ភ្នំពេញៈ បុរស​ជាជនត្រូវ​​ចោទម្នាក់​នៅ​ថ្ងៃ ២​ មិថុនា​នេះ បា​ន​ទទូច​សុំចៅក្រមតុលាការកំពូល​​ឲ្យដោះលែង​​ខ្លួន​​នៅក្រៅ​ឃុំ​​បណ្តោះអាសន្ន​​ ជុំវិញការចោទ​​ប្រកាន់​ថា​បាន​យក​លុយ​ពី​ធនាគារ​កា​ណាឌី​យ៉ា​ ៦ លាន​ដុល្លារ​ កាល​ពី​ខែ​មករា​ ឆ្នាំ​ ២០២០ ​ខណៈ​មេធាវី​របស់​គាត់​​អះអាង​​ថា​ លុយ​ទាំងនោះ​បាន​សង​គ្រប់​ចំនួន​ទៅ​ធនាគារ​វិញ​អស់ហើយ​។

នៅក្នុងបន្ទប់​សវនា​ការ​របស់​តុលា​ការ​​កំពូល​ជន​ត្រូវ​ចោទ ​ឈ្មោះ ​ចាន់ ​ស៊ី​មន្ថា ​អាយុ ៣​៩​ ឆ្នាំ​ បាន​​រៀបរាប់​ប្រាប់​ចៅ​ក្រម​ថា​​នៅ​ថ្ងៃ​ទី​ ១៨ ​ខែ​​ មករា​ ឆ្នាំ​ ២០២០​ គាត់ត្រូវ​បាន​ប្រពន្ធ​​ឈ្មោះ​​​ ទៀង​ វឌ្ឍន​នារីរតន៍​ ដែល​ជា​បុគ្គលិក​​​ធនាគារ​​កាណាឌីយ៉ា​ហៅ​ឲ្យ​ទៅ​ធនាគារ​ដើម្បី​យក​អីវ៉ាន់​។ ពេលទៅដល់​ធនាគារ​គាត់​បាន​យក​ថង់​ពណ៌​ខ្មៅ​​ដាក់​ចូល​ក្នុង​រថយន្ត​ហើយ​បើក​ទៅ​ផ្ទះ​តែ​គាត់​មិន​បាន​ដឹង​ថា​ក្នុង​ថង់នោះ​​ជា​លុយ​ដុល្លារ​ទេ​។​

លោក ចា​ន់​ ស៊ី​មន្ថា ​​បន្ត​ថា​ លុះស្អែក​ឡើងគាត់​និង​ប្រពន្ធ​បាន​ចេញ​ទៅ​​កម្សាន្ត​នៅក្រៅ​ប្រទេស​​ប្រមាណ​ជា​ ១០​ ថ្ងៃ​ ទើប​ត្រឡប់​មកកម្ពុជា​វិញ​ ​ក៏​ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​ទាំង​ ២​ នាក់ បញ្ជូន​​ទៅសា​លា​ដំបូង​រាជ​ធា​នី​ភ្នំពេ​ញ​។​

​ជន​ត្រូវ​​ចោ​ទ​ប​ន្ត​ថាសំ​ណុំ​រឿង​នេះ​ត្រូវបា​ន​តំណាង​អ​យ្យ​កា​រ​ចោទ​ប្រកា​ន់​គាត់​ពី​បទ​ស​ម​គំនិ​តក្នុ​ង​អំពើ​រំលោភលើទំនុកចិត្ត​ ខណៈ​ប្រពន្ធ​រប​ស់​គាត់​ក៏​ត្រូ​វតុ​លាការ​ចោទដែរ​ហើ​យបា​ន​បង្គា​ប់​ឲ្យ​សមត្ថ​កិច្ច​បញ្ជូ​នទៅឃុំ​នៅ​ពន្ធ​នា​គា​រព្រៃ​ស។​ ដោយ​មិន​សុ​ខ​ចិ​ត្តនឹ​ង​ការឃុំខ្លួននេះ ​ពួក​គា​ត់​បាន​ប្តឹង​ទាស់​ម​ក​សា​លា​ឧទ្ធ​រ​ណ៍​តែត្រូ​វ​សាលា​ឧទ្ធ​រណ៍​ប្រកា​សសា​ល​ដី​កា​នៅថ្ងៃទី​ ២​១ ខែ មេ​សា​ ឆ្នាំ ២​០​២​០ ដោយស​ម្រេ​ច​តម្ក​ល់សាល​ក្រម​សា​លា​ដំ​បូ​ង​រាជធា​នី​ភ្នំ​ពេ​ញ​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​ដ​ដែ​ល។​

លោក ចា​ន់​ ស៊ី​មន្ថា​ សំណូមពរចៅក្រម​តុលាការ​កំពូលថា​​៖ «ខ្ញុំ​សូម​តុលាការ​អនុញ្ញាតឲ្យ​ខ្ញុំ​​បាន​នៅ​ក្រៅឃុំផង​ ដើម្បី​បាន​ចេញ​ទៅ​មើល​ថែ​ឪពុក​​ចាស់​ជរា​ហើយ​​ខ្ញុំ​មាន​កូន​តូច​ៗម្នាក់អាយុ ៣ ឆ្នាំ និងអាយុ ៥ ឆ្នាំ​​​ គ្មាន​​អ្នក​ថែ​​ទាំពួកគេ​ទេ​»។

