មណ្ឌលគិរី: ពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិលចំនួន ៦ នាក់ បានដាក់ពាក្យបណ្ដឹងចំនួន ២ ដាច់ ដោយឡែកពីគ្នាប្ដឹងមនុស្ស ៤ នាក់ ទៅតុលាការខេត្តក្នុងនោះមានជំទប់ទី ១ ឃុំប៊ូស្រាម្នាក់ និងអភិបាលរងខេត្តមណ្ឌលគិរីម្នាក់ដោយចោទពាក់ព័ន្ធការចេញបណ្ណសម្គាល់ម្ចាស់ដីធ្លីជាន់លើដីគម្របព្រៃឈើ និងបទចោទពាក់ព័ន្ធលួចគាស់យកថ្មធម្មជាតិនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្ដែចុងចោទបានបដិសេធ។
តាមលិខិតពាក្យបណ្ដឹងទី ១ រាយនាមដើមចោទរួមមាន ឈ្មោះ ប៉ែន ប៊ុណ្ណារ៍ មន្ត្រីអាដហុក, ឈ្មោះ គ្រើង តុលា, ឈ្មោះ ប្រប់ ទុច, ក្វាង ចូល, ស្រប គន និងឈ្មោះ សាំង សឿន ដែលជាជនជាតិ ពូនង ពួកគាត់ទាំង ៥ នាក់រស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ពាក្យបណ្ដឹងនេះត្រូវបានដាក់ទៅសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី ២២ ខែមករានេះ។
ខ្លឹមសារក្នុងពាក្យបណ្ដឹងបានឲ្យដឹងថា លោក កេង ញ៉ក់ អតីតមេឃុំប៊ូស្រា និងបច្ចុប្បន្នជាជំទប់ទី ១ នៅឃុំប៊ូស្រា និងលោក ឈឹម កាន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្តមណ្ឌលគិរី និងសព្វថ្ងៃជាអភិបាលរងខេត្តមណ្ឌលគិរី ពួកគាត់ទាំង ២ នាក់ បានជាប់ពាក់ព័ន្ធការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ប័ណ្ណ, សលាកបត្រព័ត៌មានចំនួន ៤ ច្បាប់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចំនួន ៤ ច្បាប់លើដីគម្របព្រៃឈើដែលមានលក្ខណៈជាព្រៃនៅឡើយ និងមានលក្ខណៈខុសច្បាប់នៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ពាក្យបណ្ដឹងបញ្ជាក់ថា៖ «យោងតាមគោលនយោបាយចាស់សកម្មភាពថ្មី ០០១ ឆ្នាំ ២០១២ ដីប្រទានកម្មដល់ប្រជាពលរដ្ឋគឺបានតែចំពោះលើដីដាំដំណាំប៉ុណ្ណោះ និងចំពោះដីព្រៃរដ្ឋមិនអាចយកទៅធ្វើការលក់ ទិញ ផ្ទេរបានឡើយ ប៉ុន្ដែយើងខ្ញុំបានរកឃើញថា ករណីបំពានច្បាប់នេះមានកើតឡើងច្រើននៅក្នុងខេត្តមណ្ឌលគិរី»។
លោក គ្រើង តុលា ម្នាក់ក្នុងចំណោម ៥ នាក់ផ្សេងទៀតបានឲ្យដឹងថា ឯកសារទាំងនោះគឺបានទទួលពីម្ចាស់ឯកសារផ្ទាល់ដោយបានពិនិត្យជាក់ស្តែងឃើញថា ដីទាំងនោះសុទ្ធតែស្ថិតនៅក្នុងដីគម្របព្រៃឈើរបស់រដ្ឋ និងជាព្រៃឈើនៅឡើយ។
