មណ្ឌលគិរីៈ ជនជាតិ​ដើម​ភាគតិច​ ១៤ ​គ្រួសារ​រស់នៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​បាន​មក​សុំ​កិច្ចអន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សិទ្ធិមនុស្ស​ករណី​មាន​ឈ្មួញ​យក​គ្រឿងចក្រ​ឈូសឆាយ​ផល​ដំណាំ​ពួកគាត់​លើ​ផ្ទៃដី​ប្រមាណ ១០ ​ហិកតា ខណៈ​អាជ្ញាធរ​ថា​ពេល​នេះ​បាន​ផ្អាក​ការ​ឈូសឆាយ​បណ្ដោះអាសន្ន​ហើយ​។

លោក​ យ៉ាត តាយ តំណាង​ជនជាតិ​ដើម​ភាគតិច​ព្នង​ (​ពូនង​) ​ទាំង​ ១៤ គ្រួសារ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​ ១៧ ខែ​ធ្នូ​ថា​ដីចម្ការ​របស់​ពួកគាត់​ប្រមាណ​ ១០ ហិកតា​ដែល​បាន​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​ ១៩៨០ ​ជាង​មក​មាន​ដាំ​ដំណាំ ស្វាយ ខ្នុរ និង ផ្លែប៊័រ ម្នាស់ ជាដើម ត្រូវ​បាន​គេ​យក​គ្រឿងចក្រ​ឈូសឆាយ​អស់​ទាំង​ស្រុង និង​បាន​ដុត​ខ្ទម​យាម​ចម្ការ​អស់​ ២ ​ផង​ដែរ​។

លោក​អះអាង​ថា​៖ «​មាន​មេការ​ម្នាក់​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​តាំងពី​ថ្ងៃទី​ ១៥-១៦ ខែ​ធ្នូ​នេះ​រហូត​មក​ពេល​នេះ​គេ​ឈូសឆាយ​ដំណាំ​របស់​ពួក​ខ្ញុំ​អស់ទាំង​ស្រុង​ហើយ​។ ពួក​ខ្ញុំ​មិន​អាច​ហាមឃាត់​គេ​បាន​ទេ គេ​មាន​គ្នា​ ៥ ​នាក់​ទើប​ខ្ញុំ​ដាក់​លិខិត​ទៅ​មេឃុំ និង​អង្គការ អាដហុក ដើម្បី​សុំ​ជួយ​ដោះស្រាយ និង​ផ្អាក​ការ​ឈូសឆាយ​សិន​»​។

លោក តាយ បាន​បន្ដ​ថា​៖​ «​ដី​កសិកម្ម​របស់​ពលរដ្ឋ​ ១៤ ​គ្រួសារ​មាន​ទំហំ​ជិត​ ១០ ​ហិកតា​។ ពួកយើង​ធ្វើ​ចម្ការ​ចិញ្ចឹមជីវិត​លក្ខណៈ​គ្រួសារ​រៀងៗ​ខ្លួន​ជាង​ ៣០ ​ឆ្នាំ​មក​ហើយ​»​។

ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​សុំ​ការបកស្រាយ​ពី​មេការ​គ្រប់គ្រង​គ្រឿងចក្រ ដើម្បី​សុំ​ការបំភ្លឺ​ពី​ការឈូសឆាយ​ដី​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី​ ១៧ ខែ​ធ្នូ​។

ចំណែក​មេឃុំ​ដាក់​ដាំ​លោក​ ចាន់ ណា បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យបណ្ដឹង​រឿង​នេះ​ហើយ​នឹង​បាន​សរសេរ​លិខិត​ប្រាប់​ឲ្យ​មេការ​គ្រប់គ្រង​គ្រឿងចក្រ​ផ្អាក​សកម្មភាព​ឈូសឆាយ​ជាបន្ទាន់​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ​រួចរាល់​សិន​។

លោក​បាន​បន្ដ​ថា​៖ «​យើង​បាន​បញ្ជា​ឲ្យ​ផ្អាក​ដំណើរការ​ឈូសឆាយ​បណ្ដោះអាសន្ន​សិន ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្ដែ​​ការ​ឈូសឆាយ​នោះ​មិន​មាន​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទេ ប៉ះពាល់​តែ​ចម្ការ​ដំឡូង​ចម្ការ​អី​តិចតួច​ទេ​មើល​ទៅ​ប្រហែល​ជាង ៤ ​ហិកតា​អីហ្នឹង​»​។

លោក នង ស៊ុនណារី អភិបាល​ស្រុក​អូររាំង​ថ្លែង​ថា​ការឈូសឆាយ​នោះ​មិន​ដល់​ថ្នាក់​ឈូសឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​ទេ មាន​ប៉ះពាល់​ដល់​ចម្ការ​ប្រជាពលរដ្ឋ​ខ្លះ​ដែរ​។

លោក​បន្ដ​ថា​៖ «​រឿង​នេះ​ខ្ញុំ​បាន​ចាត់​ឲ្យ​ខាង​ឃុំ​គេ​ចុះ​ទៅ​មើល ទិដ្ឋភាព​ជាក់ស្ដែង​ហើយ​ពាក់ព័ន្ធ​ដីចម្ការ​ប្រជាពលរដ្ឋ​អីយ៉ាង​ម៉េចៗ​នោះ​។ បើ​តាម​ខ្ញុំ​ដឹង​រឿង​នេះ​គ្រាន់តែ​ដី​បងប្អូន​គាត់​ដដែលៗ​ទេ គ្រាន់តែ​យើង​ត្រូវ​ពិនិត្យ​មើល​តាម​លិខិតស្នាម អ្នក​ណា​កាន់កាប់​យ៉ាង​ម៉េចៗ​អី​»​។

លោក អ៊ាង ម៉េងលី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ (Adhoc) ខេត្ត​មណ្ឌលគិរី​ចាត់​ទុក​ការ​ឈូសឆាយ​ផលដំណាំ​របស់​ពលរដ្ឋ​គឺជា​ទង្វើ​ល្មើសច្បាប់​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជាបន្ទាន់ និង​ជំរុញ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់​។

លោក​បន្ត​ថា​៖ «​បើសិន​ជា​ភាគី​ខាង​រំលោភ​យក​ដែល​គាត់​អះអាង​ថា​មាន​កម្មសិទ្ធិ​លើ​ដី អ៊ីចឹង​វិវាទ​តាម​ផ្លូវ​ច្បាប់​ត្រូវ​តែ​ដោះស្រាយ​តាម​នីតិវិធី​ជូន​ពួកគាត់​ព្រោះ​តាម​ច្បាប់​របស់​ប្រទេស​កម្ពុជា​យើង គឺ​បាន​ផ្ដល់​អាទិភាព​ទៅដល់​បងប្អូន​ជនជាតិ​ភាគតិច​»៕