ភ្នំពេញៈ ក្នុង​សវនាការ​របស់​តុលាការ​កំពូល​ពី​ម្សិលមិញ ជនជាប់ចោទ​ ៣ ​នាក់​ក្នុង​ករណី​ប្លន់ សុំ​ចៅក្រម​បន្ថយទោស​ក្រោម​ ៧ ​ឆ្នាំ​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​លុយ​ ១៤ ​លាន​រៀល និង​ ២៣០០ ​ដុល្លារ​អាមេរិក​នៅ​ភូមិ​ ១២ សង្កាត់-ក្រុង-ខេត្ត​កំពង់ចាម​កាលពី​ឆ្នាំ​ ២០១៧ បន្ទាប់ពី​សាលាដំបូង​ខេត្ត​កំពង់ចាម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ម្នាក់ៗ​ ៨ ​ឆ្នាំ ហើយ​បន្ទាប់មក​ត្រូវ​សាលាឧទ្ធរណ៍​បន្ថយទោស​ម្នាក់ៗ​ ៧ ​ឆ្នាំ​វិញ​នោះ​។

ជនជាប់ចោទ​ឈ្មោះ​ សួង អេង អាយុ​ ៤៦ ​ឆ្នាំ​ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ ពី​ម្សិលមិញ​ថា​គាត់​បាន​ស្គាល់​អ្នកបើករថយន្ត​តាក់ស៊ី​ម្នាក់​ឈ្មោះ​ ពៅ សំអឿន អាយុ​ ៣៥ ​ឆ្នាំ​។ គាត់​តែង​ឲ្យ​ឈ្មោះ​នេះ​ដឹក​គាត់​ពី​ក្រុង​កំពង់ចាម​ទៅ​កាស៊ីណូ​ត្រពាំង​ផ្លុង ក្នុង​ស្រុក​ពញាក្រែក​។ ពេលខ្លះ​ក៏ត្រូវ​ឈ្មោះ​ ពៅ សំអឿន ណែនាំ​ឲ្យ​ពូ​របស់គេ​ឈ្មោះ​ សុខ ស៊ីនួន អាយុ​ ៥៧ ​ឆ្នាំ​ឲ្យ​បើករថយន្ត​ជូន​គាត់​មក​រាជធានី​ភ្នំពេញ​។

លុះដល់​ថ្ងៃទី​ ៥ ​កុម្ភៈ ឆ្នាំ​ ២០១៧ សួង អេង និង​បក្ខពួក​ ២ ​នាក់​ទៀត ឈ្មោះ រស្មី និង​ឈ្មោះ​ ម៉ៅ បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ជាមួយ​កាំភ្លើងខ្លី​ ១ ​ដើម​បាន​ភ្ជង់​ប្លន់​យក​ថង់​លុយ​ពី​ស្ត្រី​រងគ្រោះ​ម្នាក់​បាន​សម្រេច ខណៈ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​ផ្លូវ​ក្នុង​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​រួច​គេចខ្លួន​ចេញពី​ខេត្តកំពង់ចាម​។

ជនជាប់ចោទ​បន្តថា បន្ទាប់ពី​គេចខ្លួន​បាន​ប៉ុន្មាន​ថ្ងៃ​មក គាត់​បាន​យកលុយ​ដែល​ប្លន់​បាន​នោះ​ចំនួន​ ២៣០០ ​ដុល្លារ​ទៅ​ឲ្យ​ឈ្មោះ​ ពៅ សំអឿន ហើយ​គាត់​ប្រាប់​ឈ្មោះ​ ពៅ សំអឿន ឲ្យ​យកលុយ​ចំនួន​ ១ ​ពាន់​ដុល្លារ​ក្នុង​លុយ​ ២៣០០ ​ដុល្លារ​នោះ​ឲ្យ​ទៅ​ឈ្មោះ​ សុខ ស៊ីនួន ដោយ​ប្រាប់ថា​ជា​ថ្លៃ​ដឹក​រូបគាត់​ហើយ​កុំ​និយាយប្រាប់​អ្នកផ្សេង​។

ជនជាប់ចោទ​ សួង អេង ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ពិតជា​បាន​ឲ្យ​លុយ​ឈ្មោះ​ សុខ ស៊ីនួន និង​ឈ្មោះ​ ពៅ សំអឿន មែន​។ ប៉ុន្តែ​ខ្ញុំ​ប្តឹង​មក​តុលាការ​កំពូល​គឺ​សុំ​ឲ្យ​តុលាការ​បន្ថយ​ទោស​ដល់​ខ្ញុំ​តិច​ជាង ​៧ ​ឆ្នាំ​»​។

ដោយឡែក​ជនជាប់ចោទ​ឈ្មោះ​ សុខ ស៊ីនួន ប្រាប់​ចៅក្រម​ក្នុង​បន្ទប់​សវនាការ​នៅ​តុលាការ​កំពូល​ពី​ម្សិលមិញ​ដែរ​ថា គាត់​ជា​អ្នករត់​តាក់ស៊ី ហើយ​គាត់​ពិតជា​បាន​ទទួល​លុយ​ចំនួន​ ១ ​ពាន់​ដុល្លារ​ពី​ឈ្មោះ​ សួង អេង ពិតមែន​។ តែ​គាត់​មិន​បាន​ចូលរួម​ក្នុង​អំពើ​ប្លន់​នោះទេ​។