លោកបន្តថា ដោយសារពួកលោកធ្លាប់បានស្វែងយល់ពីច្បាប់ភូមិបាល ច្បាប់ព្រៃឈើ ច្បាប់ស្ដីពីតំបន់ការពារធនធានធម្មជាតិ ការចេញប័ណ្ណលើដីព្រៃ ការទិញលក់ផ្ទេរដីព្រៃ និងការបញ្ជាក់លើលិខិតលក់ទិញផ្ទេរដីព្រៃដោយអាជ្ញាធរព្រៃឈើ គឺជាបទល្មើសព្រហ្មទណ្ឌ។ តាមការស្រាវជ្រាវ និងការអះអាងរបស់ម្ចាស់ដីនៅមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សលាកបត្រព័ត៌មាន និងលិខិតផ្ទេរ លិខិតសិទ្ធិកាន់កាប់ដីធ្លីជាច្រើនទៀត។
លោក គ្រើង តុលា បញ្ជាក់ថា៖ «ដូច្នេះពួកខ្ញុំនឹងដាក់ស្នើសុំឲ្យលោកព្រះរាជអាជ្ញាបើកការស៊ើបអង្កេត និងចាត់វិធានការលើជនប្រព្រឹត្តតាមផ្លូវច្បាប់។ សុំទាមទារមោឃភាពចោលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ សលាកបត្រព័ត៌មានចំនួន ៤ ច្បាប់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីចំនួន ៤ ច្បាប់ និងដកហូតដីព្រៃមករក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកបានថ្លែងថា វាជាសិទ្ធិរបស់ពលរដ្ឋដែលពួកគាត់មើលឃើញពីភាពមិនប្រក្រតីចំពោះការអនុវត្តច្បាប់របស់មន្ត្រី។ ដោយលោករំពឹងថា តុលាការនឹងបើកការស៊ើបអង្កេត និងចាត់វិធានការលើជនប្រព្រឹត្តតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «តាមការស្រាវជ្រាវរបស់យើងកន្លងមកនេះ ពិតជាឃើញមានការចេញបណ្ណកម្មសិទ្ធិដីធ្លីមិនប្រក្រតីមែន ដែលផ្ទុយពីអនុក្រឹត្យ ០០១ របស់រាជរដ្ឋាភិបាល ដូច្នេះយើងត្រូវតែប្ដឹងឲ្យមានការស្រាវជ្រាវ ស៊ើបអង្កេត និងដកហូតដីព្រៃទាំងនោះយកមករក្សាទុកជាសម្បត្តិរដ្ឋវិញ»។
លោក ឈឹម កាន អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្តមណ្ឌលគិរី និងបច្ចុប្បន្នជាអភិបាលរងខេត្តមណ្ឌលគិរីបានថ្លែងថា លោកមិនទាន់បានដឹងពីការប្ដឹងរបស់ពលរដ្ឋសហគមន៍ជនជាតិដើមភាគតិចនេះទេ ប៉ុន្ដែលោកអះអាងថា អ្វីដែលលោកបានអនុវត្តកន្លងមកនេះគឺធ្វើទៅតាមនីតិវិធីទាំងអស់។
លោក មាស ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីពីម្សិលមិញបានថ្លែងថា លោកបានទទួលពាក្យបណ្ដឹងរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចរស់នៅឃុំប៊ូស្រាស្រុកពេជ្រាដារួចរាល់ហើយ ដោយលោកកំពុងត្រួតពិនិត្យ ដើម្បីដាក់ជូនទៅលោកព្រះរាជអាជ្ញាធរចាត់ចែង។
លោកបានថ្លែងថា៖ «ខ្ញុំបានឃើញពាក្យបណ្ដឹងរបស់ពួកគាត់ទាំង ២ នេះហើយ ឥឡូវខ្ញុំកំពុងត្រួតពិនិត្យសិន ពេលខ្ញុំពិនិត្យរួច ខ្ញុំនឹងដាក់ជូនទៅព្រះរាជអាជ្ញាពេលដល់ដៃព្រះរាជអាជ្ញាគាត់នឹងមាននីតិវិធីគាត់ តែខ្ញុំអត់ដឹងគាត់កោះហៅភាគីពាក់ព័ន្ធពេលណាទេ»៕