កំពង់ចាមៈ ប្តី-ប្រពន្ធ​ជនជាតិ​អាមេរិកាំង​ ២ ​នាក់​ដែល​ធ្លាប់​​រិះគន់​វិធាន​ការដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​សណ្ឋាគារ​មេគង្គ ខេត្ត​កំពង់ចាម​គឺជា​អ្នក​ដែលមាន​ផ្ទុក​កូវីដ​ ១៩ ​ថ្មី ដែល​ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃ​ ២៤ ខែមីនា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​កាលពី​ព្រឹក​ម្សិលមិញ​ថា ជនជាតិ​អាមេរិកាំង​ ១ ​គូ​តាម​កប៉ាល់ Viking Cruise Journey ដែល​ធ្លាប់​រិះគន់​ការដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​ខេត្តកំពង់ចាម គឺជា​អ្នក​ដែល​រកឃើញ​វិជ្ជមាន​កូវីដ​១៩ ក្នុង​ចំណោម​អ្នក​ផ្ទុក​ ៤ ​នាក់​ថ្មី​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវ​នាវា​នេះ ក្រៅពី​ ៣ ​នាក់​ដែល​បាន​ឆ្លង ហើយ​ម្នាក់​បានជា ហើយ​ជនជាតិ​អង់គ្លេស​បានជា​ហើយ​នៅ​សល់​អង់គ្លេស​ ២ ​នាក់​ទៀត​នៅ​ពេទ្យរុស្ស៊ី ហើយ​នឹង ៤ ​នាក់​ទើប​តែ​ឆ្លង​ថ្មី​។ ៤ ​នាក់​ឆ្លង​ថ្មី​ទៀត​ ២ ​គូ ប្ដី​ប្រពន្ធ​»​។

លោក​បន្តថា​៖ «​ជនជាតិ​អាមេរិក ២ ​នាក់​ជនជាតិ​អាមេរិក​នោះ​ហើយ​ដែល​និយាយថា ជីងចក់ ដែល​ថា​យើង​យក​ទៅ​ដាក់​នៅ​កន្លែង​ជីងចក់​នោះ ព្រោះ​អាង​គាត់​អ្នកមាន គាត់​ចង់​នៅ​អាសណ្ឋាគារ​ផ្កាយ​៥ គាត់​ចង់​មក​សម្រាក​នៅ​សណ្ឋាគារ​ផ្កាយ​៥​។ ប៉ុន្តែ​ប្រសិនបើ​យើង​ទៅតាម​គាត់ ប្រហែល​ជា​សណ្ឋាគារ​ផ្កាយ​ ៥ ហ្នឹង​រលាយ​ហើយ​។ ឥឡូវនេះ​ជនជាតិ​អង់គ្លេស​ ២ ​នាក់​ប្ដី​ប្រពន្ធ និង​អាមេរិក​ ២ ​នាក់​ប្ដី​ប្រពន្ធ ៤ ​នាក់​ផ្សេងទៀត​។ អាហ្នឹង​ជា​ការធ្លុះធ្លាយ​ទី​ ២»​។

កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន គូស្រករ​ជនជាតិ​អាមេរិក​ ២ ​នាក់​បាន​រិះគន់​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដោយ​ចាត់ទុក​វិធានការ​ដែល​ឲ្យ​ពួកគេ​ស្នាក់នៅ​ដាច់ដោយឡែក​ ១៤ ​ថ្ងៃ​នៅ​ខេត្ត​កំពង់ចាម​នោះ​ថា​ជា «​ការឃុំឃាំង​»​។ ពួកគេ​រិះគន់​ថា នៅក្នុង​សណ្ឋាគារ​នោះ​មាន​ជីងចក់ ហើយ​បន្ទប់ទឹក​លិច​មាន​ការធ្លាយ​ទឹក​។ នេះ​បើ​តាម​ការ​ស្រង់​សម្ដី​ដោយ​កាសែត The USA Today​។

លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម​ថ្លែងថា អ្នក​ផ្ទុក​ថ្មី​ចំនួន​ ៤ ​នាក់​នោះ​កំពុង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែ​លោក​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​។

លោក គឹម សួរភិរុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ក៏​បដិសេធ​បង្ហាញ​អត្តសញ្ញាណ​ដែរ​ដោយ​ថ្លែងថា អ្នក​ដែល​បានបញ្ចប់​ការដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ ១៤ ​ថ្ងៃ​ចំនួន​ ៥៣ ​នាក់​ផ្សេងទៀត​បាន​ចាកចេញ​ពី​សណ្ឋាគារ​មេគង្គ​កាលពី​ថ្ងៃ​អង្គារ​ដោយ​វិលត្រឡប់​ចូល​កប៉ាល់ Viking Cruise Journey វិញ​៕