ភ្នំពេញៈ ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​កាលពី​ម្សិលមិញ​អំពី​ការសម្រេច​កែសម្រួល​វិធានការ​មួយចំនួន​ចំពោះ​អ្នកដំណើរ​ដែល​ជា​មន្ត្រីការទូត និង​មន្ត្រី​អង្គការ​អន្តរជាតិ​កាន់​ទិដ្ឋាការ​ប្រភេទ A ​និង​ប្រភេទ B ត្រូវធ្វើ​ដំណើរ​មកកាន់​កម្ពុជា​ក្នុង​អំឡុង​ជំងឺ​កូវីដ​ ១៩​ ដោយ​អ្នកដំណើរ​ទាំង​ ២ ​ប្រភេទ​នេះ​ត្រូវ​លើកលែង​ចំពោះ​ការបង់ថ្លៃ​សេវា​ធ្វើតេស្ដ​រក​ជំងឺ​កូវីដ​លើក​ទី​ ១ ​និង​លើក​ទី​ ២​។

លិខិត​របស់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចុះ​ថ្ងៃទី​ ៥ ​សីហា​ បញ្ជាក់ថា ការលើកលែង​នេះ គឺជា​ការឈរ​លើ​គោលការណ៍​មនុស្សធម៌ លើក​កម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជា​មិត្ត និង​ផ្អែកលើ​កត្តា​សត្យានុម័ត ដែល​ចំនួន​អ្នក​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ A និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ B ពុំមាន​ចំនួន​ច្រើន​លើសលប់​។ អ្នកដំណើរ​ជនបរទេស​ម្នាក់​ត្រូវ​ចំណាយ​ ១០៥ ​ដុល្លារ​​ សម្រាប់​ការធ្វើ​តេស្ដ​លើក​ទី​ ១ រក​ជំងឺ​កូវីដ​ ១៩​ និង​សម្រាប់​ថ្លៃ​សេវា​ដឹកជញ្ជូន​ពី​ព្រលានយន្តហោះ​ទៅកាន់​សណ្ឋាគារ​សា្នក់នៅ​ហើយ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​លើក​ទី​ ១ ​នឹង​ទទួល​បាន​លទ្ធផល​យ៉ាងតិច​ ២៤ ​ម៉ោង​។

លិខិត​របស់​លោក ម៉ម ប៊ុនហេង ដដែល​បន្ត​ថា ក្នុងករណី​អ្នកដំណើរ​ជនបរទេស​ទាំង​ ២ ​ប្រភេទ​នេះ​ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូវីដ ១៩ គឺ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ​ ឬ​មន្ទីរពេទ្យ​ផ្សេងទៀត​តាម​ការឯកភាព​របស់​ក្រសួង​ហើយ​រាល់​ការចំណាយ​ថ្លៃ​ព្យាបាល គឺជា​បន្ទុក​របស់​បុគ្គល​ផ្ទាល់ ឬ​ស្ថានទូត និង​អង្គការ​អន្តរជាតិ​។ កាលពី​ថ្ងៃទី​ ៤ ​កក្កដា ក្រសួង​សុខាភិបាល​ក៏បាន​សម្រេច​កែសម្រួល​វិធានការ​ចំពោះ​អ្នកដំណើរ​ជនបរទេស ដែល​ជា​វិនិយោគិន ធុរជន បុគ្គលិក​ក្រុមហ៊ុន អ្នកជំនាញការ កម្មករ​ជំនាញ​អ្នកបច្ចេកទេស និង​ក្រុមគ្រួសារ​គឺ​ឱ្យ​ពួកគេ​តម្កល់​ប្រាក់​ចុះ​ពី​ ៣ ​ពាន់​ដុល្លារ​មក​នៅត្រឹម​ ២ ​ពាន់​ដុល្លារ​ដែល​ប្រាក់​ទាំងនោះ​សម្រាប់​ចំណាយ​លើ​ថ្លៃ​ស្នាក់នៅ ក្នុង​អំឡុងពេល​រង់ចាំ​ការធ្វើ​តេស្ដ​ជំងឺ​កូវីដ​១៩ ថ្លៃ​ដឹកជញ្ជូន​ពី​អាកាសយានដ្ឋាន​ទៅ​សណ្ឋាគារ និង​ចំណាយ​អំឡុងពេល​ធ្វើ​ចត្តាឡីស័ក​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា អ្នកជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩​​ មាន​ចំនួន​ ២ ​នាក់ និង​មាន​ករណី​​កូវីដ​ថ្មី​ចំនួន ២ ​នាក់​ ដែល​ជា​បុរស​ជនជាតិ​ខ្មែរ​ធ្វើដំណើរ​មកពី​ប្រទេស​ប៉ាគីស្ថាន​ ហើយ​តជើង​ហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ម្នាក់ទៀត​ជា​ស្ដ្រី​ជនជាតិ​កាហ្សាក់ស្ថាន ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​កាហ្សាក់ស្ថាន តជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ សរុប​ចំនួន ២៤៣ ​នាក់ ​ក្នុង​នោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២០២ ​នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៤១ ​នាក់​៕