មណ្ឌលគិរីៈ ជនជាតិភាគតិច និងមន្ត្រីសង្គមស៊ីវិលបាននាំគ្នាដាក់បណ្ដឹងទៅតុលាការខេត្តមណ្ឌលគិរី ប្ដឹងអាជ្ញាធរដែនដីនៅស្រុកពេជ្រាដាដោយចោទថា បានអនុញ្ញាតឱ្យមានការលក់ដូរដីព្រៃសហគមន៍ជាង ១ ពាន់ហិកតា ប៉ុន្តែមន្ត្រីអាជ្ញាធរបានបដិសេធ។
បណ្ដឹងបរិហារដែលដាក់ទៅតុលាការកាលពីថ្ងៃទី ២១ ខែឧសភា គឺធ្វើឡើងដោយជនជាតិដើមភាគតិចព្នងចំនួន ៣ នាក់នៅស្រុកពេជ្រាដារួមទាំងមន្ត្រីសមាគមអាដហុកម្នាក់ដោយប្ដឹងលោក ប្លក់ ជ្រោវ មេភូមិពូក្រូច លោក ធុយ ប៊ុនលឿន មេឃុំស្រែអំពូម និងលោក មើល សឿន អភិបាលស្រុកពេជ្រាដា។
ពាក្យបណ្ដឹងសរសេរថា មន្ត្រីទាំង ៣ នាក់នេះបានចុះហត្ថលេខា និងបោះត្រា អនុញ្ញាតឱ្យមានការលក់ដូរ និងកាប់រានធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់លើដីព្រៃសហគមន៍ភូមិពូក្រូចមានទំហំ ១២៣១ ហិកតាដែលជាដីរដ្ឋត្រូវបានប្រកាសទទួលស្គាល់ដោយក្រសួងកសិកម្មតាំងពីឆ្នាំ ២០១៣ រហូតបណ្ដាលឱ្យដីព្រៃរដ្ឋនេះបាត់បង់ស្ទើរតែទាំងស្រុង។ «សូមដកហូតយកដី ១២៣១ ហិកតាមកទុកជាសម្បត្តិរដ្ឋវិញ។ សងតម្លៃខូចខាតព្រៃឈើឱ្យបានដូចដើមវិញ និងផ្ដន្ទាទោសជនពាក់ព័ន្ធដែលធ្វើឱ្យបាត់បង់ព្រៃឈើ»។
លោក គ្រើង តុលា សកម្មជនការពារព្រៃឈើនៅឃុំប៊ូស្រាដែលចូលរួមដាក់ពាក្យបណ្ដឹងនេះបានលើកឡើងថា តាមព័ត៌មានដែលលោកទទួលបានដីព្រៃសហគមន៍គឺភាគច្រើនត្រូវបានអ្នកភូមិនាំគ្នាលក់ដោយបានសូកប៉ាន់លុយកាក់ឱ្យអាជ្ញាធរភូមិ ឃុំ ឲ្យស៊ីញេទទួលស្គាល់ ហើយមិនបានខ្វល់ថាជាដីរបស់រដ្ឋ។ «ទោះជាគេគ្រប់គ្រង (ដីហ្នឹង) រហូតមានរយៈពេលដល់ ១៥ ឆ្នាំក្ដី ប៉ុន្តែនៅក្នុងផ្លូវច្បាប់តំបន់ណាដែលត្រូវបានចុះបញ្ជីជាដីរបស់រដ្ឋហើយគឺមិនអាចអ្នកណាអាចយក (កាន់កាប់ជាកម្មសិទ្ធិឯកជន) បានដោយគ្មានលិខិតធ្វើអនុប្បយោគពីរាជរដ្ឋាភិបាលបានទេ»។
ចំណែកលោក គឺប ម្ហច់ រស់នៅក្នុងភូមិពូក្រូចថ្លែងថា ដីព្រៃសហគមន៍នេះត្រូវបានគេឈូសឆាយអស់ប្រហែល ៦០% តាំងពីឆ្នាំ ២០១៨ ហើយបច្ចុប្បន្នព្រៃឈើនៅសល់តែ ៤០ ភាគរយទៀតប៉ុណ្ណោះ ហើយអាចនឹងបាត់បង់ ១០០% ជាពុំខានបើមិនមានការដកហូត ឬទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ។ លោកបន្តថា កន្លងមកខាងសហគមន៍ធ្លាប់បានប្ដឹងទៅខាងរដ្ឋបាលព្រៃឈើអំពីការឈូសឆាយដីព្រៃនេះ ប៉ុន្តែនៅក្រោយពីខាងរដ្ឋបាលព្រៃឈើចុះបង្ក្រាបហើយសកម្មភាពឈូសឆាយនៅតែបន្តកើតឡើងវិញដដែល។
