ស្ទឹងត្រែងៈ បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី​ ២ មេសា ក្រោយពី​ចាប់ខ្លួនបាន​ ១ ​ថ្ងៃ​ជាមួយ​គ្រឿងញៀន​មេតំហ្វេតាមីន​ជិត​ ៣ ​គីឡូក្រាម​នៅ​ភូមិ-ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បន្ទាប់ពី​បង្ក្រាប​គ្រឿងញៀន​ក្នុង​ឆ្នាំ​ ២០២០ បាន​ជាង​ ៣ ​តោន​នៅ​ទូទាំង​ប្រទេស​។

លោក​ អូត ស៊ីវុត្ថា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ ផិត សាម៉នណយ ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ ជា​ជនជាតិ​ឡាវ​រស់នៅក្នុង​ភូមិ​ហាតសាឃូន ស្រុក​ខូង ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ​។ ជនសង្ស័យ​ត្រូវ​មន្ត្រី​ជំនាញ​របស់​លោក​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​ ២ ខែមេសា ព្រោះ​កំណត់ហេតុ​បាន​បញ្ចប់​អស់ហើយ បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ដែល​មាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ក្នុង​ការបើក​មើល​កញ្ចប់​គ្រឿងញៀន​។

លោក​ថ្លែងថា​៖ «​ជា​នីតិវិធី គឺ​កាលណា​ធ្វើ​កំណត់ហេតុ​ចប់ យើង​រៀបចំ​ទាំង​វត្ថុតាង​ទាំង​មនុស្ស​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ទៀត​។ ចំពោះ​វត្ថុតាង​គ្រឿងញៀន​វិញ នៅពេល​ដែល​យើង​ដកហូត​ពី​ជនសង្ស័យ​បាន យើង​ក៏​មិន​អាចមាន​សិទ្ធិ​បើក​កញ្ចប់​គ្រឿងញៀន ទាល់តែ​ព្រះរាជអាជ្ញា​»​។

បើតាម​លោក​ ស៊ីវុត្ថា មុន​មាន​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះ​គឺ​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ល្បាត​នៅតាម​គោលដៅ​។ លុះ​នៅវេលា​ម៉ោង​ប្រហែល​ជា​ ១០ ​កន្លះ​ព្រឹក​ថ្ងៃទី​ ៣១ មីនា ឆ្នាំ​ ២០២១ កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ​បុរស​ម្នាក់​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​ចំណុច​ក្បែរ​ស្ពាន​ទី​ ២ ផ្លូវ​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយសែនជ័យ​ដោយ​មាន​អីវ៉ាន់​ជាប់​ខ្លួន​ផង​។ ខណៈ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​សុំ​ការសម្របសម្រួល​នីតិវិធី​ផ្លូវច្បាប់​ពី​លោក​ ជេត ខេមរា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ឈាន​ទៅ​ចាប់​ជនសង្ស័យ​តែម្តង​។

ខណៈ​កំពុង​ចាប់ខ្លួន​សមត្ថកិច្ច​បាន​ឆែកឆេរ ឃើញ​វត្ថុ​រុំ​វេចខ្ចប់​ប្លាស្ទិក​ចំនួន​ ៣ ​ដុំ​ធំ​ដែល​នៅ​ក្នុងនោះ​ជា​ម្សៅ​គ្រឿងញៀន​មាន​ទម្ងន់​ជិត​ ៣ ​គីឡូក្រាម​ជា​ប្រភេទ​មេតំហ្វេតាមីន​។

ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នេះដែរ​ពី​ម្សិលមិញ ​ភ្នំពេញ​ ប៉ុស្តិ៍​ បាន​ទូរស័ព្ទ​ទៅ​លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប៉ុន្តែ​មិនអាច​ទាក់ទង​បាន​។ ទោះយ៉ាងណា​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​គ្រឿងញៀន​ក្នុង​ ១ ​ឆ្នាំ​ ២០២០ សមត្ថកិច្ច​បង្ក្រាប​មនុស្ស​ជាង​ ២ ​ម៉ឺន​នាក់​។ ក្នុងនោះ​រួមមាន​ទាំង​ជនបរទេស​ផងដែរ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​គ្រឿងញៀន​ជាង ៣ ​តោន​ គឺ​មាន​ការកើនឡើង​លើស​ឆ្នាំ​ ២០១៩ ​ជាង​ ៦ ​ភាគរយ​។

បើតាម​លោក​ មាស វិរិទ្ធ ការកើនឡើង​នូវ​ការបង្ក្រាប​បាន​គ្រឿងញៀន​នេះ ដោយសារ​តែ​មាន​ការខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការស្រាវជ្រាវ​បង្ក្រាប​ដល់​ឫសគល់​ពួកឧក្រិដ្ឋជន​ធំៗ​។ តែ​ទោះជា​យ៉ាងណា សមត្ថកិច្ច​ក៏​នៅតែ​បង្ក្រាប​មិន​អស់ និង​បានតែ​មួយចំនួន​ក្នុង​ចំណោម​ក្រុម​ឧក្រិដ្ឋជន​ជាច្រើន​ទៀត​។

លោក​បន្តថា ដោយឡែក​នៅ​កម្ពុជា​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ចាប់បាន​គឺ​ភាគច្រើន​សុទ្ធតែ​គ្រឿងញៀន​សំយោគ​ដែល​ផលិត​ចេញពី​សារធាតុ​គីមី​ផ្សំ​។ លោក​ថា ក្រុម​ឧក្រិដ្ឋជន​មិន​ចំណាយពេល​យូរ​ទេ​ក្នុង​ការផលិត​ហើយក៏​មិនចាំបាច់​ជ្រើសរើស​ទីកន្លែង​ផលិត​ដែរ​។ កន្លែង​ណា​ដែល​អំណោយផល​ដល់​សកម្មភាព​លួចលាក់​ផលិត​គ្រឿងញៀន​បាន គឺ​ពួកឧក្រិដ្ឋជន​រៀបចំ​ផលិត​ហើយ​។

លោក​ថ្លែងថា​៖ «​ឥឡូវ​ពួកគេ​ផលិត​ (​មើល​ការណែនាំ​) ​តាម​អនឡាញ​ដោយ​គ្រាន់តែ​គេ​ណែនាំ​តាម​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឱ្យ​ដាក់​សារធាតុ​ផ្សំ​ស្អីៗ​ទៅ​ក៏​អាចធ្វើ​បាន​ហើយ ព្រោះ​ឥឡូវនេះ​មាន​បច្ចេកវិទ្យា​ទំនើប​។ រីឯ​ការវិវឌ្ឍ​របស់​ក្រុម​ឧក្រិដ្ឋជន ក៏​វា​មាន​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ដែរ​»៕