​បរបរ​ធ្វើស្រែ​ចម្ការ​បាន​ពេញលេញ​។ សព្វថ្ងៃនេះ ពួកខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ជាងគេ ជាពិសេស​ខ្លាច​តែ​យើង​កំពុង​ដេក​ស្រាប់តែ​ត្រាក់ទ័រ​មក​កាយ​ផ្ទះ​យក​ទៅ​បាត់​»​។

លោក គ្រើង តុលា ជនជាតិ​ដើម​ភាគតិច​ព្នង​មកពី​ខេត្ត​មណ្ឌលគិរី និង​ជា​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​អ្នកផ្សេង​ទៀត​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ឲ្យ​ដឹងថា ក្រៅពី​ជួប​ការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃនេះ ជនជាតិដើម​ភាគតិច​កំពុង​ប្រឈម​បញ្ហា​បាត់បង់​ដីធ្លី ដោយ​ពួកគាត់​ត្រូវ​បង្ខំចិត្ត​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​កន្លែង​ផ្សេងៗ​ដែល​គ្មាន​ទីលំនឹង​ពិតប្រាកដ​។ លោក​បន្តថា ជនជាតិដើម​ភាគតិច​ក្រោយពី​បាត់បង់​ដីធ្លី និង​ព្រៃឈើ ពួកគាត់​មួយ​ចំនួន​បានធ្វើ​ចំណាកស្រុក ជាពិសេស​នាំគ្នា​សម្រុក​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​។

លោក​បញ្ជាក់ថា​៖ «​ពួក​ខ្ញុំ​ធ្លាប់​បាន​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​យើង​ជាច្រើនលើក​ហើយ ប៉ុន្ដែ​ពួកគាត់​ចុះមក​សួរនាំ​តិចតួច​ក៏​ទៅវិញ ហើយ​ក្រោយ​មក​ចុះមក​ធ្វើ​ម្ដងទៀត ហើយ​ក៏​ផ្អាក​ទៀត ខ្ញុំ​ថា​ការងារ​គាត់​មើល​ទៅ​ដូចជា​យឺតយ៉ាវ​ណាស់​»​។

ជនជាតិដើម​ភាគតិច និង​អ្នកពាក់ព័ន្ធ​ក្នុង​សិក្ខាសាលា​ពី​ម្សិលមិញ​។ រូបថត ហ៊ាន រង្សី

លោក ភាព សុភា ប្រធាន​កម្មវិធី​ដីធ្លី និង​ព្រៃឈើ​នៃ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (The NGO Forum on Cambodia) បាន​ថ្លែងថា ដី​ជនជាតិដើម​ភាគតិច​មួយចំនួន​រួមមាន ខេត្ដ​ព្រះវិហារ ខេត្ដ​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្ដ​កោះកុង​ជាដើម​កំពុង​ប្រឈម​បញ្ហា​ជាមួយ​នឹង​ក្រុមហ៊ុន​ដែល​ធ្វើការ​អភិវឌ្ឍ​ប៉ះពាល់​ដល់​ដី​សហគមន៍ ដោយសារ​ការផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​នោះ​មាន​ដី​មួយចំនួន​បាន​ដោះស្រាយ​ចប់ និង​មួយចំនួន​ទៀត​កំពុង​បន្ត​មានទំនាស់​។

លោក​បន្ដថា ការយឺតយ៉ាវ​ក្នុង​ការចុះបញ្ជី​ដីធ្លី​នេះ​លោក​សង្កេតឃើញ​ថា មកពី​កង្វះ​កិច្ចសហការ​រវាង​ភាគី​ពាក់ព័ន្ធ និង​បញ្ហា​ថវិកា​សម្រាប់​សកម្មភាព​ចុះបញ្ជី​ដីធ្លី ហើយ​ពលរដ្ឋ​ជា​ម្ចាស់​អចលនទ្រព្យ ខ្វះ​ឯកសារ​បញ្ជាក់​ពី​ភាពស្របច្បាប់ ប៉ុន្ដែ​លោក​នៅ​តែ​ជំរុញ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពន្លឿន​ការងារ​នេះ​ឲ្យ​បាន​ឆាប់​។

លោក​ថា​៖ «​ខ្ញុំ​ថា សហគមន៍​ជនជាតិ​ដើម​ភាគតិច​គ្មាន​ស្ថិតិ​ដី​ពួកគាត់​ពិតប្រាកដ​នៅឡើយ ហើយ​ការដែល​ជនជាតិ​ដើម​ភាគតិច​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​សហគមន៍​នោះ​គឺ​ដើម្បី​សុវត្ថិភាព​ដល់​ដីធ្លី​ពួកគាត់​»​។

