កណ្ដាល: ជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានមន្ត្រីជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលកាលពីម្សិលមិញ បន្ទាប់ពីជននេះបានវាយមន្ត្រីនគរបាលម្នាក់ឲ្យរងរបួស និងបានដុតបំផ្លាញផ្ទះខ្លួនឯងឆេះអស់នៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅកាលពីយប់ថ្ងៃទី ១២ ខែកក្កដា។
លោក ឃុត សុធា អធិការរងក្រុងតាខ្មៅថ្លែងពីម្សិលមិញថា ជនសង្ស័យឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់តាក្តុល ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលនៅព្រឹកថ្ងៃទី ១៣ ខែកក្កដា។ លោកបញ្ជាក់ថា៖ «ប៉ុន្ដែខ្ញុំមិនដឹងថា តុលាការគេសម្រេចយ៉ាងណាទេ ព្រោះសំណុំរឿងផុតពីដៃសមត្ថកិច្ចពួកខ្ញុំហើយ បើសួរទៅតុលាការបានដឹងថា ឃុំ ឬមិនឃុំខ្លួន»។
លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល មិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
លោក ផន លីកូ នាយស្ដីទីប៉ុស្ដិ៍នគរបាលតាក្ដុលដែលរងរបួស ដោយសារជនល្មើសវាយបានថ្លែងពីម្សិលមិញថា យុវជនញៀនថ្នាំរូបនេះបានវាយបំផ្លាញទ្រព្យសម្បត្តិ ដុតផ្ទះ និងវាយលោកបណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ព្រមទាំងដេរ ៣ ថ្នេរ។
លោកបន្តថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី ១២ ខែកក្កដា ជនសង្ស័យបានខឹងម្តាយរបស់ខ្លួនចាក់សោចោលក្នុងផ្ទះ ក្រោយពីរូបគេប្រើប្រាស់គ្រឿងញៀនដែលមានស្ថានភាពធ្ងន់ធ្ងរ។ បន្ទាប់មកធ្វើឲ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំងក៏បានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់ ២ គ្រឿង និងដុតផ្ទះបណ្តាលឲ្យឆេះខ្ទេចអស់សម្ភារក្នុងផ្ទះ។
លោក ផន លីកូ បញ្ជាក់ថាក្នុងអំឡុងពេលជនសង្ស័យធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ម្ដាយជនសង្ស័យបានរត់មកប្ដឹងពួកលោកដែលជានគរបាល មានប៉ុស្ដិ៍នៅក្បែរនោះដើម្បីជួយអន្តរាគមន៍។
លោកបញ្ជាក់ថា៖ «ក្រោយមកខ្ញុំបានចុះទៅបើកផ្លូវនាំយករថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះជួយបាញ់ទឹកពន្លត់ តែពេលនោះឃើញជនសង្ស័យដេកកណ្តាលផ្លូវ មិនឲ្យរថយន្តបាញ់ទឹកចូលទៅបានដោយខ្លាចរថយន្តកិន ខ្ញុំបានទៅដាស់ជនសង្ស័យឲ្យក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវាត់វាយមកលើខ្ញុំចំក្បាលខាងឆ្វេងបណ្តាលឲ្យបែកក្បាលហូរឈាមតែម្តង»។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅក្នុងករណីនេះមានជនរងគ្រោះចំនួន ២ នាក់រួមមាន ស្ត្រីជាម្តាយ ឈ្មោះ ព្រំ សុធី អាយុ ៤៨ ឆ្នាំ មុខរបរលក់កូនឈើ និងឈ្មោះ ផន លីកូ ភេទប្រុស អាយុ ២៧ ឆ្នាំមានលំនៅក្នុងភូមិព្រែកឡុង សង្កាត់តាក្តុល ជានាយស្តីទីប៉ុស្តិ៍នគរបាល រងរបួសក្បាលដេរ ៣ ថ្នេរ។
របាយការណ៍បន្តថា ចំពោះសម្ភារខូចខាតរួមមាន ឆេះផ្ទះ ១ ខ្នង ធ្វើពីឈើខាងលើ ថ្មខាងក្រោមទំហំ ៥ គុណ ៩ ម៉ែត្រ ឆេះម៉ូតូ ២ គ្រឿង មាស ៥ ជី លុយ ២ ពាន់ដុល្លារ លុយខ្មែរ ២ លានរៀល និងបណ្តាលឲ្យខូចខាតសម្ភារមួយចំនួនទៀត។ ក្រោយកើតហេតុជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋានចាត់ការតាមនីតិវិធីច្បាប់៕