ភ្នំពេញៈ ជនជាប់ចោទម្នាក់កាលពីម្សិលមិញបានសុំឲ្យសាលាឧទ្ធរណ៍បន្ថយទោសជាលើកទី២ បន្ទាប់ពីត្រូវតុលាការកំពូលបង្វិលសំណុំរឿងឲ្យឧទ្ធរណ៍ជម្រះឡើងវិញ ដើម្បីកំណត់ពីទណ្ឌកម្មទោសឲ្យបានច្បាស់ពាក់ព័ន្ធគ្រឿងញៀនមេតំហ្វេតាមីន ជាង ៣០០ ក្រាម ខណៈសំណុំរឿងនេះត្រូវតុលាការថ្នាក់ក្រោមដាក់ទោស ១៧ ឆ្នាំ។
ជនជាប់ចោទឈ្មោះ ថា លីហាវ អាយុ ២៨ ឆ្នាំ បានឆ្លើយប្រាប់ចៅក្រមក្នុងបន្ទប់សវនាការកាលពីម្សិលមិញថា កាលពីថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៦ គាត់បានធ្វើដំណើរក្នុងភូមិគីឡូ ៨ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង ខណៈនោះស្រាប់តែមានរថយន្តឡិចស៊ីស ១ គ្រឿង បើកមកក្បែរគាត់ ហើយមានបុរស ២ នាក់ ចុះពីលើរថយន្តមកទះកំផ្លៀងគាត់ចំនួន ២ ដៃនិងហុចថង់ខ្មៅ ១ បង្ខំឲ្យគាត់កាន់ ហើយក៏មានមនុស្សម្នាក់ថតរូបរបស់គាត់ផងដែរ ។
ជនជាប់ចោទបន្តថា បន្ទាប់មកគាត់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនដោយឆែកក្នុងថង់ដែលគេឲ្យគាត់កាន់នោះឃើញមានម្សៅគ្រឿងញៀន ហើយសមត្ថកិច្ចបានយកទៅថ្លឹងមានទម្ងន់ ៣២៦,៥ ក្រាម ជាប្រភេទមេតំហ្វេតាមីន ។ ក្នុងនោះមានកម្រិតធាតុសុទ្ធទម្ងន់ ១១៤,៣៤ ក្រាម ។
ជនជាប់ចោទថា សំណុំរឿងនេះ ត្រូវបានសាលាដំបូងខេត្តស្ទឹងត្រែង បើកសវនាការជំនុំជម្រះនៅថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៦ និងប្រកាសសាលក្រមកាលពីខែ កញ្ញា ឆ្នាំ ២០១៦ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ១៧ ឆ្នាំ និងពិន័យប្រាក់ ២០ លានរៀល ដោយចោទបទជួញដូរគ្រឿងញៀនតាមបញ្ញត្តិមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។ ប៉ុន្តែដោយមិនសុខចិត្តនឹងការផ្តន្ទាទោសនេះ គាត់បានប្តឹងឧទ្ធរណ៍តែត្រូវសាលាឧទ្ធរណ៍តម្កល់ទោស ១៧ ឆ្នាំដដែល ហើយគាត់បានប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀតទើបតុលាការកំពូលបង្វិលសំណុំរឿងនេះឲ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ ។
ជនជាប់ចោទបានបញ្ជាក់ថា៖ តាមពិតរឿងនេះ ខ្ញុំមិនបានប្រព្រឹត្តទេ ប៉ុន្តែខ្ញុំព្រមទទួលកំហុស ព្រោះអីវត្ថុតាងនៅក្នុងដៃរបស់ខ្ញុំទៅហើយ។ យ៉ាងណាខ្ញុំសុំឲ្យតុលាការបន្ថយទោសដល់ខ្ញុំផង ព្រោះខ្ញុំមានជំងឺលើសឈាម និងមានម្តាយចាស់ជរា»។
លោក សរ យសថាវរៈ តំណាងមហាអយ្យការសន្និដ្ឋានថា សំណុំរឿងនេះ ត្រូវបានតុលាការកំពូលឲ្យសាលាឧទ្ធរណ៍ពិចារណាឡើងវិញត្រង់ចំណុចធាតុសុទ្ធនៃគ្រឿងញៀន និងការផន្ទាទោសលើជនជាប់ចោទ ឈ្មោះ ថា លីហាវ ។លោក ថ្លែងថា ៖ ហេតុដូច្នេះ ខ្ញុំសុំឲ្យក្រុមប្រឹក្សាជំនុំជម្រះ ពិចារណាតាមច្បាប់»។
ដោយឡែក លោកស្រី ស៊ិន សុវ៉ន ជាមេធាវីចាត់តាំងការពារសិទ្ធិឲ្យជនជាប់ចោទបានសន្និដ្ឋានថា កូនក្តីរបស់លោកស្រី ពិតជាមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។ ប៉ុន្តែទោះយ៉ាងណាក៏គាត់មិនអាចប្រកែកបានដែរ ព្រោះឃើញមានវត្ថុតាងនៅក្នុងដៃរបស់គាត់ទៅហើយ ហើយរឿងនេះ គាត់ក៏បានសារភាពព្រមទទួលកំហុសហើយដែរ ។
លោកស្រីប្រាប់ចៅក្រមថា៖ «កន្លងមក ខ្ញុំធ្លាប់កាន់រឿងក្តីគ្រឿងញៀនដែលជនជាប់ចោទជួញដូរគ្រឿងញៀនចំនួនប្រហាក់ប្រហែល លីហាវ ដែរ តែគេជាប់ទោសតែ ៧ ឆ្នាំយ៉ាងច្រើន។ដូច្នេះសូមតុលាការពិចារណា និងបន្ថយទោសតាមការស្នើសុំរបស់កូនក្តីខ្ញុំផង»។
ក្រោយជំនុំជម្រះ លោកចៅក្រម ប្លង់ សំណាង បានថ្លែងថា សាលដីកានៃរឿងនេះនឹងប្រកាសនៅថ្ងៃទី ១៤ ខែ សីហា ខាងមុខនេះ៕