The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជន​ជាតិ នីហ្សេរីយ៉ា ១៧ នាក់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ខណៈ​អ្នក​ខ្លះ​ត្រូវ​ផាក​ពិន័យ

ជន​ជាតិ នីហ្សេរីយ៉ា ១៧ នាក់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ខណៈ​អ្នក​ខ្លះ​ត្រូវ​ផាក​ពិន័យ

Content image - Phnom Penh Post
ជនជាតិនីហ្សេរីយ៉ាដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃសៅរ៍។ រូបថត ប៉ូលិស

ជន​ជាតិ នីហ្សេរីយ៉ា ១៧ នាក់​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ ខណៈ​អ្នក​ខ្លះ​ត្រូវ​ផាក​ពិន័យ

ភ្នំពេញៈ ជនជាតិ​ នីហ្សេរីយ៉ា ១៧ នាក់ ក្នុង​ចំណោម ៤៥ នាក់ ដែល​ប៉ូលិស​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ សៅរ៍ នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​កម្ពុជា ក្រោយ​រក​ឃើញ​ថា បាន​ស្នាក់​នៅ​ខុស​ច្បាប់ ចំណែក​អ្នក​សេស​សល់ នឹង​ត្រូវ​ផាក​ពិន័យ ហើយ​ដោះ​លែង​វិញ។

ជន​ជាតិ​នីហ្សេរីយ៉ា​ សរុប ៤៥ នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ឡោម​ព័ទ្ធ​ចាប់​កាល​ពី​ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៥ ក្នុង​ទី​ជំនុំ​សាសនា​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ប្រធាន​នាយកដ្ឋាន​ស៊ើប​អង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ លោក អ៊ុក ហៃសីឡា។

លោក អ៊ុក ហៃសីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​ នីហ្សេរីយ៉ា ទាំង ៤៥ នាក់ គឺ​ស្ថិត​ក្នុង​ចំណោម ៦០ នាក់ ដែល​មន្ត្រី​ទទួល​បន្ទុក​រៀបចំ​ទិដ្ឋាការ​របស់​ជនជាតិ​ នីហ្សេរីយ៉ា បាន​ស្នើ​សុំ​ឲ្យ​សមត្ថកិច្ច​នៃ​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ក្រសួង​មហាផ្ទៃ ស្វែង​រក​ឃាត់​ខ្លួន បន្ទាប់​ពី​រក​ឃើញ​ថា ពួកគេ​បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ទិដ្ឋាការ​ក្លែងក្លាយ និង​ខ្លះ​មាន​លិខិត​ឆ្លង​ដែន​គ្មាន​ត្រា​ចេញ​ចូល​ច្បាស់​លាស់។

លោក​ថា៖«យើង​បាន​ស៊ើប​យូរ​ហើយ ទើប​ឃាត់​បាន ៤៥ នាក់​នេះ ហើយ​ក្រោយ​បញ្ចប់​ការ​ពិនិត្យ​ឯកសារ​និង​សួរ​នាំ​រួច​ឃើញ​ថា មាន ២០ នាក់​មាន​លិខិត​ឆ្លង​ដែន​និង​ឯកសារ​ត្រឹម​ត្រូវ ដែល​នឹង​ត្រូវ​ដោះលែង​វិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ចំណែក ៨ នាក់​នឹង​ត្រូវ​ផាក​ពិន័យ​ដោយ​សារ​ហួស​ទិដ្ឋាការ​និង​គ្មាន​ត្រា​ចូល ចំណែក ១៧ នាក់​ទៀត​គឺ​ត្រូវ​រៀបចំ​ឯកសារ​បណ្តេញ​ចេញ»។

បើ​តាម​លោក អ៊ុក ហៃសីឡា ជន​ជាតិ​ នីហ្សេរីយ៉ា ដែល​បាន​មក​ស្នាក់​នៅ​កម្ពុជា ភាគ​ច្រើន មាន​មុខ​របរ​ជា​គ្រូ​បង្រៀន​ផ្នែក​សាសនា​និង​ភាសា ហើយ​បើ​គិត​ត្រឹម​រយៈពេល ១០ ខែ ដើម​ឆ្នាំ ២០១៥ នេះ គឺ​មាន​ជន​ជាតិ​នីហ្សេរីយ៉ា​សរុប​ជាង ៦០ ​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​បាន ក្នុង​ពេល​ចុះ​ធ្វើ​ជំរឿន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់។

លោក អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹង​ទៀត​ថា បើ​គិត​ត្រឹម ១០ ខែ ឆ្នាំ ២០១៥ នេះ ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ ដែល​សមត្ថកិច្ច ចាប់​បាន​មាន​ទាំង​អស់ ៤៦ សញ្ជាតិ សរុប​ ៣ ៩៦១ នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ហើយ ចំណែក ២៣៣ នាក់ កំពុង​រៀប​ចំ​ឯកសារ​ដើម្បី​បណ្តេញ​ចេញ ហើយ​ក្នុង​នោះ​មាន ៩០ ភាគរយ គឺ​ជា​ជន​ជាតិ​វៀត​ណាម៕

អត្ថបទគួរចាប់អារម្មណ៍