លោកថា៖ «អ្នកដែលឈរឈ្មោះលក់ដីទាំងហ្នឹងគឺមិនបានដឹងពីអត្តសញ្ញាណច្បាស់ទេ ហើយដីព្រៃទាំងហ្នឹងគឺនៅតែកាប់ និងឈូសឆាយទន្ទ្រានយកជាបន្ត ហើយនៅពេលខាងយើងបង្ហោះតាមហ្វេសប៊ុកសកម្មភាពទាំងហ្នឹងក៏រាងស្ងាត់វិញ»។
កាលពីសប្តាហ៍មុនពលរដ្ឋនៅក្នុងឃុំអំពូម ២ នាក់ត្រូវបានប៉ូលិសប៉ុស្ដិ៍កោះហៅទៅសួរនាំ ក្រោយពីពួកគេបានបង្ហោះតាមហ្វេសប៊ុកថា ដីព្រៃសហគមន៍ទំហំជាង ១ ពាន់ហិកតានៅក្នុងភូមិពូរ៉ាដែតក៏ត្រូវបានឈូសឆាយ និងកាន់កាប់ដោយឯកជន ស្ទើរទាំងស្រុងដូចគ្នានៅក្នុងភូមិពូក្រូចផងដែរ។
លោក ធុយ ប៊ុនលឿន មេឃុំស្រែអំពូមបញ្ជាក់យ៉ាងខ្លីថា លោកចាំមើលការកោះហៅពីតុលាការ។ លោក ប្លក់ ជ្រោវ មេភូមិពូក្រូចថ្លែងថា ដីព្រៃសហគមន៍ភូមិពូក្រូចគឺត្រូវបានខាងក្រសួងកសិកម្មផ្ទេរឱ្យក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងហើយកន្លងមកត្រូវបានមន្ត្រីមកពីថ្នាក់ជាតិ និងខេត្តចុះមកវាស់ដើម្បីកាត់ចេញខ្លះប្រគល់ឱ្យពលរដ្ឋជាង ៣០ គ្រួសារដោយសារពួកគាត់បានកាន់កាប់តាំងពីឆ្នាំ ២០០៥-២០០៦ មុនមានការប្រកាសទទួលស្គាល់ពីក្រសួងកសិកម្ម។ «យើងមិនដឹងថាដីកាត់ចេញប៉ុន្មានហិកតាគឺអត់បានដឹងទេ។ ការកាត់ចេញហ្នឹងដោយសារពលរដ្ឋបានទិញតាំងពីឆ្នាំ ២០០៥-២០០៦ ហើយនៅពេលពួកគាត់នាំគ្នាតវ៉ាយូរៗគេក៏បានសម្រេចកាត់ឱ្យពួកគាត់វិញ»។
លោក មើល សឿន អភិបាលស្រុកពេជ្រាដា បានបដិសេធការចោទប្រកាន់នេះដោយបញ្ជាក់ពីម្សិលមិញថា លោកគ្មានសិទ្ធិអំណាចរហូតហ៊ានទៅលក់ដូរដីព្រៃសហគមន៍ឡើយ។
លោកថា៖ «សួរថាអ្នកណាហ៊ានលក់ដីសហគមន៍ដល់ ១ ទៅ ២ ពាន់ហិកតានោះ អ្នកណាមានសិទ្ធិ ខ្ញុំម៉េចហ៊ាន។ ឥឡូវខ្ញុំកំពុងឱ្យស្រាវជ្រាវ តើការប្ដឹងហ្នឹង សំអាងលើអីខ្លះ។ ពាក់ព័ន្ធនឹងការចោទប្រកាន់នេះគឺមិនពិតប្រាកដទេ... ពីព្រោះខ្ញុំមិនដឹងថា ដីហ្នឹងនៅត្រង់ណា»។
ចំណែកលោក សុក សេរ៉ា អ្នកនាំពាក្យខេត្តមណ្ឌលគិរីថ្លែងថា ខេត្តមិនទាន់បានដឹងថា មានការចោទប្រកាន់មន្ត្រីនៅស្រុកពេជ្រាដាអំពីការធ្វើឱ្យបាត់បង់ដីព្រៃសហគមន៍នេះទេ។
លោកថា ពលរដ្ឋគួរតែនាំគ្នាប្ដឹងមកខេត្ត មុនសម្រេចចិត្តប្ដឹងទៅតុលាការ។ លោកថា៖ «បើប្ដឹងទៅតុលាការហើយក៏មិនដឹងនិយាយថាម៉េច។ អានេះគឺជាសិទ្ធិរបស់គាត់ ហើយការដោះស្រាយរបស់តុលាការយ៉ាងម៉េច អាហ្នឹងយើងចាំមើលតទៅទៀត»៕