ភ្នំពេញៈ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​ចាប់​ខ្លួន​ជនជាប់ចោទ​ចំនួន​ ២ ​នាក់ ​ក្នុងចំណោម​ ៣ ​នាក់ ​ដែល​បាន​ធាក់​ទ្វារ​ឡាន​សមត្ថកិច្ច​រត់គេច​ខ្លួន​នៅត្រង់​ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ខណៈ​សមត្ថកិច្ច​កំពុង​ដឹក​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ពី​ម្សិលមិញ​។ ប៉ុន្តែ​សមត្ថកិច្ច​មូលដ្ឋាន​អះអាង​ថា ជន​ជាប់ចោទ​នោះ​ត្រូវ​បាន​ចាប់ខ្លួន​បាន​វិញ​ហើយ​។

លោក ស ថេត ថ្លែង​ពី​ម្សិលមិញ​ថា​ជនជាប់ចោទ​ ៣ ​នាក់ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកា​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អំពើហិង្សា​នៅ​មូលដ្ឋាន​ខណ្ឌ​ ៧​ មករា​ កាលពី​ថ្ងៃ​ម្សិលមិញ​នោះដែរ​។ ប៉ុន្ដែ​នៅពេល​សមត្ថកិច្ច​ដឹក​ទៅ​ដល់​ត្រង់ចំណុច​ស្ពាន​អាកាស​ស្ទឹងមានជ័យ ជនជាប់ចោទ​ទាំង​ ៣ ​នាក់​នេះ​ បាន​ធាក់​ទ្វារ​ឡាន​សមត្ថកិច្ច​ដែល​កំពុង​ដឹក​ពួកគេ​នោះ​រត់​គេចខ្លួន​បាត់​ចំនួន​ ២ ​នាក់​តែម្ដង​។

លោក​ស្នងការ​ថ្លែងថា​៖ «​ឥឡូវ​សមត្ថកិច្ច​យើង​តាម​ចាប់​មកវិញ​បាន​ម្នាក់​ហើយ ចំណែក​អ្នក​ផ្សេងទៀត​សមត្ថកិច្ច​យើង​កំពុងតែ​តាមរក​។ ជនជាប់ចោទ​ដែល​រត់គេចខ្លួន​ ២ ​នាក់​នោះ គឺ​ជាប់​ខ្នោះដៃ​ម្ខាង​ម្នាក់​បាន​ធាក់​ទ្វារ​ឡាន​សមត្ថកិច្ច​ហើយ​រត់​។ ជនជាប់ចោទ​ទាំង​ ៣ ​នាក់​នេះ​ គឺ​ជាប់ចោទ​ពី​បទ​ប្រើប្រាស់​អំពើហិង្សា​ (​កាប់​ចាក់​គ្នា​) ​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មករា ហើយ​តុលាការ​ចេញ​ដីកា​ឲ្យ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​។ ជន​ទាំង​ ៣ ​នេះ​គឺ​សុទ្ធតែ​ជា​យុវជន​ទេ​»​។

លោក​ នេត ស៊ីថុន អធិការនគរបាល​ខណ្ឌ៧មករា មិនអាច​សុំ​ការបកស្រាយ​លើ​ករណី​នេះ​បានទេ​ពី​ម្សិលមិញ ដោយ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​ទូរស័ព្ទ​ថា កំពុង​ជាប់រវល់​។ លោក​ ក្រេត សការីន អធិការរង​នគរបាល​ខណ្ឌ​៧​មករា បញ្ជាក់​ថា ជនជាប់ចោទ​ដែល​ធាក់​ទ្វារ​ឡាន​រត់​នោះ​សមត្ថកិច្ច​បាន​តាម​ឃាត់ខ្លួន​បាន​មកវិញ​អស់ហើយ​។

លោក​ សការីន ថ្លែង​ថា​៖ «​យើង​បាន​ស្រាវជ្រាវ​យក​មក​វិញ​បាន​ភ្លាមៗ​អស់ហើយ​។ យកបាន​ទាំង​ ២ ​នាក់​វិញ​ហើយ​។ នៅ​ព្រឹកមិញ​នេះ​ (​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​) ​យើង​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​វិញ​អស់ហើយ​»​។

ម្សិលមិញ​លោក​មិន​ទាន់​អាច​បង្ហាញ​ឈ្មោះ​ជនជាប់ចោទ​ដែល​រត់គេចខ្លួន​ខាងលើ​បាន​ទេ ដោយ​បញ្ជាក់​ថា កំពុង​ជាប់រវល់​។

តាម​វីដេអូ​ដែល​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ថត​ផ្សាយ​ផ្ទាល់​ក្នុង​អំឡុងពេល​ជនជាប់ចោទ​រត់គេច​ខ្លួន​កាលពី​ម្សិលមិញ​បាន​បង្ហាញថា ជនជាប់ចោទ​ទាំង​ ៣ ​នាក់​បាន​ធាក់​ទ្វារ​ឡាន​សមត្ថកិច្ច ហើយ​លោត​ចុះ​ពី​លើ​ឡាន​នៅត្រង់​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​រួច​លោត​ចុះ​ពី​លើ​ស្ពាន​គេចខ្លួនបាត់​តែម្ដង​។

វីដេអូ​ដដែល​បាន​បង្ហាញថា​៖ «​ពួកគាត់​បាន​ធាក់​ទ្វារ​រថយន្ត​រត់​ទាំង​ដៃ​ជាប់​ខ្នោះ លោត​ពី​លើ​គល់ស្ពាន​ស្ទឹងមានជ័យ​មាន​កម្ពស់​ប្រហែល​ ៧ ​ម៉ែត្រ​បើ​មើល​ពីលើ​ស្ពាន​ទៅ​ក្រោម​។ រថយន្ត​សមត្ថកិច្ច​ដែល​ដឹក​ជនជាប់ចោទ​នេះ គឺជា​រថយន្ត​ម៉ាក Dx Toyota Camry ​ជា​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​»៕