ជនជាប់ចោទ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​ប្តឹង​សារទុក្ខ​មក​តុលាការ​កំពូល​ពេលនេះ​គ្រាន់តែ​សុំ​ឲ្យ​តុលាការ​បន្ថយទោស​ឲ្យ​នៅក្រោម​ ៧ ​ឆ្នាំ​ទៀត​ព្រោះ​ទណ្ឌកម្ម​ទោស​ ៧ ​ឆ្នាំ​នេះ​ច្រើនណាស់​»​។

ចំពោះ​ឈ្មោះ ពៅ សំអឿន វិញ​ក៏​បាន​និយាយ​ក្នុង​អង្គសវនាការ​ពី​ម្សិលមិញ​ដែរ​ថា គាត់​ជា​អ្នករត់​តាក់ស៊ី​នៅ​ខេត្ត​កំពង់ចាម​ហើយ​គាត់​ធ្លាប់​ដឹក​ឈ្មោះ​ សួង អេង ជាច្រើន​លើក​មកហើយ​។ ឈ្មោះ​ សួង អេង រូបនេះ​បាន​ឲ្យ​លុយ​គាត់​ចំនួន​ ២៣០០ ​ដុល្លារ និង​ប្រាប់​ឲ្យ​គាត់​ដក​លុយ​ ១ ​ពាន់​ដុល្លារ​ពី​ចំនួន​លុយ​ ២៣០០ ​ដុល្លារ​នេះ​ទៅ​ឲ្យ​ឈ្មោះ​ សុខ ស៊ីនួន ​ពិតប្រាកដ​មែន​។

ពៅ សំអឿន ​ប្រាប់​ចៅក្រម​ថា​៖ «​ខ្ញុំ​មិនបាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ទេ តែ​ខ្ញុំ​សុំ​តុលាការ​កំពូល​បន្ថយទោស​ដល់​ខ្ញុំ​ ឬ​បង្វិល​សំណុំ​រឿង​ខ្ញុំ​ទៅ​សាលាឧទ្ធរណ៍​វិញ​»​។

តាម​កំណត់ហេតុ​តុលាការ​បង្ហាញថា ជនជាប់ចោទ​ទាំង​ ៣ ​នាក់​ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​តាម​ដីកា​ហើយ​សាលាដំបូង​ខេត្តកំពង់ចាម​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០១៧ ផ្តន្ទាទោស​ម្នាក់ៗ​ ៨ ​ឆ្នាំ​។ តែ​ជនជាប់ចោទ​មិន​សុខចិត្ត​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​បន្ថយទោស​ពី​ ៨ ​ឆ្នាំ​មក ​៧ ​ឆ្នាំ​ក្នុង​ម្នាក់ៗ​វិញ​។

លោក​ ជុំ សំបាន តំណាង​មហាអយ្យការ​សន្និដ្ឋានថា យោងតាម​អង្គហេតុ និង​ឆ្លងតាម​ការ​ស្តាប់​ចម្លើយ​របស់​ក្រុម​ជនជាប់ចោទ​លោក​យល់ឃើញ​ថា ជន​ជាប់ចោទ​កាលពី​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​បាន​សុំ​តុលាការ​ឲ្យ​បន្ថយទោស​ដល់​ពួកគេ​។ ​ម្យ៉ាង​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​ពិតជា​មាន​ទំនាក់ទំនង​គ្នា​ក្នុងការ​ប្រព្រឹត្ត​បទល្មើស​មែន​។

លោក​ថ្លែងថា​៖ «​សាលាឧទ្ធរណ៍​បន្ថយ​ទោស​ពី​ ៨ ​ឆ្នាំ​មក​ ៧ ​ឆ្នាំ​ដល់​ពួកគេ​ជាការ​ត្រឹមត្រូវ​ហើយ​។ ដូច្នេះ​ខ្ញុំ​សូម​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​ដដែល​»​។

លោក​ កៅ សុភ័ក្ត្រា មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ទាំង​ ៣ ​នាក់​សន្និដ្ឋានថា​កូនក្តី​របស់លោក​ឈ្មោះ​ ពៅ សំអឿន និង ឈ្មោះ​ សុខ ស៊ីនួន ​ទទួល​ស្គាល់​ថា ពិតជា​បាន​ទទួល​លុយ​ពី​ឈ្មោះ​ សួង អេង មែន​។ ចំណែក​ឈ្មោះ​ សួង អេង សារភាព ថា​គាត់​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស តែ​ឈ្មោះ​ ពៅ សំអឿន និង​ឈ្មោះ​ សុខ ស៊ីនួន មិនបាន​ចូលរួម​ប្លន់​ទេ​។

លោក​ថា​៖ «​ខ្ញុំ​សុំ​តុលាការ​បន្ថយទោស ឈ្មោះ​ សួង អេង ហើយ​ ២ ​នាក់​ទៀត​សូម​តុលាការ​កែ​បទចោទ​ពី​លួច​មាន​ស្ថាន​ទម្ងន់​មក​ទទួលផល​ចោរកម្ម​វិញ​»​។

ក្រោយ​ជម្រះ​លោក​ ឃឹម ប៉ុណ្ណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១ ខែ​មិថុនា​៕