មណ្ឌលគិរីៈ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ ៣ ​នាក់​ទៀត ​ដែល​បាន​រត់គេចខ្លួន​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វព្រៃ​នៅ​ភូមិ​កោះ​ម្យើលលើ ឃុំ​ណងឃីលឹក ស្រុក​កោះញែក​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក ក្រោយពី​មន្ត្រី​ឧទ្យានុរក្ស​ឃាត់ខ្លួន​ក្នុង​អំឡុងពេល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​បរបាញ់ និង​ដាក់​អន្ទាក់​បាន​សត្វ​ក្ងោក​ ១ ​ក្បាល​។

លោក មាស ប្រុស អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ប្រាប់​ពី​ម្សិលមិញ​ថា ចៅក្រម​ស៊ើបសួរ​លោក​ ស៊ុន ពិសិដ្ឋ បាន​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ឈ្មោះ​ ង្វៀង វ៉ាន់ស៊ី ភេទ​ប្រុស អាយុ​ ៥០ ​ឆ្នាំ​រស់នៅ​ឃុំ​ហ្វាំងលីវ ស្រុក​ហ្វាំងហ្វា ខេត្ត​ដាក់ឡាក់ ពាក់ព័ន្ធ​ករណី​បរបាញ់​សត្វព្រៃ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​។ ការ​ចោទ​នេះ​ចូល​ក្នុង​បទល្មើស​ធនធាន​ធម្មជាតិ​ថ្នាក់​ទី​ ៣ នៃ​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​បញ្ជាក់ថា​៖ «​ចៅក្រម​ស៊ើបសួរ​គាត់​បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ហ្នឹងហើយ​កាលពី​រសៀល​ថ្ងៃទី​ ២៤ កុម្ភៈ​នេះ​តាម​មាត្រា ​៦១ និង​មាត្រា​​ ៥៦ តាម​ច្បាប់​ស្ដីពី​តំបន់​ការពារធម្មជាតិ​។ ចំពោះ​រឿង​បើក​សវនាការ​នៅពេល​ណា​ទៀត ខ្ញុំ​អត់​ទាន់​ដឹង​ទេ​»​។

លោក​ កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ត្រូវ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​បញ្ជូន​ទៅ​សាល​ដំបូង​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​ ២៣ កុម្ភៈ បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ​នៅ​ចំណុច​ពាមអូរឡាវ ក្នុង​ភូមិ​កោះម្យើលលើ ឃុំ​ណងឃីលឹក ស្រុក​កោះញែក​ក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​។

លោក​បន្តថា ជនជាតិ​វៀតណាម ង្វៀង វ៉ាន់ស៊ី គឺជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​ជា​បក្ខពួក​ចំនួន​ ៣ ​នាក់​ផ្សេងទៀត​ដែល​ពួកគេ​បាន​រត់គេចខ្លួន​។ សមត្ថកិច្ច​បាន​រឹបអូស​យក​ម៉ូតូ​ ២ គ្រឿង អន្ទាក់​មួយ​ចំនួន​ កាំភ្លើង​កែច្នៃ ២ ​ដើម និង​សត្វ​ក្ងោក​ ១ ​ក្បាល​ (​ងាប់​)​។

លោក​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង ៤ ​នាក់​នេះ​ធ្លាប់​ចូល​មក​បរបាញ់​សត្វព្រៃ និង​ដាក់​អន្ទាក់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ស្រែពក​ជាច្រើន​លើក​មកហើយ ប៉ុន្ដែ​ពួកគេ​តែងតែ​ដឹងខ្លួន​ទាន់ពេល ហើយ​រត់គេចខ្លួន​រហូត​។ ឥឡូវនេះ​យើង​ចាប់បាន​បក្ខពួក​ម្នាក់​ហើយ​គឺ​យើង​នៅតែ​បន្ត​តាម​ចាប់​អ្នកផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​បទល្មើស​ច្បាប់​នេះ​»​។

លោក​ ប្រង់ ណុប ដែល​ជា​ប្រជាសហគមន៍​រស់នៅ​ក្បែរ​តំបន់​ដែនជម្រក​សត្វព្រៃ​ស្រែពក​ថ្លែង​ថា ករណី​បរបាញ់​សត្វព្រៃ និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ ព្រៃស្រែពក​នៅ​តែ​មាន​អ្នក​លួច​ប្រព្រឹត្ត​បទល្មើស​ជា​ហូរហែ​រាល់ថ្ងៃ ប៉ុន្ដែ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា រាល់​ពេល​ដែល​ក្រុម​សហគមន៍​របស់លោក​ចុះ​ល្បាត​ម្ដងៗ ពួកលោក​បាន​ប្រមូល​យក​អន្ទាក់​ដែល​ជនល្មើស​បាន​ដាក់​ពង្រាយ​នៅក្នុង​ព្រៃ ដើម្បី​ចាប់​សត្វព្រៃ​។ សត្វព្រៃ​នៅក្នុង​តំបន់​នោះ​ភាគច្រើន​សម្បូរ​សត្វ​ប្រភេទ​ដូចជា​ឈ្លូស ទន្សោង ក្ងោក មាន់ព្រៃ ទន្សាយ និង​សត្វព្រៃ​ច្រើន​ប្រភេទ​ទៀត​។

លោក​ ណុប ​បញ្ជាក់​ថា​៖ «​រឿង​សត្វព្រៃ​នេះ​គឺ​មាន​គេ​ចូល​ដាក់​អន្ទាក់​ស្ទើរ​រាល់​យប់ ហើយ​ឥឡូវនេះ​ជនល្មើស​មិនសូវ​ដាក់​ពេល​ថ្ងៃ​ទេ​គឺ​ដាក់​តែ​ពេលយប់ ព្រោះ​ពេលយប់​ស្ងាត់ ហើយ​ងាយស្រួល គ្មាន​អ្នក​មើលឃើញ​។ ដូច្នេះ​ពួកខ្ញុំ​ស្នើ​ឲ្យ​អាជ្ញាធរ​បង្កើន​ការទប់ស្កាត់​បទល្មើស​បរបាញ់​សត្វព្រៃ​នេះ ព្រោះ​បើ​មិន​ទប់ស្កាត់​ពេលនេះ​ទេ គឺ​ជិត​ផុត​ពូជ​សត្វព្រៃ​នៅ​ស្រុក​យើង​ហើយ​»៕