ភ្នំពេញៈ តុលាការ​ក្រុង​ភ្នំពេញ​​ផ្ដន្ទា​ទោស​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ជនជាតិ​អូស្ត្រាលី James Ricketson ដាក់​ពន្ធនាគារ​កំណត់​ ៦ឆ្នាំ ពី​បទ «​ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​​បើក​សវនាការ​ប្រកាស​សាល​ក្រម​ដោយ​សម្រេច​ផ្តន្ទាទោស​​លោក​ James Ricketson ​អាយុ​ ៦៩ ឆ្នាំ ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត​ជន​ជាតិ​អូស្ត្រាលី ដាក់​ពន្ធនាគារ​កំណត់ ៦ ឆ្នាំ ពី​បទ «ប្រមូល​ផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​ ៤៣៩ និង ៤៤៦ នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក សេង លាង ប្រធាន​ចៅ​ក្រម​ជំនុំជម្រះ​បាន​ថ្លែង​ពេល​ប្រកាស​សាល​ក្រម​ថា៖ «ក្រោយ​ពី​បាន​ពិនិត្យ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​ ហេតុ​ដូច្នេះ ​សម្រេច​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ James Ricketson ដាក់​ពន្ធនាគារ​ ៦ឆ្នាំ​ ពី​បទ​ ប្រមូល​ព័ត៌មាន​ជាអាទិ៍ នាំ​​ឲ្យ​អន្តរាយ​ដល់​​ការ​ការពារ​ជាតិ» តាម​មាត្រា​ ៤៣៩​ និង​ ៤៤៦​ ប្រព្រឹត្ត​ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​ ២០១០ ដល់ថ្ងៃទី​ ៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧។

ការ​ប្រកាស​សាល​ក្រម​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​តុលាការ​បាន​ជំនុំ​ជម្រះ​សួរ​ដេញ​ដោល​ភាគី​ពាក់​ព័ន្ធ​អស់​រយៈ​ពេល​ ៧ ​ថ្ងៃ​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ពុធ​​កន្លង​ទៅ​នេះ។

នៅ​ក្នុង​ការ​សួរ​ដេញ​ដោល​​កាល​ពី​កន្លង​មក​ លោក Ricketson បាន​​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ព្រះ​រាជ​អាជ្ញា​ សៀង សុខ ​ដែល​​បាន​ចោទ​លោក​ថា ​លោក​បាន​យក​ការងារ​មនុស្ស​ធម៌​ជួយ​ជន​ក្រីក្រ​កម្ពុជា​​ដើម្បី​បិទ​បាំង​សកម្មភាព​ចារកម្ម​របស់​លោក។

ប៉ុន្តែ​លោក​ Ricketson ថ្លែង​ថា ​លោក​គ្រាន់​តែ​ជា​អ្នក​ផលិត​ខ្សែភាព​យន្ត និង​ជា​អ្នក​កាសែត​ប៉ុណ្ណោះ​ មិន​បាន​ប្រមូល​ព័ត៌មាន​ចារកម្ម​អ្វី​ឡើយ។

លោក គង់ សំអុន ​មេធាវី​របស់​លោក ​Ricketson ​ស្នើ​កាល​​ពី​ថ្ងៃ​ពុធ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ឲ្យ​ទម្លាក់​បទ​ចោទ​ពី​កូន​ក្តី​លោក ហើយ​ដោះ​លែងកូន​ក្តី​ឲ្យ​មាន​សេរី​ភាព​វីញ។

ថ្លែង​ក្រោយ​ពេល​​ប្រកាស​សាល​ក្រម​ភ្លាមៗ ​លោក Ricketson ​បាន​ប្រតិកម្ម​នឹង​សាលក្រម​នេះ ដោយ​លោក​ថ្លែង​ «តើ​ខ្ញុំ​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​ណា?​ វា​មិន​គួរ​ឱ្យ​ជឿ​ទាល់​តែ​សោះ»។ បន្ទាប់​មក​លោក​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​ដឹក​ចេញ​ទៅ​ពន្ធនាគារ​វិញ​យ៉ាង​ប្រញាប់​ប្រញាល់។

លោក​ គង់​ សំអុន​ បាន​ថ្លែង​ក្រោយ​ប្រកាស​សាលក្រម​ថា​ ការ​ចោទ​ប្រកាន់​កូន​ក្តី​លោក​ធ្វើ​ឡើង​ដោយ​​ផ្អែក​លើ​​ភស្តុតាង​តិចតួច​បំផុត​។

លោក​ថ្លែង​ថា៖ «ក្រោយ​ពេល​ជំនុំ​ជម្រះ​៧​ ថ្ងៃ​មក​នេះយើង​ឃើញ​ថា​ មាន​ភស្តុតាង​តិចតួច​មែន​ទែន​ សម្រាប់​ដាក់​បន្ទុក​លើ​លោក​ James ​ដែល​ថា​លោក​ James​ ជា​ភ្នាក់ងារ​សម្ងាត់​ ឬជា​អ្នក​ស៊ើបការណ៍​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ការពារ​ជាតិ​ ឬ​ជា​ចារកម្ម​ឬ​កិច្ចការ​អ្វី​មួយ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា។

លោក​ថ្លែង​បន្ត​ថា​ លោក​នឹង​ស្នើ​សុំ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ស្នើ​សុំការ​លើ​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ ហើយ​លទ្ធភាព​មួយ​ទៀត​គឺ​ប្ដឹង​ឧទ្ធរណ៍​ទៅ​តុលាការ​ជាន់​ខ្ពស់។

លោក​ថ្លែង​ថា៖ «ខ្ញុំ​នឹងជួប​កូន​ក្តី​ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​គាត់។ យើង​នឹង​ស្នើ​ទៅ​ស្ថានទូត​អូស្ត្រាលី​ឲ្យ​ជួយ​គាំទ្រ​សំណើ​របស់​យើង»។

លោក​ Jesse Ricketson ​ដែល​ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ Ricketson បាន​ថ្លែង​នៅ​មុខ​តុលាការ​ថា​ ការ​សម្រេច​របស់​តុលាការ​គឺ​ជា​រឿង​គួរឲ្យ​តក់ស្លុត​ និង​គួរ​ខូច​ចិត្ត​បំផុត។ លោក​សង្ឃឹម​ថា​នឹង​មាន​ចិត្ត​សប្បុរសធម៌​ដល់​ឪពុក​របស់​លោក។

លោក​និយាយ​ថា៖ «យើង​សង្ឃឹម​ថា​ រឿង​ល្អៗ​នឹង​កើនឡើង​ឆាប់ៗ​នេះ»។

លោក Ricketson ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៧ មួយ​ថ្ងៃ​ក្រោយ​ពេល​លោក​បាន​ទៅ​ថត​​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា។ ប៉ុន្តែ​ការ​ចាប់​ខ្លួន​ធ្វើ​ឡើង​នៅ​មាត់​ទន្លេ ក្បែរ​ព្រះ​បរមរាជវាំង៕