មណ្ឌលគិរីៈ តុលាការខេត្ត​មណ្ឌលគិរី​សម្រេច​ដាក់​បុគ្គល ៣ នាក់​ ដែល​ជា​តំណាង​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឡៅកា ឃុំ​សុខដុម​ ក្រុង​សែនមនោរម្យ ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ពី​បទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​។

ការសម្រេច​យ៉ាង​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​កោះហៅ​បុគ្គល​ទាំង​ ៣ ​រូប​ ដែល​មាន​ឈ្មោះ ផ្លឹក ភីរុំ អាយុ ៤០ ឆ្នាំ ផ្លឹក ណាវី អាយុ ៣៧ ឆ្នាំ និង ខ្វើង ទុំ អាយុ ៤៧ ឆ្នាំ ឱ្យចូល​បំភ្លឺ​កាលពី​ថ្ងៃទី ៩ ​ខែមីនា ពាក់ព័ន្ធ​នឹង​ហេតុការណ៍​កើតឡើង​កាលពី​ខែ​តុលា ឆ្នាំ​ ២០២០​។ ក្នុងពេល​ចូល​បំភ្លឺ​ក៏មាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡៅកា​ជាង​ ២០​ នាក់​បាន​ទៅ​ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការខេត្ត​ដោយ​បារម្ភ ខ្លាច​តុលាការ​ឃុំខ្លួន​តំណាង​របស់​ពួកគេ​។

សេចក្តី​សម្រេច​របស់​តុលាការ​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក​ ប៉ុក ស៊ីនវ៉ាន់ដា នៅ​ថ្ងៃទី​ ១០ ខែមីនា បាន​ឱ្យ​ដឹងថា ដើម្បី​ធានា​ដល់​កិច្ចស៊ើបសួរ​បន្ត និង​បង្ការ​មិនឱ្យ​ជន​ត្រូវ​ចោទ​រត់គេចខ្លួន​ ឬ​ធ្វើ​សកម្មភាព​ផ្សេងៗ​ប៉ះពាល់​ការស៊ើបសួរ គប្បី​តុលាការ​សម្រេច​ដាក់​ជន​ត្រូវចោទ​ដែល​នៅក្រៅ​ឃុំ​ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​។

សេចក្តី​សម្រេច​ដដែល​បញ្ជាក់​ថា​៖ «​ជន​ត្រូវ​ចោទ​មិនត្រូវ​ផ្លាស់ប្តូរ​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​។ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​។ ត្រូវ​ចូលមក​បង្ហាញខ្លួន​នៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ក្នុង​ ១ ​ខែម្តង​។ ​តុលាការ​ ឬ​ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឱ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​បាន​»​។

អ្នកស្រី​ ផ្លឹក ភីរុំ ជា​ជន​ត្រូវ​ចោទ​ម្នាក់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ការសម្រេច​របស់​តុលាការ​គឺជា​រឿង​អយុត្តិធម៌​បំផុត ខណៈ​កាលពី​អំឡុង​ខែ​តុលា ឆ្នាំ​ ២០២០ ​អ្នកស្រី និង​ពលរដ្ឋ​ជាង​ ៧០ ​នាក់​ទៀត​បាន​ចូលទៅ​ការពារ​ការហ៊ុមព័ទ្ធ​របង ដែល​បាន​ធ្វើ​ឡើង​លើ​ដី​សហគមន៍​រួម​។ ដី​សាធារណៈ និង​ភ្នំ​ដែល​មាន​ទំហំ​ជាង ៧ ហិកតា​ត្រូវបាន​បុគ្គល​មួយក្រុម​ចូល​ហ៊ុមព័ទ្ធ​ និង​កាន់កាប់​ដោយ​ពួកគេ​អះអាង​ថា មាន​សិទ្ធិ​ស្របច្បាប់ ប៉ុន្តែ​ជាក់ស្តែង ដី​ទាំងនេះ​គឺជា​ដី​ដែល​ជនជាតិ​ដើម​ភាគតិច​បាន​អាស្រ័យផល​រួមគ្នា​ជា​យូរ​ឆ្នាំ​មកហើយ​។

