ម៉ាឡេស៊ីៈ ៦៨ ថ្ងៃបន្ទាប់ពីការឃុំខ្លួនដោយអាជ្ញាធរកម្ពុជា ជនជាតិម៉ាឡេស៊ីទាំង ៤៧ នាក់បានត្រឡប់ទៅស្រុកកំណើតវិញកាលពីម្សិលមិញ ដោយសារការចរចាជោគជ័យរវាងមន្រ្តីជាន់ខ្ពស់កម្ពុជានិងមន្រ្តីជាន់ខ្ពស់ម៉ាឡេស៊ី។
ក្នុងក្រុមជនជាតិម៉ាឡេស៊ីទាំងនេះ មានបុរសម្នាក់ដែលកំពុងព្យាបាលក្រួសក្នុងថង់ប្រមាត់នៅក្នុងមន្ទីរពេទ្យកម្ពុជា។
សមាជិកសភារដ្ឋ Sarawak លោក Larry Sng បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកជាប់ឃុំ ៤ នាក់ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះត្រូវបានដឹកទៅទីក្រុងគូឡាឡាំពួ ខណៈ ៤៣ នាក់ដទៃទៀតត្រូវបានដឹកទៅទីក្រុង Kuching ក្នុងរដ្ឋ Sarawak។
ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានសន្យាថានឹងបញ្ជូនជនជាតិម៉ាឡេស៊ីទាំង ៤៧ នាក់នេះទៅប្រទេស ម៉ាឡេស៊ី វិញ ប៉ុន្តែអ្នកទាំង ៤៧ នាក់នេះមិនអាចត្រឡប់ទៅស្រុកបានកាលពីថ្ងៃសៅរ៍ដោយសារបញ្ហាឯកសារ និងការខ្វះកៅអី។
ជាលទ្ធផល រដ្ឋាភិបាល Sarawak ត្រូវចេញប្រាក់យ៉ាងហោចណាស់មួយផ្នែកនៃថ្លៃយន្តហោះ ដោយត្រូវជួលជើងហោះហើរទី ២ ទៅទីក្រុង Kunming។ រដ្ឋមន្រ្តីការបរទេស ម៉ាឡេស៊ី លោក Saifuddin Abdullah បានប្រាប់អ្នកកាសែតថា ការិយាល័យរបស់លោកបានចេញឯកសារបន្ទាន់ដោយសារអ្នកជាប់ឃុំមួយចំនួនក្នុងចំណោមអ្នកជាប់ឃុំទាំងនោះមិនមាន «លិខិតឆ្លងដែនដោយសារបាត់ឬត្រូវគេយកដោយមនុស្សមួយចំនួន»។
ជនជាតិម៉ាឡេស៊ីទាំង ៤៧ នាក់នេះត្រូវបានចាប់ខ្លួននៅក្នុងការចុះបង្ក្រាប ២ ផ្សេងគ្នានៅក្នុងទីក្រុងប៉ោយប៉ែតកាលពីថ្ងៃទី ១១ ខែធ្នូ កាលពីឆ្នាំមុនពីបទសង្ស័យថាបានប្រតិបត្តិការល្បែងស៊ីសងតាមអនឡាញ និងការជំរិតប្រាក់តាមអ៊ីនធឺណិត (VoIP)។
អ្នកជាប់ឃុំ ៤៤ នាក់ក្នុងចំណោមអ្នកជាប់ឃុំទាំងនោះមានស្រុកកំណើតមកពីរដ្ឋ Sarawak ក្នុងប្រទេស ម៉ាឡេស៊ី ដែលនេះជាការបង្ហាញថា ប្រជាពលរដ្ឋក្នុងរដ្ឋ Sarawak ត្រូវបានតម្រង់ទិសដៅដោយជនខិលខូច។ នេះបើយោងតាមលោក Sng។
