ភ្នំពេញៈ សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាលដីកា​ពី​ម្សិល​មិញ សម្រេច​បន្ថយ​ទោស​ ពី​ ៥ ឆ្នាំ​មក​នៅ​ត្រឹម​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំវិញ​ពាក់ព័ន្ធ​នឹងការ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ មក​ជា​បទ​ប្រទូស​កេរខ្មាស​វិញ ​បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃទី ១០ ​កក្កដា ​ដែល​ប្រព្រឹត្ត​នៅ ភូមិ ​ព្រែក​ត្រែង ​ឃុំ​សិត្បូ​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល ​កាល​ពី​ឆ្នាំ ២០១៨។

​នៅក្នុង​បន្ទប់​សវនាការ​ខណៈ​មាន​វត្តមាន​របស់​ជនជាប់ចោទ​នោះ ​លោក​ចៅក្រម ​យន់ ​ណារ៉ុង​ បាន​អាន​សាលដីកា​ នៅចំពោះ​មុខ​ជនជាប់ចោទ​ថា​ សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​ឈ្មោះ​ ឡេង​ គឹម​លាង​ អាយុ​ ២៩ ​ឆ្នាំ។ ​ក្រោយ​ពី​បាន​ស្តាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនជាប់ចោទ​និង​ក្រោយ​ពី​ស្តាប់​សេចក្តី​សន្និដ្ឋាន​ របស់​មេធាវី​ ការពារ​សិទ្ធិ​ឲ្យ​ជន​ជាប់​ចោទ​និង​ក្រោយ​ពី​ស្តាប់​សេចក្តី​សន្និដ្ឋាន​របស់​តំណាង​មហា​​អយ្យការ​មក​ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ឃើញ​ថា​ ពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះ​ បើ​តាម​អង្គ​ហេតុបានបង្ហាញ​ថា​ ជន​ជាប់​ចោទ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ចាប់​នារីរងគ្រោះ​រំលោភ​សេព​សន្ថវៈ​ទេ ​ដោយ​គ្រាន់​តែ​ស្ទាប​អង្អែល​ប៉ុណ្ណោះ។

លោក​ចៅក្រម​ អានបន្តថា ​ដូច្នោះ​សាលា​ឧទ្ធរណ៍​ សម្រេច​បដិសេធ​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​កណ្តាលចោល​ និង​ប្តូរបទ​ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថ​វៈ​ មក​ជា​បទ​ប្រទូស​កេរខ្មាស​វិញ។​ ​

លោក​ចៅក្រម ​ពន្យល់ជ​ន​ជាប់​ចោទ​ថា​៖ «បាន​ជា​សាលា​ឧទ្ធរណ៍​ប្តូរ​បទ​ចោទ​ព្រោះ​ថា​ នៅថ្ងៃ​កើតហេតុ​ជនជាប់ចោទ​គ្រាន់​តែ​បាន​ចាប់​ស្រ្តី​រងគ្រោះ ​ព្រោះនាង​មិនព្រម​ស្រឡាញ់​ ហើយ​ដែល​តុលាការ​ខេត្ត​កណ្តាល​ផ្តន្ទាទោស​ជាប់​ពន្ធនា​គារ​ ៥​ ឆ្នាំ​នោះ ​សាលា​ឧទ្ធរណ៍​កែប្រែ​មក​​ជាប់​ពន្ធនាគារ ២ ឆ្នាំវិញ»។

តាម​កំណត់​ហេតុ​តុលាការ​បង្ហាញ​ថា ​ជនជាប់ចោទ​ឈ្មោះ​ឡេង​ គឹម​លាង​បាន​ស្គាល់​ និង​រាប់អាន​ជា​មួយ​នារី​រងគ្រោះ​ឈ្មោះ ​ភ​.ម​.ល.​ន​ អាយុ​ ២៥ ឆ្នាំ​ ហើយ​នៅ​ថ្ងៃ​ទី​ ២​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ឈ្មោះ​ ឡេង​ គឹម​លាង​ បាន​ឌុប​នារី​រងគ្រោះ​ ដោយ​ម៉ូតូពី​ឃុំ​ស្វាយ​ប្រទាល​ក្នុង​ស្រុក​ស្អាង​មក​កាន់​បន្ទប់​ជួល​របស់​ជន​រងគ្រោះ​ស្ថិត​ក្នុង​ភូមិ​ព្រែក​ត្រែង ​ឃុំ​សិត្បូ​ ស្រុក​ស្អាង ​ខេត្ត​កណ្តាល។​ ពេល​ដល់​បន្ទប់​ជួល ​នារី​រងគ្រោះ​ បាន​ចេញ​ពី​បន្ទប់ ​ទៅរក​ទិញ​មី​ ២ ​កញ្ចប់ ​ដើម្បី​ឆុង​ហូប​ជា​មួយ​ជន​ជាប់​ចោទ​។

