ស្ទឹងត្រែងៈ ជនជាតិដើម​ភាគតិច​ព្នង ៥៣ ​គ្រួសារ​រស់នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ស៊ីងហ្គេច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ដាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​ថា បាន​បោះបង្គោល​រំលោភ​យក​ដី​សហគមន៍ ប៉ុន្តែ​អាជ្ញាធរខេត្ត​បដិសេធ​ការចោទប្រកាន់​នេះ​។

អ្នកស្រី ស្រាំង ឡាញ់ តំណាង​សហគមន៍​ភូមិ​ក្បាលរមាស និង​ជា​តំណាង ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង​ ៥៣ គ្រួសារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ ខែមីនា​ថា កាលពី​ដើម​ខែមីនា ក្រុមហ៊ុន ស៊ីងហ្គេច បាន​បោះបង្គោល​ព័ទ្ធ​វាត​យក​ដី​អ្នកភូមិ ដោយ​អះអាង​ថា ដី​ដែល​អ្នកភូមិ​កំពុង​រស់នៅ គឺជា​ដី​របស់​ក្រុមហ៊ុន​។ ជនជាតិដើម​ភាគតិច​ព្នង​បាន​រស់នៅ​លើដី​នេះ​ជាយូរ​ឆ្នាំ​មកហើយ និង​បាន​រក្សា​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដោយ​មាន​ទាំង​ដីចម្ការ​វិលជុំ ដីព្រៃ​អារក្ស និង​ដី​ផ្នូរ​កប់​សព​ដូនតា ដី​ទំនៀមទម្លាប់​ជាច្រើន​ទៀត​ដែល​ត្រូវបាន​ការពារ​នៅក្នុង​តំបន់​នេះ​។

អ្នកស្រី​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ ស៊ីងហ្គិច បាន​បោះបង្គោល​មកដល់​កណ្តាល​ភូមិ​យើង​នៅ​ចំណុច​ក្បាល​រមាស​ចាស់ ហើយ​ការដាក់​បង្គោល​នេះ គឺ​មិន​បាន​សិក្សា និង​មិនមាន​ការព្រមព្រៀង​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​នោះទេ​។ ពួកគាត់​ (​ក្រុមហ៊ុន​) ធ្វើ​នេះ​គឺ​រំលោភសិទ្ធិ​របស់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​យើង​ហើយ យើង​មិន​ព្រម​ចាក​ចេញពី​កន្លែង​នេះ​នោះទេ​»​។

បើតាម​អ្នកស្រី ឡាញ់ ដី​នៅ​ចំណុច​ភូមិ​ក្បាលរមាស​ចាស់​ដែល​អ្នកភូមិ​កំពុង​អាស្រ័យផល​នេះ​កាលពី​ឆ្នាំ​ ២០១៤ ​ខាង​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ​ថា ដី​នេះ​គឺជា​តំបន់​បាត​អាង​ទំនប់​វារីអគ្គីសនី សេសានក្រោម​ ២ ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ប្រកាស ថា​ដី​នេះ​បានផ្តល់​សម្បទាន​ឱ្យ​ក្រុមហ៊ុន ស៊ីនហ្គិច ​ទៅវិញ​។ ដូច្នេះ ក្នុងនាម​តំណាងឱ្យ​សហគមន៍​ជនជាតិដើម​ភាគតិច អ្នកស្រី ស្នើ​ដល់​រដ្ឋាភិបាល​ប្រគល់​ដី​នេះ​ឱ្យ​ប្រជាសហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ដើម្បី​បាន​អាស្រ័យផល និង​រក្សា​វប្បធម៌ ប្រពៃណី​របស់ខ្លួន​ដែល​នៅ​សេសសល់​ក្នុង​តំបន់​នេះ​វិញ​។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ស្វែងរក​ប្រភព​ទំនាក់ទំនង​តំណាង​ក្រុមហ៊ុន ស៊ីងហ្គេច ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ​នៅ​ថ្ងៃទី​ ៣១ ​ខែ​មីនា​។ ប៉ុន្តែ​លោក ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​បដិសេធ​ការលើកឡើង​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។

លោក​ថ្លែងថា ជារួម​ការបោះ​បង្គោលព្រំ​ដី​របស់​ក្រុមហ៊ុន​ស៊ីងហ្គេច គឺ​ធ្វើ​ឡើង​ទៅតាម​ផែនទី​ដែល​ផ្តល់​ឱ្យ​ដោយ​រដ្ឋាភិបាល​។ លោក​បន្តថា កន្លងមក​សហគមន៍​ជនជាតិដើម​ភាគតិច​នេះ បានរៀបចំ​ផែនទី​របស់ខ្លួន​ដោយ​ខ្លួនឯង និង​បានទាមទារ​ដី​របស់​សហគមន៍​ដល់​ទៅជិត ៨ ០០០ ​ហិកតា​ ដែល​បាន​ប៉ះពាល់​ទៅដល់​ដី​របស់​ក្រុមហ៊ុន និង​ដី​មាន​កម្មសិទ្ធិឯកជន​ដទៃទៀត​។