លោក ឡោ ដាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​គ្មាន​អ្នកទទួល​។

រីឯ​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការលើក​ឡើង​របស់​ជនជាតិ​ដើម​ភាគតិច​នេះ​ដោយ​ថ្លែងថា កំពុង​ជាប់រវល់​ប្រជុំ​។

ប៉ុន្តែ​លោក នួន ដាញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច​កាលពី​ខែ​ឧសភា​ឆ្នាំនេះ ដើម្បី​ជំរុញ​ការអនុវត្ត​សកម្មភាព​លើ​ការងារ​អភិវឌ្ឍន៍​សហគមន៍​ជនជាតិដើម​ភាគតិច​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

ទោះយ៉ាងណា​លោក​បាន​ត្អូញត្អែរ​ពី​ការខ្វះខាត​ថវិកា​ដោយ​ថា បើ​គ្មាន​ថវិកា​គ្រប់គ្រាន់​ទេ គម្រោង និង​ផែនការ​ដែល​បាន​រៀបចំ​រួចរាល់​នោះ​នឹង​មិន​អាច​អនុវត្ត​ទៅ​បាន​រលូន​ទេ​។ ដូច្នេះ​ក្រសួង​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការប្រមូល​ថវិកា​សម្រាប់​ជួយ​អភិវឌ្ឍ​ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​។

ថវិកា​បាន​ដាក់​ចេញ​ផែនការ ៣ ​ចំណុច ទី​១- ​រៀបចំ​សេចក្ដី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ និង​សកម្មភាព​ជាតិ​ស្ដីពី​ការងារ​អភិរក្ស អភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច ទី​២- ​សម្របសម្រួល​កសាង​ទិន្នន័យ​ជនជាតិ​ដើម​ភាគតិច និង​ទី​៣- ​រៀបចំ​ផែនការ​កសាង​សមត្ថភាព​ដល់​មន្ត្រី និង​អ្នកពាក់ព័ន្ធ​ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ជនជាតិ​ដើម​ភាគតិច​។

លោក​បញ្ជាក់ថា​៖ «​យើង​ពិតជា​មាន​ការយឺតយ៉ាវ​ក្នុងការ​ចុះបញ្ជី​កំណត់សម្គាល់​អត្តសញ្ញាណ​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច ព្រោះ​ពួកគាត់​ខ្លះ​ក៏​សហការ​ជាមួយ​មន្ត្រី ហើយ​ខ្លះទៀត​មិន​បាន​សហការ​ជាមួយ​យើង​ដែរ​។ អ៊ីចឹង​ខ្ញុំ​សូម​ជំរុញ​ឲ្យ​បងប្អូន​មាន​ការចូលរួម​ឲ្យ​ពេញលេញ​ទាំងអស់​គ្នា ដើម្បី​យើង​ធ្វើការ​រួមគ្នា​ទៅ​ថ្ងៃមុខ​»​។

តាម​របាយការណ៍​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ កម្ពុជា​មាន​ជនជាតិ​ដើម​ភាគតិច​ចំនួន ២៤ ក្រុម​រួមមាន ព្នង​ កួយ ទំពួន ចារាយ គ្រឹង ព្រៅ កាវែត ស្ទៀង ក្រោល មិល កាចក់ ព័រ ខោញជង សួយ ថ្មួន លុន ស្អូច រដែ ខិ អេង ស្ដុង ល្អិន និង​សំរែ ដែល​សរុប​ប្រមាណ​ជា ១,៣៤ ភាគរយ​ នៃ​ប្រជាជន​នៅក្នុង​ប្រទេស ​កម្ពុជា​។

ពួកគេ​កំពុង​រស់នៅ​តាម​ខេត្ត​ចំនួន ១៥ ដូចជា​ខេត្តរតនគិរី​ មណ្ឌលគិរី​ ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និង​សៀមរាប ហើយ​ពួកគាត់​ភាគច្រើន​ប្រកប​ការងារ​ធ្វើស្រែ​ចម្ការ​វិលជុំ​ប្រមូលផល​អនុផល​ព្រៃឈើ ការ​ប្រមាញ់​សត្វ ការនេសាទ និង​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ប្រពៃណី​គ្រួសារ​៕