ភ្នំពេញៈ​ ជនជាប់ចោទ​ជ​ន​ជាតិ​នី​ហ្សេ​រីយ៉ា ៥ នាក់​ ក្នុង​ចំណោម ៧ នាក់ កាល​ពី​ម្សិលមិញ បាន​ស្នើសុំ​តុលាការ​កំពូល ឲ្យ​ដោះលែង​ពួកគេ​វិញ ដោយ​លើក​ហេតុផល​ថា សមត្ថកិច្ច​ចាប់​ខ្លួន​ពួកគេ​គ្មាន​វត្ថុតាង​គ្រឿង​ញៀន​ជាក់ស្តែង ហើយ​សូម្បី​តែ​ក្នុង​កំណត់​ហេតុ​របស់​តុលាការ ក៏​មិន​ឃើញ​បញ្ជាក់​ពី​ចំនួន​គ្រឿង​ញៀន​ដែរ​ ប៉ុន្តែ​ត្រូវ​តុលាការ​ផ្តន្ទាទោស​ម្នាក់ ១០ ឆ្នាំ​ទៅវិញ។

តាម​កំណត់ហេតុ​របស់​តុលាការ​បង្ហាញថា ជនជាប់ចោទ​ទាំងនោះ មាន​ឈ្មោះ ១- IME JHONUDOM ភេទ ប្រុស អាយុ ៥២ ឆ្នាំ, ២- ECHOWDO (SAMSON) អាយុ ៣២ ឆ្នាំ, ៣- FAVOUR IBEZIMAKO OBERTA អាយុ ៣២ ឆ្នាំ, ៤- ORAGWAN (DOMWIN) អាយុ ៣២ ឆ្នាំ, ៥- OKECHUKWU IKEFUAKU អាយុ ២៨ ឆ្នាំ, ៦- EZIGBOGABRIEL CHUKWUEOKA អាយុ ៤២ ឆ្នាំ (អវត្តមាន) និង៧- MIGAEL NWANKWO អាយុ ៣២ ឆ្នាំ។

បើតាម​កំណត់ហេតុ កាលពី​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៤ ឈ្មោះ IME JHONUDOM បាន​យួរ​ស្បោង​ខ្មៅ ១ យក​ទៅ​ប្រគល់​ឲ្យ​បុរស​ម្នាក់ នៅ​ផ្សារសូរិយាម៉ល ក្នុង​សង្កាត់​ផ្សារ​ថ្មី ៣ ខណ្ឌ​ដូនពេញ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន (ក្នុង​កំណត់​ហេតុ​មិន​បាន​បញ្ជាក់​ពី​ចំនួន​គ្រឿង​ញៀន​និង​ប្រភេទ​អ្វី​ទេ)។ បន្ទាប់​មក សមត្ថកិច្ចបាន​ឲ្យ​ឈ្មោះ IME JHONUDOM នាំ​ទៅ​បុរី​ពិភពថ្មី​នៅ​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ហើយ​ចាប់​ខ្លួន​បុរស​ជនជាតិ​នីហ្សេរីយ៉ាបាន ៦ នាក់​ទៀត។ ក្នុង​នោះ​ចាប់​បាន ៤ នាក់ ​នៅ​ក្នុង​ហាង​អាហារ​របស់​ឈ្មោះ EC-HOWDO (SAMSON) និង ២ នាក់​ទៀត​ សមត្ថកិច្ច​ចាប់​នៅ​តាម​ផ្លូវក្នុង​សង្កាត់​ចោមចៅ​ដែរ។

សំណុំ​រឿងនេះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​នៅ​ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៥ ដោយ​ផ្តន្ទាទោស ម្នាក់ៗ ដាក់​ពន្ធនាគារ ១០ ឆ្នាំ ចោទ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន​ខុស​ច្បាប់ តាម​បញ្ញត្ត​មាត្រា ៤០ នៃ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន និង​ពិន័យ​ប្រាក់​ម្នាក់ៗ ២០ លាន​រៀល។ ប៉ុន្តែ ដោយ​មិន​សុខចិត្ត​នឹង​សាលក្រម នេះ ជន​ជាប់​ចោទ​ទាំង ៧ នាក់ ​បាន​ប្តឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍ តែ​ត្រូវ​សាលា​ឧទ្ធរណ៍ ប្រកាស​សាលដីកា កាល​ពី​ថ្ងៃ​ទី ១៣ ខែ​ សីហា ឆ្នាំ ២០១៦ សម្រេច តម្កល់​សាលក្រម របស់​សាលា​ដំបូង​ទុកជា​បាន​ការ​ដដែល។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ ជនជាប់ចោទ ឈ្មោះ IME JHONUDOM បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា គាត់​បាន​ចូល​មក​ប្រទេស​ កម្ពុជា ​ក្នុង​ឆ្នាំ ២០០៩ ដើម្បី​ធ្វើ​ជំនួញ ប៉ុន្តែ​របរ​រកស៊ី​របស់​គាត មិនសូវ​ដំណើរ​ការ​ល្អ​ទេ ហើយ​គាប់​ជួន​ថ្ងៃ ១ មិត្តភ័ក្ដិ​របស់​គាត់ បាន​ពឹង​គាត់​ឲ្យ​កាន់​ស្បោង ១ ដោយ​ប្រាប់​លោក​ថា យក​ស្បោង​នោះ​ឲ្យ​បុរស​ម្នាក់ ដែល​គេ​កំពុង​រង់ចាំ​ទទួល​នៅ​ផ្សារ​សូរីយាម៉ល។