ពួកគេត្រូវបានគេផ្តល់ឲ្យនូវប្រាក់ខែ ១ ៥០០ ដុល្លារដើម្បីធ្វើការនៅក្នុងប្រទេសកម្ពុជាដោយទីភ្នាក់ងារជ្រើសរើសពលករមួយនៅក្នុងវិស័យបដិសណ្ឋារកិច្ចនិងវិស័យអេឡិចត្រូនិក។ ជនជាតិចិន ៨ នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួននៅក្នុងការចុះបង្ក្រាបជាមួយគ្នានោះ ប៉ុន្តែត្រូវបានដោះលែងវិញបន្ទាប់ពីអាជ្ញាធរកម្ពុជាសន្និដ្ឋានថា ពួកគេគ្រាន់តែជាចុងភៅសម្រាប់ក្រុមទាំងនោះ។
ការដោះលែងពួកគេភ្លាមៗបន្ទាប់ពីការសាកសួរបានលើកឡើងនូវការចោទប្រកាន់ថា ជនជាតិចិនខ្លួនឯងទាំងនោះគឺ ជាមេខ្លោងនៃប្រតិបត្តិការនោះ។ គណៈប្រតិភូម៉ាឡេស៊ីដែលដឹកនាំដោយលោកស្រី Fatimah Abdullah រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សុខុមាលភាពសង្គម ស្រ្តី គ្រួសារ និងកុមារភាព របស់រដ្ឋ Sarawak និងសមាជិករដ្ឋសភារដ្ឋ Sarawak សម្រាប់មណ្ឌល Santubong រដ្ឋ Sarawak លោក Wan Junaidi Tuanku Jaafar និងមន្រ្តីស្ថានទូតម៉ាឡេស៊ីរួមមាន ភារធារីបណ្តោះអាសន្ន លោក Ruzaimi Mohamad បានធ្វើដំណើរទៅកន្លែងនៃការចុះបង្ក្រាបកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនសម្រាប់បេសកកម្មស្វែងរកការពិត។
គណៈប្រតិភូបានសន្និដ្ឋានថា ជនជាតិម៉ាឡេស៊ីទាំង ៤៧ នាក់នោះត្រូវបានឃុំខ្លួនប្រឆាំងនឹងឆន្ទៈរបស់ពួកគេនៅក្នុងផ្ទះទាំង ២ នោះ ដែលស្ថិតនៅក្រោមការយាមកាម។ ផ្ទះទាំង ២ នេះ នៅដាច់ដោយឡែកពីគ្នាមិនដល់ ១ គីឡូម៉ែត្រនៃផ្លូវដីនៅជាយក្រុងប៉ោយប៉ែតនិងមានបង្អួចហ៊ុមដោយដែក និងអង់តែនផ្កាយរណប ដែលអាចត្រូវបានប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើស។
ផ្ទះមួយក្នុងចំណោមផ្ទះទាំង ២ នេះត្រូវបានព័ទ្ធដោយរបង ដោយបាំងមិនអាចមើលឃើញសកម្មភាពរបស់អ្នកនៅខាងក្នុង។ មន្រ្តីនគរបាលដែលសុំមិនបញ្ចេញឈ្មោះបានថ្លែងថា ការរចនាចម្លែកនៃផ្ទះនេះបានធ្វើឲ្យអាជ្ញាធរមានការសង្ស័យ ហើយបានចុះបង្ក្រាបភ្លាមៗ ខណៈលោក Mohd Azra មន្រ្តីពិសេសរបស់លោក Nurul Izzah Anwar (សមាជិកសភាសម្រាប់មណ្ឌល Permatang Pauh ក្នុងរដ្ឋ Penang) បាននិយាយថា មេខ្លោងនៃប្រតិបត្តិការខុសច្បាប់នេះបានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបទីតាំងនេះ។
លោក Azra បានថ្លែងថា៖ «មានការឡូឡាយ៉ាងខ្លាំងនៅក្នុងផ្ទះដែលពួកគេស្នាក់នៅ។ ១ ថ្ងៃ ២ ថ្ងៃក្រោយមក នគរបាលបានមកចាប់ខ្លួនពួកគេរួមទាំងជនជាតិចិន»៕
Husain Haider