មណ្ឌលគីរីៈ សហគមន៍​ជនជាតិដើម​ព្នង​នៅ​ឃុំ​ប៊ូស្រា​បានស្នើ​សុំ​ឲ្យ​សាលា​ស្រុក​ពេជ្រាដា ស្រាវជ្រាវ​ទីតាំង​ដី​ជាច្រើន​កន្លែង​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ ដោយ​ពួកគេ​បាន​សង្ស័យថា​ដីព្រៃ​អភិរក្ស​ទាំងនោះ​ត្រូវបាន​ធ្វើ​ប្លង់​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិឯកជន​អស់​ប្រហែល​ជាច្រើន​រយ​ហិកតា​។

ទោះយ៉ាងណា​ក៏ដោយ​មន្ត្រី​អះអាងថា ប្រសិនបើ​ដី​ទាំងនោះ​មាន​ប្លង់រឹង គឺ​ត្រូវតែ​ទទួលស្គាល់​ថា ជា​ដី​ស្របច្បាប់​ទៅ​តាម​ប្លង់​ទាំងនោះ​។

លោក គ្រើង តុលា សកម្មជន​ព្រៃឈើ​ជនជាតិដើម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា ខាង​សហគមន៍​ជនជាតិដើម​ព្នង​បាន​ស្រាវជ្រាវ​រកឃើញ​ឯកសារ​មួយចំនួន និង​កំពុង​ស្រាវជ្រាវ​រក​បន្ថែមទៀត​ទាក់ទង​នឹង​ការចេញ​ប្លង់​កម្មសិទ្ធិ​ដី​ដែល​វាស់វែង​ដោយ​ក្រុមនិស្សិត​កាលពី​ឆ្នាំ​ ២០១២ ដែល​លោក​អះអាងថា គឺជា​ដីព្រៃ​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​មាន​ទំហំ​ជាច្រើន​រយ​ហិកតា​។

លោក តុលា ថ្លែងថា​៖ «​ខាង​ខ្ញុំ​បាន​ស្រាវជ្រាវ​រកឃើញ​ ៥-៦ ​ប្លង់​​រួចហើយ ដែល​ ១ ​ប្លង់​ មាន​ទំហំ​ដី​ប្រហែល​ ៥ ​ហិកតា ហើយ​កំពុង​ស្រាវជ្រាវ​បន្ថែមទៀត​។ ឥឡូវនេះ​យើង​ស្មានថា ដី​ដែល​អាច​បាត់បង់​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ គឺ​មិន​ក្រោម​ពី​ ១ ​ពាន់​ទៅ​ ២ ​ពាន់​ហិកតា​ទេ ប៉ុន្តែ​គឺ​សុទ្ធតែ​ជា​ដីព្រៃ​ដែល​ត្រូវ​ចុះហត្ថលេខា​ទទួលស្គាល់​ដោយ​អតីត​ប្រធាន​មន្ទីរ​ដែនដី​មុន គឺ​លោក ឈឹម កាន ​កាលពី​ឆ្នាំ​ ២០១៣​។ គេ​ធ្វើ​ប្លង់​កាន់កាប់​តាំងពី​ឆ្នាំ​ ២០១២ ប៉ុន្តែ​ឥឡូវ​ហ្នឹង​មិនទាន់​បាន​ត្រួសត្រាយ​ និង​ដាំ​អ្វី​ទាំងអស់ និយាយ​រួម​គឺ​ដីព្រៃ​សុទ្ធសាធ​តែម្ដង​»​។

លោក តុលា បញ្ជាក់ថា ម្ចាស់​ប្លង់​ទាំងនោះ​គឺ​សុទ្ធតែជា​ឈ្មោះ​មន្ត្រី​ដែល​បម្រើ​ការងារ​នៅក្នុង​សាលាឃុំ និង​នៅ​សាលាស្រុក ហើយ​ក្នុង​ម្នាក់​អាច​មាន​ប្លង់​កាន់កាប់​រហូត​ ៥ ​ទៅ​ ៦ ​ប្លង់​ដោយ​ប្រើប្រាស់​ឈ្មោះ​របស់​សមាជិក​នៅក្នុង​គ្រួសារ​ជា​អ្នក​ឈរឈ្មោះ​ជំនួស​។ លោក​បន្តថា មន្ត្រី​សុរិយោដី​ប្រាកដ​ជា​បានដឹង​ច្បាស់​ថា ដី​ទាំងនោះ​គឺ​ស្ថិត​ក្នុង​ដីព្រៃ​ក្នុង​ដែនជម្រក​សត្វព្រៃ​គឺ​ចាប់ពី​ពេលដែល​មានការ​អនុញ្ញាត​ឱ្យ​ក្រុមនិស្សិត​ចុះ​វាស់វែង​ដី​ទាំងនោះ​ពីដំបូង​។

លោក​ តុលា ថ្លែងថា​៖ «​តាម​ការកត់សម្គាល់​ជួនកាល​ពួកគាត់​ដាក់ឈ្មោះ កូន ប្រពន្ធ និង​ម៉ែក្មេក​ជា​ហូរហែ ប៉ុន្តែ​ម្ចាស់​តែមួយ​ទេ​។ អ្នកខ្លះ​គឺមាន​ដី​រហូតដល់​ ៣០ ​ទៅ​ ៤០ ​ហិកតា​»​។