អ្នកស្រីថា​៖ «​អ្វីដែល​ពួកខ្ញុំ​ការពារ​រាល់ថ្ងៃនេះ មិនមែន​ការពារ​ទ្រព្យសម្បត្តិ​ខ្លួនឯង​តែមួយ​មុខ​ទេ គឺ​ពួកខ្ញុំ​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ជាពិសេស​តំបន់​នេះ គឺជា​ដី​របស់​រដ្ឋ ហើយ​ជនជាតិ​ដើម​ភាគតិច​ខ្ញុំ​ក្នុង​ភូមិ​បាន​អាស្រ័យផល​ជាយូរ​មកហើយ​។ តែ​បែរ​ជា​តុលាការ ចោទប្រកាន់​ពួកខ្ញុំ​ទៅវិញ​។ តុលាការ​គួរ​ណាស់​តែ​ចាត់​វិធានការ​បុគ្គល​ខិលខូច​ទាំងនោះ​វិញ​»​។

លោក មាស ប្រុស ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​តុលាការខេត្ត​មណ្ឌលគិរី​ថ្លែង​យ៉ាងខ្លី​ថា ការសម្រេច​នេះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ​។ លោក​ថា​៖ «​ចំពោះ​ការចោទប្រកាន់​លើ​សេចក្តី​សម្រេច​នេះ ថា​លម្អៀង និង​ធ្វើបាប​តែ​ប្រជាពលរដ្ឋ​នេះ​គឺ​រឿង​របស់​ចៅក្រម​ទេ ព្រោះ​ពួកគាត់​ចោទ​លើ​ចៅក្រម​។ តែបើ​ចៅក្រម គាត់​សម្រេច​ថា​ម៉េច ខ្ញុំ​ប្រាប់​អ្នកកាសែត​ថា​អ៊ីចឹង ប៉ុន្តែ​បើ​ថា​ការសម្រេច​នេះ​លម្អៀង​ម៉េច​ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក គ្រឿង តុលា អ្នក​ប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិដើម​ភាគតិច​ខេត្ត​មណ្ឌលគិរី ទទួលស្គាល់​ថា ទង្វើ​របស់​ពលរដ្ឋ​ដែល​បាន​ទៅ​រុះរើ​របង​ទាំងនោះ កាលពី​ពេល​កន្លងទៅ គឺជា​រឿង​ខុសច្បាប់​។ ប៉ុន្តែ​លោក​យល់ថា តុលាការ​ ឬ​អាជ្ញាធរ​មូលដ្ឋាន​គួរ​ណាស់​តែ​កោះហៅ​ពលរដ្ឋ​មក​ណែនាំ​អប់រំ​ជាមុនសិន​ព្រោះ​ទង្វើ​របស់​ពលរដ្ឋ​ទាំងនេះ គឺ​ដើម្បី​ការពារ​ដី​សហគមន៍​ដែល​ពួកគាត់​ធ្លាប់​អាស្រ័យផល​រួមគ្នា​ប៉ុណ្ណោះ​។ «​ដី​នេះ​តាំងពី​ដើម​មក គឺជា​តំបន់​ឃ្វាលគោ ក្របី​របស់​ពលរដ្ឋ​នៅក្នុង​ភូមិ​ឡៅកា​ ប៉ុន្តែ​យើង​មិនបាន​ដឹងថា អ្នកណា​ជា​អ្នកលក់​ដី​ទាំងនេះ​។ អ្វីដែល​សំខាន់​ប្រព័ន្ធ​តុលាការ​នេះ គួរតែ​កែប្រែ​របៀប​នៃ​ការធ្វើការ មិនមែន​ការពារ​តែ​ទៅលើ​អ្នកមាន​លុយ មាន​អំណាច​ដូច្នេះ​ទេ​។ ខ្ញុំ​ចង់​ស្នើ​តុលាការ គួរតែ​គិត​ឡើងវិញ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ប្រភពដើម​បណ្តឹង ដែល​ប្តឹង​ជនជាតិ​ដើម​ភាគតិច​ទាំងនេះ​បាន​ទេ ខណៈ​ដែល​សេចក្តី​សម្រេច និង​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន​របស់​តុលាការ​គឺ​មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ដើមបណ្តឹង​ឡើយ​។ ប៉ុន្តែ​បើតាម​ការអះអាង​របស់​​តំណាង​ពលរដ្ឋ អ្នកកាន់កាប់​ដី​ជាង​ ៧ ហិកតា​ដែល​បាន​ប្តឹង​ពួកគេ​គឺ​មាន​ឈ្មោះ​ ប៉ែត សុផាន់ណា និង​ឈ្មោះ សុ ម៉ាណា​៕