ភ្នំពេញៈ បុរស​ជាប់ចោទ​ពី​បទ​សម្លាប់​មិត្តភក្តិ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់ ​ដែល​ត្រូវបាន​សាលាដំបូង​ខេត្តបាត់ដំបង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​កាលពី​ម្សិលមិញ​បាន​សារភាព​ពី​ទោសកំហុស​របស់ខ្លួន​នៅមុខ​ចៅក្រម​សាលាឧទ្ធរណ៍​ និង​បាន​ស្នើសុំ​ចៅក្រម​ឲ្យ​បន្ថយទោស​។

ជនជាប់ចោទ​ឈ្មោះ​ សន ពៅ អាយុ​ ២៩ ​ឆ្នាំ ​បាន​រៀបរាប់​ប្រាប់​ចៅក្រម​ក្នុង​សវនាការ​ពី​ម្សិលមិញ​ថា រូបគេ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ហើយ​កាលពី​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ​ ២០១៤ មុនពេល​កើតហេតុ គាត់​ និង​គូកន​ម្នាក់ទៀត ឈ្មោះ​ សុខ ចាន់ អាយុ ២៨ ​ឆ្នាំ​ បាន​ជួបជុំគ្នា​ផឹកស្រា​នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង​កាលពី​ឆ្នាំ​ ២០១៤​។ ខណៈ​កំពុង​ផឹក​ឈ្មោះ សុខ ចាន់ បាន​និយាយប្រាប់​គាត់​ថា ឲ្យ​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ឈ្មោះ លី សុវណ្ណារិទ្ធិ ដែល​ជា​កូន​ថៅកែ​ចងការ​ប្រាក់​ឲ្យ​មក​ជួប​ពួកគេ ដើម្បី​ទៅ​ទិញ​ថ្នាំញៀន​យកមក​ជក់​ជាមួយ​គ្នា​។

បន្ទាប់ពី​ពិភាក្សា​គ្នា​ហើយ​ឈ្មោះ សុខ ចាន់ បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​មកជួប​។ ​បន្ទាប់ពី​ជនរងគ្រោះ​មក​តាម​ការណាត់​ហើយ​នោះ ខ្លួន​និង​ សុខ ចាន់ ​បាន​ឲ្យ​ជនរងគ្រោះ​ឌុប​ពួកគេ​ធ្វើជា​ទៅរក​ទិញ​ថ្នាំញៀន ហើយ​ពេល​បើក​ម៉ូតូ​ទៅ​ដល់​កន្លែង​ស្ងាត់​ជិត​ផ្លូវលំ​មួយ​ និង​ក្បែរ​ស្រះទឹក​ស្រាប់តែ​ឈ្មោះ​ សុខចាន់ ​យក​ដុំថ្ម​ដែល​ត្រៀមទុក​វាយ​ត្រង់​កញ្ចឹងក​របស់​ជនរងគ្រោះ​។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​នៅមាន​ស្មារតី​ក៏​ឈប់​ម៉ូតូ​បម្រុង​តដៃ​តែ​ត្រូវ​ខ្លួន​ស្ទុះ​ទៅ​ចាប់ដៃ​ទាំង​ ២ ​របស់​ជនរងគ្រោះ​ទៅក្រោយ​ហើយ​បណ្តោយ​ឲ្យ​ឈ្មោះ សុខ ចាន់ វាយ​រហូត​ស្លាប់​។

ជនជាប់ចោទ​បន្តថា​៖ «​ពួក​ខ្ញុំ​សម្លាប់​គេ​គ្រាន់តែ​ចង់បាន​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ហើយ​ពួកខ្ញុំ​មាន​គម្រោង​សម្លាប់​ជនរងគ្រោះ​រួចហើយ​»​។

