ភ្នំពេញៈ រយៈពេល ៨ ខែក្នុងឆ្នាំ ២០១៨ នេះជនអន្តោប្រវេសន៍ជាង ៦ ០០០ នាក់ដែលមាន ២៦ សញ្ជាតិត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោយពីអាជ្ញាធររកឃើញថា ពួកគេកាន់កាប់ឯកសារមិនត្រឹមត្រូវ និងរស់នៅដោយខុសច្បាប់។ នេះបើតាមការអះអាងរបស់លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ថ្លែងក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិនាយនគរបាលជាន់ខ្ពស់ និងការសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី ៣ ខែកញ្ញាលោក សុខ ផល បានឲ្យដឹងថា រហូតមកដល់ពេលនេះអាជ្ញាធរកម្ពុជាបានដកហូតឯកសារមិនប្រក្រតីប្រមាណ ៨០ ភាគរយហើយចំពោះជនបរទេសគ្រប់ជាតិសាសន៍ទាំងអស់ដែលបានមករស់នៅក្នុងប្រទេសកម្ពុជាដោយមិនមានឯកសារត្រឹមត្រូវ ឬមានឯកសារដែរ ប៉ុន្តែផុតកាលកំណត់។
លោកថ្លែងថា៖ «ជនបរទេសទាំងនេះមិនព្រមត្រឡប់ទៅប្រទេសដើមវិញ និងមិនព្រមអនុវត្ដតាមច្បាប់អន្ដោប្រវេសន៍កម្ពុជា មិនបង់ថ្លៃប័ណ្ណការងារ ឬការប្រព្រឹត្ដអំពើផ្សេងៗនឹងបណ្ដេញជនបរទេសទាំងអស់នោះចេញពីប្រទេសកម្ពុជា»។
បើតាមលោក សុខ ផល ឲ្យដឹងទៀតថាក្រោយពីអាជ្ញាធរដកហូតឯកសារមិនប្រក្រតីទាំងនោះរួច ជនបរទេសអាចធ្វើការសម្រេចចិត្ដបាន ២ យ៉ាង ទី ១ គាត់អាចត្រឡប់ទៅប្រទេសដើមវិញ និងទី ២ ជនបរទេសអន្ដោប្រវេសន៍អាចដាក់ពាក្យស្នើសុំរស់នៅកម្ពុជាក្នុងរយៈពេល ៧ ឆ្នាំ ទើបទទួលបានសញ្ជាតិខ្មែរប្រសិនបើមិនមានបញ្ហា ឬរឿងអ្វីកើតឡើង។
លោកបញ្ជាក់ថាបើគិតចាប់ពីឆ្នាំ ២០១៤ មករហូតដល់ខែសីហា ឆ្នាំ ២០១៨ នេះ ជនបរទេសដែលអាជ្ញាធរកម្ពុជាបណ្ដេញចេញទៅប្រទេសដើមវិញមានប្រមាណ ១៥០០០ នាក់ និងមាន ៩១ សញ្ជាតិក្នុងនោះជនជាតិវៀតណាមចំនួន ១១១៩៥ នាក់។
លោកបន្ដថាក្រៅពីការបណ្ដេញជនបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ក៏បានសហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រួតពិនិត្យលើប័ណ្ណការងាររបស់ពលករបរទេសដែលបានមកធ្វើការងារក្នុងប្រទេសកម្ពុជា ដោយជនបរទេសទាំងអស់ត្រូវមានលិខិតឆ្លងដែនមានទិដ្ឋាការការងារ និងប័ណ្ណការងារត្រឹមត្រូវ ដើម្បីឲ្យស្របទៅនឹងច្បាប់របស់ប្រទេសកម្ពុជា។
លោក ចាន់ អ៊ាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានផ្តាំផ្ញើក្នុងពិធីនេះដែរថា មន្ដ្រីអន្ដោប្រវេសន៍ទាំងអស់ត្រូវខិតខំអនុវត្ដបំពេញការងារតាមតួនាទី ភារកិច្ចដែលបានកំណត់ ដើម្បីគ្រប់គ្រងជនបរទេសឱ្យមានប្រសិទ្ធភាព ជាពិសេសការត្រួតពិនិត្យជនបរទេសដែលកាន់កាប់ឯកសារមិនប្រក្រតី ឬការប្រើប្រាស់មិនត្រឹមត្រូវដែលអាជ្ញាធរត្រូវដកហូត និងអនុវត្ដតាមច្បាប់ឱ្យបានរួចរាល់នៅត្រឹមដំណាច់ឆ្នាំ ២០១៨ នេះតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជា៕