សៀមរាប/ភ្នំពេញៈ ជនបង្ហោះ​សារ​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ និង​ជេរប្រមាថ​អង្គ​ព្រះមហាក្សត្រ​តាម​បណ្ដាញ​សង្គម​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​ ខណៈ​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​​ ជុំវិញ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ COVID-19 ក៏​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ផងដែរ​កាលពី​ម្សិលមិញ​។

លោក យិន ស្រាង អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ជនសង្ស័យ​ឈ្មោះ អាត់ អេង អាយុ​ ៣៦ ​ឆ្នាំ​ មាន​មុខរបរ​ជាងភ្លើង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៧ ខែ ​មេសា ឆ្នាំ​ ២០២០ បន្ទាប់ពី​បាន​បង្ហោះ​សារ និង​រូបភាព «​គំរាម​សម្លាប់​ថ្នាក់ដឹកនាំ និង ជេរប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ។

លោក​ថា​៖ «​ក្រោយ​បញ្ចប់​ការសាកសួរ លោក ស៊ាង ណារ៉ា ចៅក្រម​ស៊ើបសួរ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​យុត្តិធម៌​នាំ​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ជា​បណ្ដោះអាសន្ន​ដោយ​ចោទប្រកាន់​ពី​បទញុះញង់​បង្ក​ឲ្យ​មាន​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​, ជេរប្រមាថ​ជា​សាធារណៈ និង​បទ​គំរាមកំហែង​ថា​នឹង​សម្លាប់​តាម​មាត្រា ៤៩៦, មាត្រា ៣០៧ និង​មាត្រា ២៣៣ នៃ​ក្រមព្រហ្មទណ្ឌ​»​។

យោងតាម​បទចោទប្រកាន់​ទាំង​ ៣ ​នេះ​ជនសង្ស័យ​អាច​នឹង​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី​ ១៨ ​ខែ​ទៅ​ ៥ ​ឆ្នាំ និង ពិន័យ​ជា​ប្រាក់ ពី ៣,១ ​លាន​រៀល​ទៅ​ ២៦ ​លាន​រៀល​ជា​ប្រាក់​ពី​ ១ ​សែន​ទៅ​ ១០ ​លាន​រៀល​។ ចំណែក​បទ «​គំរាមកំហែង​ថា​នឹង​សម្លាប់​តាម​មាត្រា​ ២៣៣ នៃ​ក្រម​ព្រហ្មទណ្ឌ​» ជនសង្ស័យ​នឹង​ត្រូវ​ប្រឈម​ការផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល​ទៅ​ ១០ ​លាន​រៀល​។

ចំណែក​លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ក៏​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ជា​បណ្ដោះអាសន្ន​ផងដែរ​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ លោក សុវណ្ណ រិទ្ធី ត្រូវបាន​កម្លាំង​នគរបាល​ផែន​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៧ ខែ​ មេសា ឆ្នាំ​ ២០២០ ពាក់ព័ន្ធ​ករណី​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​ដែល​មាន​ចរិត​ញុះញង់​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជុំវិញ​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ជំងឺ​ COVID-19​។

លោក​ គុជ គឹមឡុង អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្លែង​ថា ក្រោយ​បញ្ចប់​ការស៊ើបសួរ​តំណាង​អយ្យការ​លោក ប្លង់ សុផល បានសម្រេច​ចោទប្រកាន់​លោក រិទ្ធី ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​ ៤៩៥ ​នៃ​ក្រមព្រហ្មទណ្ឌ​» ហើយ​ត្រូវ​បាន​លោក កី ម៉ានេរ៉ា ចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យ​នាំយក​ទៅ​ឃុំខ្លួន​។ តាម​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​ជន​ត្រូវ​ចោទ រិទ្ធី នឹង​ត្រូវ​ប្រឈម​ការផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ​៦ ​ខែ​ទៅ​ ២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​រៀល ទៅ​ ១០ ​លាន​រៀល​។

នៅ​មុនពេល​សមត្ថកិច្ច​នាំយក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​លោក រិទ្ធី បាន​និយាយ​ផ្ដាំផ្ញើ​ដល់​មិត្តភក្ដិ​ដែល​ជា​អ្នក​សារព័ត៌មាន​យ៉ាងខ្លី​ថា​៖ «​សូមជួយ​មើលថែ​ប្រពន្ធ និង​កូន​ខ្ញុំ​ផង​»​។ ការ​ផ្ដាំផ្ញើ​នេះ​បាន​ធ្វើឲ្យ​លោក សុវណ្ណ សុខា ដែលជា​ឪពុកបង្កើត​បានចេញ​ឃ្លីបវីដេអូ​ ១ ស្នើ​សូម​ក្ដី​សណ្ដោស​ប្រណី​ពី​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ដោយ​លោក​និយាយថា​៖ «​កំហុសឆ្គង​របស់​កូនប្រុស​ខ្ញុំ គឺជា​កំហុស​របស់​ខ្ញុំ ដែល​ជា​ឪពុក​មិន​បាន​អប់រំ​ប្រដៅ​កូន​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​។ កូនប្រុស​ខ្ញុំ​គឺ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​នូវ​អ្វីដែល​គេ​បាន​ធ្វើ​ខុស ហើយ​ខ្ញុំ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​ផ្លូវច្បាប់ ប៉ុន្តែ​ខ្ញុំ​សូម​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មេត្តា​សណ្ដោស​ប្រណី​ដល់​កូនប្រុស​ខ្ញុំ​ផង​។ ខ្ញុំ​សន្យាថា​នឹង​ខិតខំ​អប់រំ​ប្រៀនប្រដៅ​គេ មិន​ឲ្យ​​កើត​មាន​កំហុស​បែបនេះ​ទៀតឡើយ​»៕