លោក​ ប៊ី វណ្ណី អ្នកសម្របសម្រួល​អង្គការ​អាដហុក​ខេត្តស្ទឹងត្រែង​បាន​លើកឡើង​ថា បន្ទាប់ពី​ផ្ទះ​ប្រជាសហគមន៍​ជនជាតិ​ភាគតិច​ព្នង​បាន​រង​ផលប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ គឺ​អ្នកភូមិ​មិន​បាន​ផ្លាស់ប្តូរ ទៅ​រស់នៅ​តំបន់​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឱ្យ​នោះទេ​។ លោក​បន្តថា អ្នកភូមិ​បាន​បន្ត​រស់នៅក្នុង​តំបន់​នោះ ខណៈ​អាជ្ញាធរ​បាន​អះអាងថា ដី​ដែល​អ្នកភូមិ​បន្ត​រស់នៅ គឺជា​ដី​របស់​ក្រុមហ៊ុន ស៊ីងហ្គេច​។

លោក​ ប៊ី វណ្ណី សង្កេតឃើញថា កន្លងមក​វិវាទ​នេះ​ក៏​ត្រូវបាន​អាជ្ញាធរខេត្ត​ចុះ​ដោះស្រាយ និង​កំណត់​ព្រំដី​ជាច្រើនលើក​ច្រើនសា​ផងដែរ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​ប្រកាន់​ជំហរ​រស់នៅ​ក្នុងភូមិ​ចាស់​របស់ ខ្លួន ដោយ​មិន​ព្រម​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​កន្លែង​ថ្មី​ស្របពេល​អាជ្ញាធរ នៅតែ​មិន​ព្រម​ទទួល​យក​សំណើ​របស់​អ្នកភូមិ​។

លោក​យល់ថា​៖ «​សហគមន៍​ជនជាតិ ភាគតិច​នេះ​គាត់​មិន​ព្រម​ផ្លាស់ប្តូរ​ព្រោះតែ​គាត់​ចង់​រក្សា​វប្បធម៌ ប្រពៃណី​របស់​ពួកគាត់ ហើយ​បើ​ពួកគាត់​ទៅ​កន្លែង​ថ្មី គឺ​រដ្ឋាភិបាល​មិន​បាន​រក្សា​ទុកឱ្យ​ពួកគាត់​ទេ​។ កន្លែង​ថ្មី គឺ​របៀប​នៃ​ការរស់នៅ​ថ្មី ហើយ​ឱ្យ​គាត់​រស់នៅ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​។ អ៊ីចឹង​គាត់​មិន​ព្រម​ចេញ​ទេ សុខចិត្ត​រស់នៅ​តំបន់​ហ្នឹង ដែល​មាន​ភូមិ​មាន​វប្បធម៌​ពី​ដូនតា​របស់គាត់​»​។

ក្នុងនាម​សង្គម​ស៊ីវិល លោក​ ប៊ី វណ្ណី រំពឹងថា រដ្ឋាភិបាល​គួរ​ណាស់​តែ​ផ្តល់​ដី​ក្នុង​តំបន់​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ជា​ជនជាតិ​ដើម​ភាគតិច ដើម្បី​ឱ្យ​ពួកគាត់​អាច​បន្ត​រក្សា​ប្រពៃណី វប្បធម៌ ដែល​ពិភពលោក​បាន​ទទួល​ស្គាល់ និង​ឱ្យ​តម្លៃ ចំពោះ​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​នេះ​។

លោក​ចោទសួរ​ថា​៖ «​ក្រុមហ៊ុន​ទទួល​ដី​ពី​រដ្ឋ ដើម្បី​ធ្វើ​សម្បទាន​តើ​ហេតុអ្វី​បាន​ជា​រដ្ឋ​មិនអាច​ផ្តល់​ដី​ទាំងនេះ​ដល់​ពលរដ្ឋ ជនជាតិដើម​ភាគតិច​ឱ្យ​គាត់​បាន​រស់នៅ​ក្នុង​តំបន់​របស់គាត់​បាន​? យើង​មើលឃើញ​ថា អ្វីដែល​អាជ្ញាធរ ធ្វើ​បច្ចុប្បន្ននេះ គឺជា​ការគំរាមកំហែង​លើ​ពលរដ្ឋ ដែល​មិន​ដោះស្រាយ​តាម​សំណូមពរ​របស់​ពលរដ្ឋ​»​។

ទោះយ៉ាងណា​លោក​ ម៉ែន គុង បញ្ជាក់ថា​ក្នុង​នាម​អាជ្ញាធរ​នឹង​ព្យាយាម​សម្របសម្រួល និង​ដោះស្រាយ​ជុំវិញ​វិវាទ​នេះ ហើយ​នៅពេល​អាជ្ញាធរខេត្ត កំណត់​ព្រំដី​របស់​ក្រុមហ៊ុន​ក្នុង​តំបន់​នេះ​រួចរាល់​នោះ​ដី​ដែល​នៅ​សេសសល់ នឹងត្រូវ​ធ្វើការ​ចុះបញ្ជី​ជូន​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​នេះ​ទាំងអស់​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ចរចា​ជាមួយ​សហគមន៍​ជាច្រើន​លើក​ច្រើនសា តាំងពី​ខែមករា​មក ប៉ុន្តែ​ពួកគាត់​ទាមទារ​ដល់​ទៅជិត ៨ ០០០ ​ហិកតា រីឯ​ផ្ទៃដី​ដែល​យើង​អនុញ្ញាត​ចុះបញ្ជី​ជូន​ពួកគាត់​ក្នុង​ប្រមាណ​ជា​ ៥៣​ គ្រួសារ​នេះ គឺមាន​ផ្ទៃដី​ជាង ៩០០ ហិកតា​ប៉ុណ្ណោះ​»៕