មណ្ឌលគិរីៈ ជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរីស្នើឱ្យមន្ត្រីបរិស្ថាន ចុះដកបង្គោលដែលត្រូវបានគេបោះរំលោភវាតយកដីដែនជម្រកសត្វព្រៃភ្នំណាមលៀរដែលស្ថិតនៅក្បែរស្នាក់ការបរិស្ថាន និងបានជំរុញឲ្យដាក់ពាក្យប្តឹងអ្នកដែលបានបោះបង្គោលវាតយកដីរដ្ឋទាំងនោះ។
លោក គ្រើង តុលា ជនជាតិដើមភាគតិចព្នងដែលជាសកម្មជនព្រៃឈើនៅខេត្តមណ្ឌលគិរីបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីថ្ងៃទី ២២ ខែមិថុនាថា ដីប្រហែលពី ១ ពាន់ទៅ ២ ពាន់ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរនៅក្បែរដីរបស់ក្រុមហ៊ុនមេហ្គាហ្វើសក្នុងភូមិពូរលេះ ឃុំដាក់ដាំ ស្រុកអូររាំង ត្រូវបានគេបោះបង្គោលពី ៣០ ទៅដល់ ៤០ បង្គោលធ្វើជាក្បាលដី រួមទាំងបង្គោលជាច្រើនទៀតត្រូវបានគេលួចបោះនៅក្នុងព្រៃ ដើម្បីហ៊ុមព័ទ្ធរំលោភយកដីរដ្ឋ។
លោកបន្តថា បង្គោលខ្លះត្រូវបានគេលួចបោះ តាំងពីឆ្នាំ ២០១៩ ហើយមួយចំនួនទៀត ត្រូវបានគេបន្តបោះនៅក្នុងឆ្នាំ ២០២០ នេះដែលស្ថិតនៅចម្ងាយប្រហែល ១០០ ទៅ ១៥០ ម៉ែត្រប៉ុណ្ណោះពីស្នាក់ការបរិស្ថានទួលស្វាយ ប៉ុន្តែបែរជាមន្ត្រីបរិស្ថានមើលមិនឃើញបង្គោលទាំងនោះ និងមិនបានចុះដកចេញឡើយ។
លោកថា កាលពីពេលថ្មីៗនេះលោកឃើញខាងបរិស្ថានបានចុះដកបង្គោលដែរ ប៉ុន្តែនៅឆ្ងាយពីស្នាក់ការបរិស្ថានប្រហែល ៣០០ ទៅ ៤០០ ម៉ែត្រ។ លោកបញ្ជាក់ថា៖ «ប៉ុន្តែបង្គោលដែលគេបោះនៅជិតស្នាក់ការរបស់គាត់ បែរជាមើលមិនឃើញទៅវិញ។
យើងឆ្ងល់ថា ហេតុអ្វីពួកគាត់មិនដក ឬជាដីរបស់មន្ត្រីបរិស្ថានហ្នឹង ឬរបស់ប៉ូលិស ទាហាន បានជាគេមិនដក»។ លោកថ្លែងទៀតថា ប្រជាពលរដ្ឋស្នើសុំឲ្យមន្ត្រីបរិស្ថាន ដកបង្គោលទាំងនោះចេញពីដែនជម្រកសត្វព្រៃ និងត្រូវដាក់បណ្ដឹងទៅតុលាការ ប្រឆាំងនឹងបុគ្គលដែលបោះបង្គោលវាតយកដីរដ្ឋទាំងនោះ។
ប៉ុន្តែលោក វុធ សារុំ ប្រធានដែនជម្រកសត្វព្រៃភ្នំណាមលៀរបានបញ្ជាក់ថា បង្គោលទាំងនោះគឺមិនមែនជារបស់មន្ត្រីបរិស្ថានឡើយ ហើយមន្ត្រីក៏មិនបានធ្វើមិនដឹងមិនឮនោះដែរ ហើយការមិនបានចុះដកបង្គោលទាំងនោះ គឺដោយសារតែខ្វះមន្ត្រី។
លោកបានបញ្ជាក់ថា៖ «យើងបានដកបង្គោលដូចភ្លៀងរលឹមអ៊ីចឹង ប៉ុន្តែគ្រាន់តែថា នៅស្នាក់ការទួលស្វាយ និងស្នាក់ការកង់រ៉ូឡង់គឺមានមន្ត្រីបរិស្ថានតែ ៤ នាក់ទេ។ ប៉ុន្តែនៅពេលយើងប្រមូលកម្លាំងចុះមកល្បាត និងដកបង្គោលនៅខាងកង់រ៉ូឡង់ យើងនៅសល់តែម្នាក់នៅស្នាក់ការទួលស្វាយ។ អ៊ីចឹង! វាអាចខ្វះចន្លោះ ដោយសារមន្ត្រី (តែម្នាក់) យើងមិនបានដើរល្បាត ឬដោយសារប៉ុន្មានថ្ងៃនេះមានមេឃភ្លៀង ហើយមិនមែនយើងមិនធ្វើការងារហ្នឹងទេ ព្រោះវាគឺជាកាតព្វកិច្ច»។
លោកបន្តថា៖ «ប៉ុន្តែនិយាយដោយឡែកលោក គ្រើង តុលា នេះគឺរកតែចំណុចខ្វះចន្លោះហ្នឹង ហើយមិនមែនយើងមិនឃើញទេ ប៉ុន្តែគឺយើងរង់ចាំកម្លាំងមកជុំគ្នាសិន ទើបដាក់ផែនការដក»។
លោក សារុំ បន្ថែមថាទីតាំងដែលមានការបោះបង្គោលនោះគឺស្ថិតនៅក្នុងទីតាំងរបស់ក្រុមហ៊ុនមេហ្គាហ្វើសខ្លះ និងស្ថិតនៅក្នុងដែនជម្រកសត្វព្រៃខ្លះ។ លោកបញ្ជាក់ទៀតថា អ្នកដែលលួចបោះបង្គោលទាំងនោះគឺជាជនជាតិដើមភាគតិចតែម្ដង ហើយភាគច្រើនគឺពលរដ្ឋខ្មែរអ៊ិស្លាមដែលទើបលួចបោះក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
លោក ច្រូច ខ្លើត ជនជាតិដើមភាគតិចនៅក្នុងភូមិពូរលេះបញ្ជាក់ថា ដីចម្ការរបស់ក្រុមពលរដ្ឋជនជាតិដើមនៅភូមិនេះ គឺស្ថិតនៅតាមបណ្ដោយមាត់អូរ ដែលមានចម្ងាយជាច្រើនគីឡូម៉ែត្រពីទីតាំងដែលមានបោះបង្គោលនៅក្នុងដែនជម្រកសត្វព្រៃ។
លោកបន្តថា នៅម្តុំទីតាំងបោះបង្គោលនោះគឺជនជាតិដើមអាចចូលត្រឹមទៅអាស្រ័យផលអនុផលពីព្រៃឈើប៉ុណ្ណោះ ហើយលោកថា អ្នកបោះបង្គោលគឺជាក្រុមអ្នករកស៊ីលក់ដី ដែលតែងចូលទៅចាប់ដី និងបោះបង្គោលនៅទីតាំងនោះ ដែលភាគច្រើនគឺជាខ្មែរ-អ៊ិស្លាម និងមិនត្រូវបានគេស្គាល់អត្តសញ្ញាណច្បាស់ឡើយ៕