ជនជាប់ចោទ​បន្តថា បន្ទាប់ពី​ពួកគេ​សម្លាប់​ជនរងគ្រោះ​ហើយ​បាន​យកលុយ​មួយចំនួន​ខ្សែក​ ១ ​ខ្សែ និង​ចិញ្ចៀនមាស​ ១ ​វង់ រួច​អូស​ជនរងគ្រោះ​ទៅ​ទម្លាក់​ក្នុង​ស្រះ​ទឹក ដើម្បី​បង្វែងដាន​សមត្ថកិច្ច​ហើយ​ណាមួយ​ពួកគេ សម្លាប់​ជនរងគ្រោះ​ដើម្បី​បំបិទមាត់​ផង ព្រោះ​បើ​ទុក​ឲ្យ​ជនរងគ្រោះ​មានជីវិត​គឺ​ប្រាកដ​ជា​ជនរងគ្រោះ​នឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ពួកគេ​ជាមិនខាន​។ ក្រោយពេល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​នៅក្នុង​ស្រះទឹក​មក ក៏​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​បឹងរាំង​ដែល​ដំបូង​ឡើយ​សមត្ថកិច្ច​យល់ថា ជនរងគ្រោះ​លង់ទឹក​ស្លាប់ តែ​ក្រោយពី​ធ្វើ​កោសល្យវិច័យ​ឃើញថា ជា​ការវាយ​សម្លាប់​ហើយ​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន រូបគេ​បាន ឯ​ឈ្មោះ​ សុខ ចាន់ ​គេចខ្លួនបាត់​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្តបាត់ដំបង​បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ២៩ ​ខែ​មិថុនា​ឆ្នាំ​ ២០១៦ ​សម្រេច​ផ្តន្ទាទោស​ក្នុង​ម្នាក់ៗ​ឲ្យ​ជាប់ពន្ធនាគារ​ ១ ​ជីវិត ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុកជាមុន​តាម​មាត្រា ២០០ នៃ​ក្រមព្រហ្មទណ្ឌ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​ឈ្មោះ សុខ ចាន់ ​យកមក​ដាក់ពន្ធនាគារ​។

សន ពៅ ប្រាប់​ចៅក្រម​ទៀតថា​៖ «​ខ្ញុំ​ប្តឹង​មក​សាលាឧទ្ធរណ៍​នេះ​ព្រោះ​ខ្ញុំ​មិន​សុខចិត្ត​ដោយសារ​តុលាការខេត្ត​ដាក់​ទោស​ខ្ញុំ​ ១ ​ជីវិត​។ ខ្ញុំ​សូម​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​ផង​»​។

លោក ប៉ែន សារ៉ាត តំណាង​មហាអយ្យការ​សន្និដ្ឋានថា ជនជាប់ចោទ​បាន​សារភាព​ទទួលស្គាល់​កំហុស​ហើយ​ហើយ​តាម​អង្គហេតុ ដែល​ជា​កំណត់ហេតុ​សមត្ថកិច្ច​គឺ​ស៊ីចង្វាក់​គ្នា​នឹង​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​។ ​ប៉ុន្តែ​ជនជាប់ចោទ​ស្នើសុំ​បន្ថយទោស​ដូច្នេះ​សូម​ក្រុមប្រឹក្សា​ពិចារណា​។

លោក​ថ្លែងថា​៖ «​តុលាការខេត្ត​ផ្តន្ទាទោស​ជនជាប់ចោទ​ត្រឹមត្រូវ​តាមច្បាប់​ហើយ ហើយ​ខ្ញុំ​សូម​ក្រុមប្រឹក្សា​ពិនិត្យ និង​ពិចារណា​»​។

លោក នូ ចន្ថា មេធាវី ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​សន្និដ្ឋាន​ថា កូនក្តី​របស់លោក​បាន​ទទួលស្គាល់​ថា គាត់​ពិតជា​ពាក់ព័ន្ធ​ការស្លាប់​របស់​ជនរងគ្រោះ​មែន តែ​គាត់​មិនមែន​ជា​អ្នកដៃដល់​ទេ​។ ឈ្មោះ សុខ ចាន់ ជា​ជនដៃដល់​ហើយ​កូនក្តី​របស់​លោក បើ​ពិនិត្យមើល​លក្ខណសម្បត្តិ​ឃើញថា ទើប​រៀន​ថ្នាក់​ទី​ ២ ​ប៉ុណ្ណោះ និង​ពុំមាន​ភ័ស្តុតាង​ណា​ច្បាស់លាស់ ដែល​ថា​កូនក្តី​លោក​សម្លាប់​ជនរងគ្រោះ​ទេ​។

លោក​បន្ថែមថា​៖ «​បើ​គាត់​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ គាត់​មិនមែន​យក​ទ្រព្យសម្បត្តិ​ទេ​។ ខ្ញុំ​សូម​ក្រុមប្រឹក្សា​ជំនុំជម្រះ​កែ​បទ​ចោទ​មក​ជា​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ធ្វើឲ្យ​មរណភាព​ជនរងគ្រោះ​វិញ​»​។

ក្រោយ​ជំនុំជម្រះ​លោក​ចៅក្រម ស៊ិន វិសាល ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ថ្លែង​ថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃទី​ ២៩ ​ខែ​មីនា​៕