ជនជាប់ចោទ​ថា ៖ «ពេលនោះ ខ្ញុំ​ប្រកែក​ដែរ ប៉ុន្តែ​ដោយ​ជំនួញ​របស់ខ្ញុំ​រកលុយ​មិនបាន ខ្ញុំ​ក៏​សម្រេច​ចិត្ត​យក​ស្បោង​នោះ ទៅ​ឲ្យ​គេ​ព្រោះ​មិត្ត​ខ្ញុំ​ឲ្យ​សេវា ២០០ ដុល្លារ។ ប៉ុន្តែ ពេល​ខ្ញុំ​ទៅ​ដល់ កន្លែង​ណាត់ ក៏ត្រូវ​ប៉ូលិស​ចាប់។ ខ្ញុំ​សូម​ឲ្យ​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង»។

ចំណែក FAVOUR IBEZIMAKO OBERTA, ឈ្មោះ ORAGWAN (DOMWIN), OKECHUKWU IKEFUAKU បាន​និយាយ​ដូចគ្នា​ថា ពួកគេ​មិនបាន​ស្គាល់​គ្នា​ពី​មុន​មក​ទេ ប៉ុន្តែ​ដោយ​មាន​ហាង​អាហារ ១ ដែល​ម្ចាស់​ហាង​ឈ្មោះ ECHOWDO (SAMSON) ជា​ជនជាតិ​នីហ្សេរីយ៉ា ដូចគ្នា​នោះ ពួកគេ​តែង​មក​ទិញ​អាហារ​នៅ​ទីនោះ។ នៅ​ល្ងាច​មុន​សមត្ថកិច្ច​ចាប់ ពួកគេ​កំពុង​អង្គុយ​ហូប​អាហារ​ក្នុង​ហាង​នោះ​រៀងៗ​ខ្លួន ហើយ​ក៏មាន​សមត្ថកិច្ច​នគរបាល ចូលចាប់​តែម្តង។

ជនជាប់ចោទ FAVOUR IB-EZIMAKO OBERTA ប្រាប់​ចៅក្រម​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​របស់សមត្ថកិច្ច​ទេ ព្រោះពេល​នោះខ្លួន​ទៅ​ទិញ​អាហារ​ហូប​តែប៉ុណ្ណោះ។

រីឯ​ឈ្មោះ ORAGWAN (DOMWIN) និយាយថា ពេល​សមត្ថកិច្ច​ចាប់ខ្លួន​គឺ​គាត់​កំពុង​ជិះ​ម៉ូតូ​ក្នុង​បុរី​ពិភពថ្មី (ចោមចៅ) ហើយ​សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ឈប់​ម៉ូតូ និង​ចាប់​ខ្លួន​តែម្តង ឯ​មិត្តស្រី​របស់​ខ្លួន​ជា​នារី​ខ្មែរ​ត្រូវ​ដោះលែង​វិញ។

រីឯ​ឈ្មោះ OKECHUKWU IKEFUAKU, EZIGBOGABRIEL CHUKWUEOKA ពួកគេសុទ្ធតែ​មិន​បាន​ស្គាល់​គ្នា​ពី​មុន​មក​ទេ ប៉ុន្តែបាន​ទៅ​ទិញ​អាហារ​ក្នុង​ហាង​នោះ ហើយក៏​មិន​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​អី​ដែរ សមត្ថកិច្ច​ចាប់​ពួកគេ​គ្មាន​ភ័ស្តុតាង​ជាប់​ខ្លួន​ទេ។ ជន​ទាំង​នេះ​បាន​សុំ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ពួកគេ។

លោក វ៉េង ប៊ុនធឿន តំណាងមហាអយ្យការ​សន្និដ្ឋាន​ថា ក្នុង​សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ ៥ នាក់ ​បាន​បដិសេធ ហើយ​មាន​ម្នាក់​ទទួល​ស្គាល់​កំហុស។ ប៉ុន្តែបើផ្អែក​តាមអង្គហេតុ​គឺ​មុន​មាន​ការ​ចាប់ខ្លួន​ពួកគេ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ច្បាស់​ហើយ ទើប​ចាប់​ពួកគេ។

លោក​ថា៖ «ផ្អែក​តាម​ភ័ស្តុតាង​និង​ចម្លើយ​សារភាព​របស់​បក្ខ​ពួកគេ​ម្នាក់ ខ្ញុំ​សូម​តម្កល់​សាលដីកា របស់​សាលា​ឧទ្ធរណ៍​ទុកជា​បានការ​ដដែល»។

លោក ស៊ិន វ៉ាន់​នី មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង ៦ នាក់ បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក មាន​ម្នាក់​សារភាព ប៉ុន្តែ ៥ នាក់​ទៀត​បដិសេធ ហើយ​ម្យ៉ាង​សមត្ថកិច្ច​ចាប់ខ្លួន​ពួកគេ​គ្មាន​វត្ថុតាង​ជាក់ស្តែង​ទេ «ខ្ញុំ​សូម​តុលាការ​ដោះលែង​កូនក្តី​ខ្ញុំ ៥ នាក់ និង​ម្នាក់​ទៀត​សុំ​បន្ថយ​ទោស​ដល់​គាត់​ផង»។

ក្រោយ​ជំនុំជម្រះ លោក ស៊ឹង បញ្ញា​វុ​ឌ្ឍ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែងថា សាល​ដីកានេះ នឹង​ប្រកាស​នៅ​ថ្ងៃទី ១០ ខែ​ កក្កដា ខាងមុខ៕