ភ្នំពេញៈ ជនជាប់ចោទម្នាក់ដែលប្តឹងសារទុក្ខ ខណៈ៣នាក់ទៀតមិនប្ដឹងនោះ បានបដិសេធបទល្មើស២ក្នុងសវនាការតុលាការកំពូលនៅថ្ងៃទី២៥ខែមេសានេះ តែព្រមទទួលយកបទចោទ១ ពាក់ព័ន្ធប្រើប្រាស់អាវុធខុសច្បាប់ប្រព្រឹត្តកាលពីឆ្នាំ២០១៥ ដែលបទល្មើសទាំង៣នេះត្រូវតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់គុក៧ឆ្នាំ។
តាមអង្គហេតុបានបង្ហាញថាជនជាប់ចោទឈ្មោះ ប៉េង វុត្ថា ហៅវុធ អាយុ៣២ឆ្នាំ និងបក្ខពួកឈ្មោះសាំង រ៉ាវី អាយុ២២ឆ្នាំ ,ឈ្មោះ សុខ មេត្ដា អាយុ៣៣ឆ្នាំ និងឈ្មោះ ជា សុខផានិត អាយុ១៩ឆ្នាំ បានប្រព្រឹត្តបទល្មើសចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៦ គឺបានបង្កបទល្មើសប្លន់ភ្ជង់កាំភ្លើងយកម៉ូតូពីអ្នកដំណើរបានសម្រេច១គ្រឿងហើយបន្ទាប់មកបានចូលក្នុងកុដិព្រះសង្ឃនៅវត្តអង្គតាមិញលួចបានកុំព្យួរទ័រ១គ្រឿងនិងចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈកំពុងជុំគ្នាប្រើប្រាស់គ្រឿងញៀនហើយសមត្ថកិច្ចបានរកឃើញកាំភ្លើងប្រភេទ K54 ចំនួន១ដើមផង។
សំណុំរឿងនេះត្រូវសាលាដំបូងរាជធានីភ្នំពេញបើកសវនាការនិងប្រកាសសាលក្រមនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង៤នាក់ដាក់គុកម្នាក់ៗ៧ឆ្នាំចោទបទ«លួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សាកាន់កាប់អាវុធខុសច្បាប់និងប្រើប្រាស់គ្រឿងញៀន»តាមបញ្ញត្តិមាត្រា៣៥៣ និង៣៥៧នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទបានឆ្លើយប្រាប់ចៅក្រមក្នុងសវនាការពីម្សិលមិញថា៖«ខ្ញុំត្រូវតុលាការចោទ៣បទល្មើស ប៉ុន្តែខ្ញុំទទួលយកតែបទល្មើសកាន់កាប់អាវុធខុសច្បាប់ទេ ហើយក្រៅពីនេះខ្ញុំមិនដែលទៅចូលរួមជាមួយមនុស្ស៣នាក់ទៀតទេ និងខ្ញុំសូមតុលាការជួយបន្ថយទោសដល់ខ្ញុំផង»។
ទោះយ៉ាងណា លោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះឆ្លើយទៅជនជាប់ចោទថា៖«នៅឯនគរបាលយុត្តិធម៌លោកបានសារភាពក្នុងការចូលរួមប្រព្រឹត្តបទល្មើសហើយហេតុអ្វីបានជាលោកមិនបដិសេធខុសពីនៅនគរបាលហើយហេតុអ្វីលោកផ្តិតមេដៃលើកំណត់ហេតុសួរចម្លើយធ្វើអី? »។
លោកព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាងមហាអយ្យការសន្និដ្ឋានថា៖«រឿងនេះបើតាមអង្គហេតុនិងភ័ស្តុតាងបង្ហាញថា ជនជាប់ចោទនិងបក្ខពួកពិតជាបានប្រព្រឹត្តបទល្មើសពិតមែន។ដូច្នេះការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមមានលក្ខណៈត្រឹមត្រូវហើយ។ខ្ញុំសូមតម្កល់សាលដីកាទុកជាបានការដដែល»។
លោក ឡោ គីមហ្គិច មេធាវីចាត់តាំងការពារសិទ្ធិឲ្យជនជាប់ចោទសន្និដ្ឋានថា តុលាការថ្នាក់ក្រោមបានចោទកូនក្តីលោកក្នុង៣បទល្មើស។ ប៉ុន្តែគាត់បានទទួលយកតែ១បទល្មើសទេហើយបទល្មើស២ទៀតសមត្ថកិច្ចមិនបានចាប់កូនក្តីលោកជាក់ស្តែងទេ។
លោកថ្លែងថា៖«ដើម្បីរកភាពត្រឹមត្រូវយុត្តិធម៌សូមតុលាការកំពូលមេត្តាបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ»។ ក្រោយជំនុំជម្រះលោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីការឿងនេះប្រកាសនៅថ្ងៃទី៣០ ខែមេសា ខាងមុខ៕