ភ្នំពេញៈ សាលាឧទ្ធរណ៍​ពី​ម្សិលមិញ​បានប្រកាស​សាល​ដីកា​បន្ថយ​ទោស​ដល់​ជន​ជាប់​ចោទ ២ នាក់ ដែល​ប្តឹង​ទាស់​មក​សាលា​ឧទ្ធរណ៍​ក្នុង​ចំណោម ៤ នាក់​ពី​ជាប់​ពន្ធនាគារ ១០ ឆ្នាំ មក​នៅ​ត្រឹម ៨ ឆ្នាំ​ម្នាក់​វិញ ពាក់ព័ន្ធ​បទ​ប្លន់​នៅ​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ដង្កោ កាល​ពី​ឆ្នាំ ២០១០។

នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ លោក​ចៅក្រម យន់ ណា​រ៉ុង បាន​អាន​សាល​ដីកា ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង ២ នាក់​ថា សំណុំ​រឿង​នេះ​មាន​ជន​ជាប់​ចោទ​ឈ្មោះ ខាំ ថុន ភេទ​ប្រុស​អាយុ ៥៦ ឆ្នាំ និង​ឈ្មោះ ស៊ុន វណ្ណា ៥២ ឆ្នាំ ដែល​ក្រោយ​ពី​ជំនុំ​ជម្រះ កាល​ពី​ថ្ងៃ​ទី ២០ ធ្នូ ឆ្នាំ២០១៨ មក ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា កាល​ពី​ពេល​ជំនុំ​ជម្រះ​ជន​ជាប់​ចោទ​ទាំង ២ នាក់​បាន​សារភាព​ពី​កំហុស​របស់​ខ្លួន​និង​បាន​សុំ​បន្ថយ​ទោស​ផង។

លោក​បាន​ថ្លែងថា៖ «ដោយយោង​ទៅលើ​ការសារភាព​របស់​ជន​ជាប់​ចោទ​ទាំង ២ នាក់ និង​ដោយ​ផ្អែក​លើ​អង្គហេតុ​គឺ​ជន​ជាប់​ចោទ​នៅ​ពេល​ធ្វើ​សកម្មភាព​ប្លន់ មិន​បាន​ធ្វើ​ទារុណ​កម្ម​អ្វី ទៅ​លើ​ជន​រង​គ្រោះ​ទេ។ ដូច្នេះ​តុលាការ​ឧទ្ធរណ៍​សម្រេច​បន្ថយ​ទោស​ដល់​ជន​ជាប់​ចោទ​ទាំង ២ នាក់​ពី​ជាប់​ពន្ធនាគារ ១០ ឆ្នាំ មក​នៅ ៨ ឆ្នាំ​វិញ និង​បន្ត​ឃុំខ្លួន​ជន​ជាប់​ចោទ​បន្ត​ទៀត»។

គួររំឭកថា កាលពី​ថ្ងៃ​បើកសវនាការ នៅ​សាលាឧទ្ធរណ៍​ជនជាប់​ចោទ ខាំ ថុន បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ពេល​នោះ គាត់​ត្រូវ​គេ​ឲ្យ​កាន់​កាំភ្លើង​អាកា​ឈរ​យាម​នៅ​ក្រោម​ផ្ទះ ប៉ុន្តែ​គាត់​មិន​ចេះ​បាញ់​កាំភ្លើង​ទេ ឯ​ឈ្មោះ​ស៊ុន វណ្ណា បាន​ឡើង​ទៅ​លើ​ផ្ទះ​ជាមួយ​ឡេង ប៊ុន​ថង និង​ឈ្មោះ​ជា សុខ​ណាក់។

រីឯ​ឈ្មោះ​ស៊ុន វណ្ណា​បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ដែរ​ថា ក្នុង​ពេលធ្វើ​សកម្មភាព​ប្លន់​នោះ ក្រុម​គាត់ បាន​ចាប់​កូន​ម្ចាស់​ផ្ទះ ២ នាក់ និង​ម្តាយ ឪពុក​ចង​ហើយ​ដើរ​ឆែក​រក​ទ្រព្យសម្បត្តិ។

ជនជាប់ចោទ​ទាំង ២នាក់​បាន​សារភាពថា៖ «ពួក​ខ្ញុំ​មិនដឹងថា បក្ខពួក​ខ្ញុំ​ប្លន់​បាន​លុយ​ចំនួន​ប៉ុន្មាន​នោះ​ទេ តែ​គេ​ឲ្យ​ពួក​ខ្ញុំ ម្នាក់​តែ ៥០ ម៉ឺន​រៀល​ប៉ុណ្ណោះ។ ពេលនេះ​ពួក​ខ្ញុំ​ដឹង​ខុស​ហើយ សូម​តុលាការ​ជួយ​បន្ថយ​ទោស​ដល់​ពួក​ខ្ញុំ​ផង»។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ បើកសវនាការ​កំបាំង​មុខ ជន​ជាប់​ចោទ (ខាំ ថុន និង​ឈ្មោះ​ស៊ុន វណ្ណា និង​ប្រកាស​សាល​ក្រម​អំឡុង​ដើម​ឆ្នាំ ២០១២ ដោយ​ផ្តន្ទាទោស​ជន​ជាប់​ចោទ​ទាំង ៤ នាក់​ក្នុង​ម្នាក់ៗ​ឲ្យ​ជាប់គុក ១០ ឆ្នាំ ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​តាម​មាត្រា​ ៣៥៧ នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

ដោយឡែក​ជនជាប់ចោទ ស៊ុន វណ្ណា និង​ខាំ ថុ​ន ក្រោយពី​គេចខ្លួន​បាន ៧ឆ្នាំ គឺ​នៅ​ឆ្នាំ ២០១៧ ទើប​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​ដីកា និង​ចាប់​ខ្លួន​បាន ហើយ​បាន​បញ្ជូន​ខ្លួន​ពួកគេ​ទាំង ២ នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស។ មក​ដល់​ពេល​នេះ​ពួកគេ​ជាប់​ពន្ធនាគារ​បាន​ប្រមាណ ២ ឆ្នាំ​ហើយ៕