មណ្ឌលគិរីៈ ជនជាតិដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី​បាន​នាំ​ប៉ូលិស​ប៉ុស្ដិ៍ និង​មន្ត្រី​បរិស្ថាន​ចុះ​ទៅ​ដល់​ទីតាំង​ដែល​មាន​ការលួច​អារឈើ​នៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ក្រោយពី​ពួកគាត់​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ និង​ឃុំ​អំពី​ករណី​នេះ​អស់​ជាច្រើន​ខែ តែ​មិនឃើញ​មាន​ការចុះ​បង្ក្រាប​។

លោក លីវ ខែម លេខាធិការ សហគមន៍​ព្រៃឈើ​ភូមិ​ពូញ៉ាវ​បាន​ថ្លែងថា កាលពី​ថ្ងៃ​ទី​ ៦ ​កក្កដា​ខាង​សហគមន៍​ជនជាតិ​ដើម​ចំនួន​ ១០ ​នាក់​​ បាន​នាំ​មន្ត្រី​បរិស្ថាន​ ៣ ​នាក់ និង​មន្ត្រីប៉ូលិស​ ៣ ​នាក់​ចុះ​ទៅ​ដល់​ទីតាំង​ដែលមាន​ការលួច​អារឈើ ដែល​ក្រុម​សហគមន៍​បាន​ចុះ​ល្បាត​ប្រទះឃើញ​តាំងពី​ខែឧសភា ស្ថិតនៅ​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច ឃុំ​មេម៉ង ស្រុក​កែវសីមា​។

លោក​ថា ការនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ក្រាប​នេះ គឺ​ដើម្បី​កុំឱ្យ​មាន​ការចោទប្រកាន់​មកលើ​សហគមន៍​ថា ចេះ​តែ​លើកឡើង​ខុស​ពី​ការពិត ឬ​ចុះ​ថត​ផ្ដេសផ្ដាស​ថា មាន​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ការពារ ម្យ៉ាងវិញ​ទៀត បន្ទាប់ពី​មិន​បាន​ឃើញ​មាន​សកម្មភាព​ចុះបង្ក្រាប ក្រោយពី​ខាង​សហគមន៍​បាន​រាយការណ៍​ទៅ​មន្ត្រីឃុំ​អស់​រយៈពេល​រាប់​ខែ​តាំងពី​បាន​ចុះ​ល្បាត​រកឃើញ​ករណី​បទល្មើស​ភ្លាម​។

លោក​ថា​៖ «​យើង​រកឃើញ​បទល្មើស​ហ្នឹង​ច្រើន​ខែ​មកហើយ ប៉ុន្តែ​យើង​អត់​ឃើញ​មាន​អាជ្ញាធរ​សមត្ថកិច្ច​ចុះបង្ក្រាប​។ យើង​បាន​រាយការណ៍​ទៅ​ឃុំ គាត់​ថា​រវល់ និង​ទុកឱ្យ​ភូមិ​ដោះស្រាយ​។ យើង​នាំ​មន្ត្រី​ (​មន្ត្រី​បរិស្ថាន និង​ប៉ូលិស​) ​ចុះ​ទៅ​ផ្ទាល់​នេះ គឺ​ដើម្បី​កុំឱ្យ​ពួកគាត់​ថា យើង​កុហក ហើយ​នៅពេល​ចុះ​ផ្ទាល់​គឺ​ឃើញ​អ៊ីចឹង​មែន​»​។

លោក​អះអាង​ថា ដើមឈើ​ធំៗ​ជាច្រើន​ដើម ដែល​មិន​អាច​រាប់​អស់ ជាពិសេស​ប្រភេទ​សុក្រំ​ដែល​មាន​មុខកាត់​ប្រហែល​ពី ២០ ​សង់ទីម៉ែត្រ​ទៅ​ដល់​ ៤០ ​សង់​ទីម៉េត្រ​ត្រូវ​បាន​ក្រុម​ជនល្មើស​អារ​ផ្ដួលរំលំ ហើយ​បាន​អារច្រៀក​ដើម្បី​ដឹក​ចេញ​ពី​ព្រៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​។

មន្ត្រី​បរិស្ថាន​ម្នាក់​ដែល​ចុះបង្ក្រាប​នេះ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ ចំណែក​លោក កប ធុន នាយប៉ុស្ដិ៍ ឃុំ​មេម៉ង​ថា មិនទាន់​ទទួល​បាន​ព័ត៌មាន​ពី​មន្ត្រី​របស់លោក​ដែល​បាន​ចុះទៅ​ដល់​ទីតាំង​អារឈើ​នេះ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​លោក ចាន់ សាមេន មេឃុំ​មេម៉ង បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​ខាង​សហគមន៍​ដែលថា ឃុំ​មិន​បាន​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិ​មេម៉ង​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ព្រេច​នេះ​។ ​លោក​ថា លោក​តែង​នាំ​កម្លាំង​នគរបាល​ថ្នាក់ឃុំ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​នៅពេល​ទទួល​បាន​ការរាយការណ៍​ពី​ខាង​សហគមន៍​។

លោក​ថា​៖ «​ពួកគាត់​អត់​ដែល​រាយការណ៍​បទល្មើស​ព្រៃឈើ​ (​ក្នុងភូមិ​មេម៉ង​) ​ឯណា ចេះតែ​ថា​! អ៊ីចឹង ខ្ញុំ​មិន​ចូលចិត្ត​ទេ អត់​បាន​រាយការណ៍​ផង តែ​ថា​បាន​រាយការណ៍​។ ប្រសិន​បើ​ពួកគាត់​រាយការណ៍​មក គឺ​ខ្ញុំ​មាន​កម្លាំង​សមត្ថកិច្ច​នៅ​ឃុំ​ហ្នឹង​ចុះបង្ក្រាប​ទៅ​តាម​បទបញ្ជា​ពី​ថ្នាក់ជាតិ​មក​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​ពី​លោក កែវ សុភ័ក្រ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។

លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​មណ្ឌលគិរី​បាន​លើកឡើង​ថា មន្ត្រី​មូលដ្ឋាន​គឺ​ត្រូវតែ​ដាក់​បណ្ដឹង​បរិហារ ឬ​រាយការណ៍​ទៅ​តុលាការ នៅពេល​ដឹងថា មាន​បទល្មើស​ព្រៃឈើ​កើតឡើង ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​មិនដឹង​មិនឮ ហើយ​មិន​ដាក់​បណ្ដឹង​បរិហារ​ចំពោះ​បទល្មើស​កើតឡើង នោះ​មាន​ន័យថា មន្ត្រី​ទាំងនោះ​ត្រូវ​ប្រឈមមុខ​ច្បាប់​។

លោក​ថា​៖ «​យើង​ដឹងថា មាត្រា​ ៥២៨ នៃ​ក្រមព្រហ្មទណ្ឌ​ប្រសិន​បើ​អាជ្ញាធរ​ដឹង​ហើយ ហើយ​មិន​បាន​ចាត់វិធានការ​ជាបន្ទាន់ គឺ​ត្រូវ​ទទួល​ទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លាន​រៀល​ទៅ​ ៦ ​លាន​រៀល​»៕

វីដេអូ៖