ស្ទឹងត្រែងៈ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនគ្រោងនឹងបញ្ជូនបុរសជនជាតិឡាវ ២ នាក់ និងវត្ថុតាងគ្រឿងញៀនជិត ៥០ គីឡូក្រាមទៅតុលាការនៅព្រឹកថ្ងៃចន្ទនេះ ខណៈដែលសមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយសមត្ថកិច្ចឡាវ ដើម្បីតាមរកចាប់ខ្លួនជនជាតិឡាវ ៤ នាក់ទៀតដែលរត់គេចខ្លួន។
លោក ចែម ផានិត ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានថ្លែងកាលពីម្សិលមិញថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២១ កម្លាំងអន្តរាគមន៍ការិយាល័យទី ៩ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងបានបង្ក្រាបចាប់បុរសជនជាតិឡាវ ២ នាក់។
ជនសង្ស័យមានឈ្មោះ អ៊ាថ អាយុ ២៩ ឆ្នាំ និងឈ្មោះ ទុន កែវ អាយុ ២៨ ឆ្នាំ នៅចំណុចស្ពានទី២ ច្រករបៀងស្ថិតក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បន្ទាប់ពីឆែកឆេររកឃើញគ្រឿងញៀនប្រភេទ Ice Methamphetamine សរុប ៤៦ ដុំ ឬស្មើ ៤៦ គីឡូក្រាម។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នជនសង្ស័យទាំង ២ កំពុងស្ថិតក្រោមការសាកសួរចម្លើយពីមន្ត្រីនគរបាលជំនាញ។ ពួកគេនឹងត្រូវបញ្ជូនទៅកាន់តុលាការខេត្ត នៅព្រឹកថ្ងៃចន្ទ [១៨ មករា ២០២១] នេះ ដើម្បីមានចំណាត់ការបន្តទៅតាមនីតិវិធី»។
បើតាមលោក ផានិត ក្រុមជនសង្ស័យមានគ្នា ៦ នាក់ ប៉ុន្តែ ៤ នាក់ទៀតបានរត់គេចខ្លួនត្រឡប់ចូលទៅកាន់ទឹកដីឡាវវិញ នៅពេលពួកគេបានពើបប្រទះនឹងកម្លាំងនគរបាលនៅតាមព្រំដែន។
ជុំវិញករណីនេះលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា នៅពេលនេះសមត្ថកិច្ចនគរបាលជំនាញកំពុងសហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលប្រទេសឡាវ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែនទាំង ៤ នាក់ ដែលរត់គេចខ្លួននោះទៀតដើម្បីនាំយកប្រគល់ឲ្យតុលាការផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
លោក ជីតូ ថ្លែងថា៖ «តាមចម្លើយរបស់ជនសង្ស័យទាំង ២ ដែលយើងបង្ក្រាបបានក្រុមនេះគឺជាក្រុមថ្មីមួយផ្សេងទៀត ដែលមានមេខ្លោងធំនៅតំបន់ត្រីកោណមាស និងមានបណ្ដាញតូចៗនៅក្នុងប្រទេស ថៃ ឡាវ និងភូមា។ ក្រុមថ្មីនេះទំនងជាមានបណ្ដាញតូចៗនៅក្នុងប្រទេសកម្ពុជាយើងផងដែរ»។
ជាមួយគ្នានេះ លោកអំពាវនាវដល់ពលរដ្ឋទាំងអស់ សូមនៅឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចប្រសិនបើបានដឹង និងប្រទះឃើញមានបទល្មើសគ្រឿងញៀននៅកន្លែងណាមួយ ដើម្បីសមត្ថកិច្ចចុះបង្ក្រាបឲ្យបានទាន់ពេលវេលាព្រោះគ្រឿងញៀនវាបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិទាំងមូល៕