The Phnom Penh Post Search

Search form

ជន​ជាតិ​វៀត​ណាម​ ៨ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​សួរ​ចម្លើយ​ រឿង​បំ​ផ្លាញ​ព្រៃ​ឈើក្នុង​តំ​បន់​ជម្រក​សត្វ​ព្រៃ

Content image - Phnom Penh Post
ជន​ជាតិ​វៀត​ណាម​និង​វត្ថុតាង​ដែល​រឹប​អូស​បាន​ពី​ការ​បំ​ផ្លាញ​ព្រៃ​ឈើ​ក្នុង​ជម្រក​សត្វ​ព្រៃ​ ក្នុង​ខេត្ត​មណ្ឌលគិរី។ រូបថត សហការី​

ជន​ជាតិ​វៀត​ណាម​ ៨ នាក់​ ត្រូវ​បាន​ចាប់​ខ្លួន​​សួរ​ចម្លើយ​ រឿង​បំ​ផ្លាញ​ព្រៃ​ឈើក្នុង​តំ​បន់​ជម្រក​សត្វ​ព្រៃ

មណ្ឌលគិរីៈ ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី​ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​​នេះ បាន​បើក​ការ​សួរ​ចម្លើយ​ទៅ​លើ​ពលករ​វៀតណាម​​ចំនួន​​ ៨ នាក់​ ពាក់ព័ន្ធ​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​អូរ​ផ្លា​យ ​ភាគ​ខាង​កើត​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក។​

ពួក​គេ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ខេត្ត​មណ្ឌល​គិរី ​ចាប់​ឃាត់ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ ខណៈ​កំពុង​ប្រ​ព្រឹត្តបទ​ល្មើស​ជាក់​ស្ដែង​នៅ​ក្នុង​តំបន់​ខាង​លើនេះ។​

​លោក​ ម៉ម​ វណ្ណដា ​ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី​ ដែល​បាន​ចូលរួម​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នា​ថ្ងៃ​ពុធ​នោះ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រៅ​ពី​ការ​ចាប់​ឃាត់​ខ្លួន​ពលករ​វៀតណាម​ទាំង​៨នាក់​នោះ​ កម្លាំង​សមត្ថ​កិច្ច​ក៏​បាន​រឹបអូស​រណា​រយន្ត​ចំនួន​ពីរ​ គ្រឿង​ចក្រ​ឈូស​ឆាយ​ដីព្រៃ​ចំនួន​បី​ដែល​មាន​បិទ​ស្លាក​ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​ និង បាន​រក​ឃើញ​គំនរ​ឈើ​ជា​ច្រើន​រយ​ដើម​ ដែល​ត្រូវ​បាន​គេ​កាប់​ផ្ដួល​រំលំ​និង​កាត់​ជា​កំណាត់ៗ​ នៅ​ពេញ​ក្នុងព្រៃ​នោះ។​

លោក​ វណ្ណ​ដា​ បាន​បញ្ជាក់​ថា៖​«ក្រោយ​ការ​ចាប់​ខ្លួន​ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ ដើម្បី​ធ្វើការ​​សាក​សួរ​ចម្លើយ ​និង​ ត្រួត​ពិនិត្យ​លើ​ឯកសារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​ទៀត​ បន្ទាប់​ពី​ពួក​គេ​អះអាង​ថា​ក្រុម​ហ៊ុន​ ដួង​ស្រួច​គ្រុប​ជា​អ្នក​ជួល​ពួក​គេ»។​

ទាក់​ទង​ករណី​នេះ ​អ៊ុំ​ វណ្ណ​សុភៈ​ ប្រ​ធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌល​គិរី​ បាន​អះអាង​ថា ​នៅ​ពេ​ល​នេះ ​ពួក​គេ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួ​រ​ចម្លើយ​ដោយ​ក្រុម​មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ព្រៃឈើ​នៅ​ឡើយ។​

ជា​មួយ​គ្នានេះ​ ក្រុមមន្ត្រី​ជំនាញ​កំពុង​​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​ដួង​ស្រួច​គ្រុប ដើម្បី​ឲ្យ​ពួកគេ​នាំយក​ឯកសារ​ផ្លូវច្បាប់​ ដែល​ពួកគេ​មាន​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ ឲ្យ​បាន​ច្បាស់លាស់​ទៅ​តាម​ផ្លូវច្បាប់។​

លោក​ សុភៈ ​ថ្លែង​ថា៖«គិត​ត្រឹម​ម៉ោង​៥:៤០​នាទី​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ​ ក្រុម​ការងារ​យើង​នៅ​មិន​ទាន់​បញ្ចប់​ការ​សាកសួរ​ជន​ជាតិ​វៀតណាម​ទាំង​៨នាក់​នោះ​នៅ​ឡើយ​ទេ»។​

​លោក​បាន​បន្តថា ​យោង​តាម​ឯក​សារ​ ដែល​ក្រុម​មន្ត្រី​ជំនាញ​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះ​ដែរ​​ ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​ ពិ​ត​ជា​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ក្នុង​ខេត្ត​ មណ្ឌល​គិរី ​និង ​អាជ្ញា​ប័ណ្ណ​ក្នុងកា​រ​ប្រមូល​ឈើ​ដួល​ស្រាប់​នៅ​ក្នុង​ខេត្ត​នេះ​យ៉ាង​ពិត​ប្រាកដ។​ ប៉ុន្តែ​ត្រង់​ថា​ស្ថិត​នៅ​ក្នុង​តំបន់​ខាង​លើ​ឬ​យ៉ាង​ណា​នោះ​ អាស្រ័យ​ដោយ​ក្រុម​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​​ផ្ទៀង​ផ្ទាត់​ឲ្យ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន។​ ​