លោក​ ធុយ​ សុគន្ធ​​ ជា​​មេធាវី​ការពារសិទ្ធិ​ក្នុង​ចំណោម​មេធាវីម្នាក់ទៀតគឺលោក​ គិន វិបុល ​បាន​ថ្លែងថា​ កូនក្តី​របស់លោក ឈ្មោះ ចាន់ ​ស៊ី​មន្ថា ដែលជា​អនុ​ប្រធាន​នាយកដ្ឋាន​​នៃ​ក្រសួង​មុខងារ​សាធារណៈ​​កាលពី​ថ្ងៃ​ទី​ ១៨ ​ខែ​ មករា​ឆ្នាំ​ ២០២០​ ​ត្រូវ​បានប្រពន្ធ​របស់គាត់ប្រាប់​​ឲ្យទៅ​ធនាគារ​កាណាឌីយ៉ាដើម្បី​យក​ថង់​ខ្មៅ​ចំនួន​៣​ហើយ​កូនក្ដីលោក​បាន​យកថង់នោះ​ទៅដាក់​ក្នុងរថយន្ត​និង​បើកទៅផ្ទះ​។​ពេលដល់ផ្ទះ​កូនក្តី​លោក​បាន​ចត​រ​ថយ​ន្ត​ចោ​ល​ដោយ​មិនបាន​យកថង់នោះ​​​ចេញ​ពី​រថយន្តទេ​។

នៅក្នុងថង់នោះ​មាន​លុយ​​ ៦ លាន​​ដុល្លារ​ ដែល​អតិថិជន​យក​ទៅ​ផ្ញើ​នៅធនាគារ​ហើយ​បន្ទាប់មក​ប្រពន្ធរបស់គាត់​បាន​ផ្ញើ​សារ​ទៅ​ខាងអ​គ្គនា​យក​ដ្ឋា​ន​ពន្ធ​ដា​​រ ដើម្បី​បញ្ជាក់​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​​ដែល​ត្រូវ​បង់ពន្ធ​។ ប៉ុន្តែបន្ទាប់​ពី​ផ្ញើសារ​មក​​ ប្រពន្ធរ​បស់​គា​ត់​មិនបាន​ទូទាត់​បង់ពន្ធ​ទេ ​មុន​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​។

លោក​បន្តថា​​ លុះប៉ុ​ន្មាន​​ថ្ងៃ​ក្រោយ​មក​ខាង​ពន្ធដារ​បានទាក់ទង​មក​​​ធនាគារកាណាឌីយ៉ា​ ព្រោះ​ឃើញ​តែ​សារ​មិនឃើញ​លុយ​​បង់ពន្ធ​។ លុះបន្ទាប់មកខាង​ធនាគារស្រាវជ្រាវ​ទៅ​ទើប​ដឹង​ថា​ប្រពន្ធ​របស់កូនក្តី​លោក​យក​ប៉ុន្តែ​លុយ​ទាំង​នោះ​កូនក្តី​លោក​បាន​បង្វិល​សង​ទៅ​ធនាគារ​គ្រប់​ចំនួន​អស់​ហើយ​។ ប្រពន្ធ​របស់កូនក្តី​លោក​យក​​លុយ​ចេញ​ពី​ធនាគារនេះ​ គឺ​បំណងដូរ​យក​​លុយ​ខ្មែរ​ដើម្បី​បាន​ចំណេញ​ក្បាល​កាក់​តែ​ប៉ុណ្ណោះ​គ្មាន​បំណង​លួច​លុយនោះ​ទេ​។​

លោក​មេធាវី​បញ្ជាក់​ថា​៖ «ខ្ញុំ​​ស្នើ​សុំ​តុលាការ​​ពិចារណា​​ដោះលែង​កូនក្តី​នៅក្រៅឃុំ​ខ្ញុំ​ផង​​ ព្រោះ​គាត់​សន្យា​ថា​នឹង​អនុវត្តតាម​​តុលាការ​ព្រោះ​គាត់​មាន​កូន​តូច​ៗ​គ្មាន​អ្នក​ថែរក្សា​»​។

ដោយ​ឡែក​លោក​មេធាវី​មួយរូប​​តំណាង​ឲ្យ​ភាគី​​ធនាគារ​​កាណាឌីយ៉ា​បានថ្លែងថា ​ប្រាក់​ទាំង​អស់​លោក​ទទួល​ស្គាល់​ថា​ជន​ត្រូវ​ចោទ​បាន​បង្វិល​​សង​ទៅ​ធានាគារ​ហើយ​​។​ ក៏ប៉ុន្តែ​លោកបានស្នើឲ្យ​​តម្កល់​សាលដីកា​របស់​​សាលាឧទ្ធរណ៍​នៅ​ដដែល​។

លោក​ អ៊ុក​ គឹម​សិទ្ធិ​ តំណាង​មហា​អយ្យការ​សន្និដ្ឋាន​ថា​ ជន​ត្រូវ​ចោទ​​បាន​សងលុយ​គ្រប់​ចំនួន​ទៅ​ខាង​ធនាគារវិញ​អស់ហើយ​ ដូច្នេះ​គ្មាន​ការខូច​ខាត​អ្វី​​ចំពោះ​ធនាគារ​ទេ​។ យ៉ាងណាក្ដីលោក​ទុក​សិទ្ធិ​ដល់​ក្រុមប្រឹក្សា​ជំនុំជម្រះ​​ ដើម្បី​ពិចារណា​ពីករណី​នេះ។

ក្រោយ​ជំនុំជ​ម្រះ​មក ​លោក ​យូ ​យុត្ថារ៉ា ​ប្រធាន​ក្រុម​ប្រឹក្សា​​ជំនុំជម្រះ​ថ្លែង​ថា​សាលដីកា​​នៃសំណុំរឿងនេះ​នឹង​​ប្រកាសនៅ​ថ្ងៃ​ទី​ ៤​ ខែមិថុនា ៕​