កាលពី​ថ្ងៃទី​ ១០ ខែមករា ក្រុម​សហគមន៍​ជនជាតិដើម​ប្រហែល​ ២០ ​នាក់​បាន​ជួប​ជាមួយ​លោក​ វណ្ណា ម៉ាប់ អភិបាលរង​ស្រុក​ពេជ្រាដា​ដែល​ទទួលបន្ទុក​ខាង​ដីធ្លី ដើម្បី​ស្នើ​សុំឱ្យ​មានការ​ស្រាវជ្រាវ​នៅលើ​ប្លង់​កាន់កាប់​ដី​ទាំងនោះ​។

លោក តុលា បាន​អះអាង​ថា លោក វណ្ណា ម៉ាប់ ​បាន​សន្យាថា នឹង​ខិតខំ​ស្រាវ​ជ្រាវ​ប្លង់ដី​ទាំងនោះ​ទៅតាម​លទ្ធភាព​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគីរី​បាន​លើកឡើង​ថា ដី​ដែល​ត្រូវបាន​ក្រុមនិស្សិត​វាស់វែង​ចេញ​ជា​ប្លង់រឹង​រួចហើយ គឺ​ដី​ទាំងនោះ​ត្រូវតែ​ទទួលស្គាល់​ជា​ដី​ស្របច្បាប់​របស់​ឯកជន ហើយ​លោក​ថា ការស្នើសុំ​របស់​សហគមន៍​ជនជាតិដើម​ឱ្យ​ស្រាវជ្រាវ គឺ​ផុតពី​ដែន​សមត្ថកិច្ច​របស់​មន្ទីរ​បរិស្ថាន​ហើយ​។

លោក សុភគ៌ ថ្លែងថា​៖ «​អាហ្នឹង​គេ​ចេញ​ជា​អនុប្បយោគ​អស់ហើយ ចេញ​ជា​អនុក្រឹត្យ​កាត់​ចេញពី​ដែន​ជម្រក​អស់ហើយ​»​។

លោក អេង ម៉េងលី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ខេត្ត​មណ្ឌលគីរី​បាន​ឲ្យ​ដឹងថា តាម​គោលការណ៍​ច្បាប់​ការធ្វើ​អនុប្បយោគ​ដី​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិឯកជន គឺ​ទាល់តែ​ដី​នោះ​គឺជា​ដី​អាស្រ័យ​ផល​ជាក់ស្ដែង និង​ដី​វាល​។

លោក ម៉េងលី ថ្លែងថា​៖ «​ប្រសិនបើ​ការចេញ​ប្លង់​ហើយ ហើយ​ស្រាប់តែ​ឃើញ​ដី​ហ្នឹង​សុទ្ធ​តែព្រៃ តើ​ការចេញ​ប្លង់​ហ្នឹង គឺជា​ការខុស​​ឬ​ក៏​ត្រូវ​? អាហ្នឹង​ប្រសិន​បើ​ចេញ​ប្លង់​ហើយ តែ​បែរជា​ដីព្រៃ អត់​មាន​ធ្វើ​អ្វី​សោះ អាហ្នឹង គួរតែ​ដកហូត​មកជា​ទ្រព្យសម្បត្តិ​រដ្ឋ​វិញ ព្រោះ​យើង​មានច្បាប់​»​។

លោក វុធ សារុំ ប្រធាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ​បាន​ឲ្យ​ដឹងថា មាន​ការចេញ​ប្លង់​លើដី​ក្នុង​ដែនជម្រក​សត្វព្រៃ​ទាំងនោះ​មែន​ ប៉ុន្តែ​ការចេញ​ប្លង់​ទាំងនោះ គឺ​កើតឡើង​តាំងពី​លោក​មិនទាន់​បាន​ធ្វើជា​ប្រធាន​ដែន​ជម្រក​។

លោក​បន្តថា ការចេញ​ប្លង់​ទាំងនោះ​គឺ​ស្ថិត​លើដី​ព្រៃ​ដែល​កាប់ឆ្ការ​រួច និង​មិនបាន​អនុវត្ត​ខុសច្បាប់​ឡើយ ដោយសារ​យោងទៅ​តាម ស.ជ.ណ ០១ របស់​រដ្ឋាភិបាល​ដែល​កំណត់ថា ចំពោះ​ដីព្រៃ​ណា​ដែល​ត្រូវបាន​កាប់ឆ្ការ​ហើយ គឺ​ត្រូវ​វាស់វែង​ចេញ​ប្លង់​ប្រគល់ឱ្យ​ពលរដ្ឋ​កាន់កាប់​ដោយ​ស្របច្បាប់​។

លោក សារុំ ថ្លែងថា​៖ «​គោលការណ៍​វាស់​របស់​ក្រុមនិស្សិត​ហ្នឹង គឺ​គេ​វាស់វែង​តែ​ដីព្រៃ​ដែល​កាប់ឆ្ការ​រួច​ទេ​។ ឧទាហរណ៍​ប្រសិន​ដី​ហ្នឹង គេ​ចេញ​ប្លង់​រួចហើយ បើ​ដី​របស់គេ​មាន​ប្លង់ យើង​មិន​អាច​ធ្វើអ្វី​បានទេ ពីព្រោះ​យើង​ពិនិត្យ​ទៅតាម​តែ​ប្លង់​ហ្នឹង​»៕