ស្ទឹងត្រែងៈ បុរស​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង​កាលពី​ម្សិលមិញ ក្រោយពី​បាន​បញ្ចប់​ការសាកសួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ជាង​ ៧ ​គីឡូក្រាម ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៦ ​កក្កដា​នៅ​ចំណុច​កំពង់ចម្លង​មួយ​ស្ថិត​ក្នុង​ភូមិ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល ស្រុក បុរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង​។

លោក​ ឈុំ ស៊ាងហាក់ អនុប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្តស្ទឹងត្រែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ពុធ​ថា​ជនជាប់ចោទ​ត្រូវបាន​លោក អ៊ួង វុទ្ធា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​បង្គាប់​ឲ្យ​នគរបាល​យុត្តិធម៌​នាំ​យក​ទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង ដើម្បី​រង់ចាំ​ការជំនុំជម្រះ​នៅពេល​ក្រោយ​។

លោក​ថ្លែងថា​៖ «​ក្រោយ​បញ្ចប់​ការស៊ើបសួរ ជន​ត្រូវ​ចោទ​ត្រូវបាន​តុលាការ បង្គាប់​ឲ្យ​នាំទៅ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទជួញដូរ​សារធាតុ​ញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​គ្រឿងញៀន​»​។

បើ​តាម​មន្ត្រីនគរបាល​ដែល​បានដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​ឲ្យ​ដឹងថា សារធាតុ​ញៀន​ដែល​រកឃើញ​ និង​រឹបអូស​ពី​បុរស​ជនជាតិ​ឡាវ​នោះ​ជា​ប្រភេទ​អៃស៍មេតំហ្វេតាមីន​។ លោក​ យិន បញ្ញារិទ្ធ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ​ដែល​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ (​ក​៩) ​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​តំបន់​ខាងលើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែ​កក្កដា ថា បុរស​ជនជាតិ​ឡាវ​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​បទល្មើស​នេះ ឈ្មោះ​ ភិត ងិន [Phit Ngin] អាយុ​ ៣៣ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ស្រុក Khong Champasak ប្រទេស​ឡាវ​។

លោក​ថា​៖ «​ជនសង្ស័យ​បាន​លួច​ឆ្លងដែន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​យើង​តាម​ទូក​ដោយ​បន្លំ​ខ្លួន​ជា​អ្នកនេសាទ ប៉ុន្តែ​ក្រោយ​មាន​ការសង្ស័យ សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​សរុប​ជាង​ ៧ ​គីឡូក្រាម​»​។

មន្ត្រី​នគរបាល​រូបនេះ​បន្ថែមថា​៖ «​ជនសង្ស័យ​ខាងលើ​នេះ​គឺជា​ក្រុម​ថ្មី​មួយទៀត​ដែល​ទំនង​ជា​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ប្រទេស​ឡាវ ទើប​បង្កើតឡើង​»​។

ជុំវិញ​ករណី​នេះ​លោក​ ចែម ផានិត ប្រធានការិយាល័យ​បង្ក្រាប​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោយពី​បញ្ចប់​ការសាកសួរ​នៅ​រសៀល​ថ្ងៃ​អង្គារ ក្រុមមន្ត្រី​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅកាន់​តុលាការ​ខេត្ត​ស្ទឹងត្រែង​ដើម្បី​មាន​ចំណាត់​ការបន្ត​តាម​នីតិវិធី​។

លោក​ ផានិត បាន​ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​យើង​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ ប៉ុន្តែ​តុលាការ​សម្រេច​ចោទប្រកាន់​បែប​ណា​នោះ ខ្ញុំ​មិនទាន់​ដឹង​ទេ ព្រោះ​វា​កំពុង​ស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ​នៅឡើយ​»​។

លោក​ គឹម ហុងសាន អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​អង្គារ​ថា ជនសង្ស័យ​ត្រូវ​បាន​លោក​ ស៊ីន រក្សា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​គ្រឿងញៀន​។

លោក​បញ្ជាក់ថា​៖ «​ខាង​តំណាង​អយ្យការ​យើង​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​ជួញដូរ​គ្រឿងញៀន​តាម​មាត្រា​ ៤០ ​នៃ​ច្បាប់​គ្រឿងញៀន​ និង​បាន​បញ្ជូន​ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​»៕