​យ៉ាង​ណា​ក៏​ដោយ​ក្រុម​អ្នក​ភូមិ ​និង​ អ្នក​ឃ្លាំ​មើល​អំពី​បទល្មើស​នៃ​ការកាប់​រុករាន​ដីព្រៃ​នៅក្នុង​តំបន់​ខាង​លើនេះ បាន​​អះអាង​ថា ​ព្រៃឈើ​នៅក្នុង​តំបន់​អូរ​ផ្លា​យ​ ត្រូវ​បាន​គេ​មើល​ឃើញ​​ថា ​មាន​ការ​កាប់​និង​ដឹក​ជញ្ជូន​ចេញ​ទៅ​កាន់​តំបន់​ផ្សេងៗ​ក្នុង​ទី​រួម​ខេត្ត​ ឬ​ ឆ្ពោះ​ទៅ​កាន់​ប្រទេស​វៀត​ណាម​យ៉ាង​អនាធិប​តេយ្យ ​ចាប់​តាំង​ពី​ដើមខែ​ក​ក្កដា ឆ្នាំ​២០១៧​។​

លោក​សុក​ រដ្ឋា​ អ្នក​សម្រប​សម្រួល​អង្គ​ការ​អាដ​ហុក​ប្រចាំ​ខេត្ត​មណ្ឌល​គិរី​ បាន​ថ្លែង​ថាតាម​ការផ្ដល់​ព័ត៌មាន​ពី​អាជ្ញាធរ​ និង​ អ្នក​ភូមិ​ឡៅ ​ល្មៀត​ ​ឃុំ​ក្រង់​តេះ​ ស្រុក​ពេ​ជ្រា​ដា គឺ​ពុំមាន​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អូរ​ផ្លា​យ​នោះ​ទេ ​ប៉ុន្តែ​ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​ បា​ន​បង្ហាញ​វត្តមាន​ចូលមក​ធ្វើការ​ឈូសឆាយ​ដីព្រៃ​ក្នុង​តំបន់​នេះ​ មួយ​សប្ដាហ៍​មក​ហើយ ​ដោយ​ពួកគេ​អះអាង​ថា​ឈូស​ធ្វើ​ផ្លូវ​ចូលទៅ​កាន់​តំបន់​ដី​សម្បទាន​របស់​ពួកគេ។​

​ជុំវិញ​ករណី​នេះ ​ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែង​រក​ការ​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​ពី​ខាង​តំណាង​ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​ បាន​ទេ​​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រុម​ហ៊ុន​ដួង​ស្រួច​គ្រុប​ បាន​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​​សកម្ម​ជន​ព្រៃ​ឈើ​ថា ​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​ចូល​កាប់​បំផ្លាញ​ព្រៃ​ឈើ​រដ្ឋ​យ៉ាង​អនា​ធិប​តេយ្យ ​ហើយ​ខ្លួន​ជា​អ្នក​ប្រមូល​ទិញ​ក្នុង​តម្លៃទាប។​

​កាល​ពីដើម​ឆ្នាំ ​២០១៧ ​ក្រុមហ៊ុន​ ដួង​ ស្រួច​គ្រុប​ ក្រោយ​ពី​ទទួល​បាន​ អាជ្ញា​ប័​ណ្ណ​ប្រមូល​ឈើ​(ដួល)​ នៅក្នុង​ដី​គម្រោង​សម្ប​ទាន​ដី​សង្គម​កិច្ច​ចំនួន​ជាង ៦,១៣១​ហិកតា ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ស្រុក​លំផាត់ ​និង​ស្រុក​បរ​កែវ​ ខេត្ត​រតនគិរី​ ក្រុមហ៊ុន​​នេះ​ បាន​រង​ការចោទ​ប្រកាន់​ថា​ បាន​បំផុស​បំផុល​អ្នក​ភូមិ ឲ្យ​ចូលទៅ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ ដែន​ជម្រក​សត្វ​ព្រៃ​លំ​ផាត់។​

​គេ​ក៏​នៅ​ចាំ​ផងដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី​២៧ខែកុម្ភៈ ​ឆ្នាំ​២០១៦ នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​របស់​ក្រុមហ៊ុន​នេះ ដែល​ស្ថិតនៅ​ភូមិ​ក្តី​ដូ​ប ឃុំ​ស្រ​យ៉ង់​ជើង ស្រុក​គូលែន​ ខេត្ត​ព្រះវិហារ​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ ​ឈើ​ប្រណីត​និង​ឈើ​ដែល​ប្រមូល​ទិញ​ពី​ប្រជា​ពលរដ្ឋ​អស់​ប្រមាណ​​៥០០ម៉ែត​គុប។​

ករណី​នោះ​ត្រូវបាន​គេ​សង្ស័យថា​ជាការ​ដុត​បំផ្លាញ​ភ័ស្តុតាង​ឈើ​ខុសច្បាប់​​ព្រោះ​វា​បាន​កើត​ឡើង​ក្រោយ​ពេល ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃទី​១៥មករា​ឆ្នាំ២០១៦ បាន​បង្កើត​ក្រុម​ចម្រុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ដឹកនាំ​ដោយ​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​ សុខា ​មេ​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស៕

អត្ថបទគួរចាប់អារម្មណ៍