កំណត់​ហេតុ​បន្ត​ថា​ពេល​ពួក​គេកំពុង​ហូប​មី​ក្នុង​បន្ទប់​តែ​ ២​ នាក់​នោះ​ ជនជាប់ចោទ​បាន​និយាយ​លួងលោម​សុំ​ស្រឡាញ់​នារី​រង​គ្រោះ។ ប៉ុន្តែ​នារី​រងគ្រោះ​មិន​ព្រម​ស្រឡាញ់។​ ពេ​ល​នោះ​នារី​រងគ្រោះ​បាន​ដេញ​ឲ្យ​ជន​ជាប់ចោទ​ទៅ​ផ្ទះ​វិញ​ តែ​ជន​ជាប់ចោទ​បែរជា​ចូល​បន្ទប់​ទឹក ​ដើម្បី​ងូត​ទឹក​ហើយ​ពេលចេញ​មក​វិញ​ជន ជាប់ចោទ​ស្លៀក​តែ​ខោ​លីអូរ​ទេ​និង​ដើរ​មក​ដាក់​គន្លឹះ​ទ្វារ​បន្ទប់។​

កំណត់​ហេតុ​បន្ត​ទៀត​ថា​ភ្លាម​នោះ​ជនជាប់ចោទ ​ឈ្មោះ ​ឡេង ​គឹម​លាង ​បាន​យក​ដៃ​ខ្ទប់​មាត់​នារី​រងគ្រោះ​ហើយ​ក៏​បាន​ប្រតាយ​ប្រតប់​គ្នា​លើ​ឥដ្ឋ​ការ៉ូ​។ ប៉ុន្តែ​ដោយសារ​នាង​ខំ​រើ​បម្រះមិន​ឈ្នះ​ទើប​ជនរងគ្រោះ​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ឈ្មោះ​ ឡេង​ គឹមលាង​។​ ខណៈ​ជនជាប់ចោទ​ស្ទាប​អង្អែល​ហាក់​ភ្លេច​ខ្លួននោះ​នារី​រងគ្រោះ​បាន​ច្រាន​ឈ្មោះ ​ឡេង​ គឹមលាង​ ចេញ​ហើយ​ស្ទុះ​ទៅ​បើក​គន្លឹះ​ទ្វារ​រត់​សំដៅ​ទៅ​កន្លែង​យាម​របស់​សន្តិសុខ​នៅ​រោងចក្រ​កាត់ដេរ​មួយ​ឲ្យ​ជួយ​ខ្លួន។

បន្ទាប់​មក​ខាង​សន្តិសុខ​រោង​ចក្រ​កាត់ដេរ​ បាន​រាយ​ការណ៍​ទៅ​នគរបាល​ ពេលនោះក៏​ចុះ​ដល់​កន្លែង​កើត​ហេតុ​ និង​ចាប់​ជនជាប់​ចោទ ​ឈ្មោះ ​ឡេង ​គឹម​លាង​ ទៅ​ប៉ុស្តិ៍​រដ្ឋ​បាល ​ឃុំ​សិត្បូ ​តែម្តង។

សំណុំ​រឿង​នេះ ​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​កណ្តាល ​ប្រកាសសាលក្រមនៅ​ខែ​ ឧសភា ​ឆ្នាំ ២០១៩​ ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់​ចោទ​ដាក់​ពន្ធនាគារ​៥ឆ្នាំ​ចោទពី​បទ​ប៉ុន​ប៉ង​រំលោភ​សេពសន្ថវៈ៕