ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងលើកលែងការតម្រូវឱ្យមានប្រាក់ធានារ៉ាប់រងសុខភាពចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់តម្កល់ ៣ ពាន់ដុល្លារ សម្រាប់អ្នកដំណើរដែលជាជនបរទេសជាអ្នកវិនិយោគ និងអ្នកជំនាញដែលត្រូវមកបំពេញការងារនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងសងថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ ៥ ថ្ងៃនៅចុងខែនេះ ឬដើមខែក្រោយដែរ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា នៅថ្ងៃទី ១០ កក្កដា នេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនឹងដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ ១៩ តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យអំពីការផ្ដល់ថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំ និងលើកលែងវិធានការចំពោះអ្នកដំណើរជនបរទេសជាវិនិយោគិន និងអ្នកមកបំពេញការងារនៅកម្ពុជា។ លោក សុខសេនសាន ថ្លែងថា៖ «(ថ្ងៃទី ១០ កក្កដា) ឯកឧត្តមឧបនឹងដឹកនាំកិច្ចប្រជុំ ហើយខ្ញុំក៏ចូលរួមកិច្ចប្រជុំនេះដែរ។ កិច្ចការទាំងអស់យើងពិនិត្យមើល ហើយកន្លែងណាដែលយើងអាចបន្ធូរបន្ថយបានទៀត យើងនឹងបន្ធូរបន្ថយទៀត»។
យោងតាមសំឡេងបែកធ្លាយមួយតាមបណ្ដាញសង្គមបានឲ្យដឹងថា លោក ហ៊ុន សែន បានណែនាំលោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៥ កក្កដា ឱ្យដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការផ្ដល់ថ្ងៃឈប់សម្រាកសងចំនួន ៥ ថ្ងៃនៅស្របពេលកម្ពុជាកំពុងត្រួតត្រាបានជំងឺឆ្លងកូវីដ១៩។
លោក ហ៊ុន សែន ថ្លែងថា៖ «ចំណុចនេះគឺក្រសួងអប់រំក៏ខ្ញុំបានអនុញ្ញាតឱ្យប្រឡងនៅតាមសាលារៀនឯកជន ហើយប្រឡងគ្រូ និងប្រឡងមួយចំនួន ហើយក៏ត្រូវដល់ពេលដែលយើងត្រូវសងឱ្យបងប្អូនប្រជាពលរដ្ឋ ដែលកម្មករ បុគ្គលិក និងមន្ត្រីរាជការដែលយើងមិនបានឱ្យចូលឆ្នាំកន្លងទៅនេះ ដែលខ្ញុំគិតថា គឺប្រហែលនៅចុងខែ ៧ ឬដើមខែ ៨ នេះ»។
លោក ហ៊ុន សែន ក៏បានណែនាំផងដែរឱ្យលោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាគ្នា ដើម្បីបន្ធូរបន្ថយវិធានការតម្រូវឱ្យមានប្រាក់ធានារ៉ាប់រងសុខភាពចំនួន ៥ ម៉ឺនដុល្លារ និងប្រាក់តម្កល់ ៣ ពាន់ដុល្លារសម្រាប់អ្នកដំណើរបរទេសជាអ្នកវិនិយោគ និងអ្នកជំនាញធ្វើផ្លូវ ឬ ស្ពាននៅកម្ពុជា។
លោក ហ៊ុន សែន ថ្លែងថា៖ «ចំណុចនេះគឺខ្ញុំបានមើលឃើញថា មានហានិភ័យខ្ពស់សម្រាប់សេដ្ឋកិច្ចស្រុកយើងតែម្ដង ដែលវាធ្វើប៉ះពាល់អ្នកវិនិយោគ និងអ្នកដែលធ្វើការនៅកម្ពុជា។ អ្នកវិនិយោគនឹងមិនអាចវិលត្រឡប់មកស្រុកយើង ហើយគេក៏មិនចាកចេញពីស្រុកយើង ហើយបើចាកចេញគឺចាកចេញទៅតែម្ដង ហើយអ្នកជំនាញបច្ចេកទេសនានាដែលធ្វើការនៅនេះ (កម្ពុជា) ដែលបានទៅលេងស្រុកគឺគ្នាមកមិនបានទេ ហើយថៅកែក៏ធានាមិនបានដែរ ហើយយើងមានកុងត្រាធ្វើការជាមួយបរទេសច្រើនណាស់ដូចជាជប៉ុនធ្វើផ្លូវ ចិនធ្វើផ្លូវ និងស្ពាន»។
លោក ហ៊ុន សែន ក៏បានឲ្យដឹងដែរថា ការបន្ធូរបន្ថយវិធានការនាពេលខាងមុននេះនឹងអាចទាក់ទាញអ្នកវិនិយោគថ្មី ហើយរក្សាអ្នកវិនិយោគចាស់ ប៉ុន្តែប្រសិនបើអ្នកដំណើរជនបរទេសទាំង ២ ប្រភេទនេះត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ គឺពួកគេនៅតែចេញថ្លៃព្យាបាលដោយខ្លួនឯង។
កាលពីថ្ងៃម្សិលមិញ ភ្នំពេញ ប៉ុស្ដិ៍ មិនអាចសុំការធ្វើអត្ថាធិប្បាយលម្អិតពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មន្ត្រីនាំពាក្យក្រសួងសុខាភិបាល និងលោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យរដ្ឋាភិបាលបានទេ ដោយលោកទាំងអស់មិនលើកទូរស័ព្ទ។
កាលពីថ្ងៃទី ១៦ មិថុនា រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចមិនតម្រូវឱ្យអ្នកដំណើរជនបរទេសដែលជាមន្ត្រីការទូតមានប្រាក់តម្កល់ និងប្រាក់សម្រាប់ធានារ៉ាប់រងសុខភាពយ៉ាងតិចចំនួន ៥ ម៉ឺនដុល្លារនេះដែរ ហើយមន្ត្រីការទូតទាំងនោះក៏នឹងទទួលបានការព្យាបាលដោយមិនគិតថ្លៃក្នុងករណីឆ្លងជំងឺកូវីដ១៩។
កាលពីថ្ងៃទី ៣ ខែកក្កដា លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលធ្លាប់បានបញ្ជាក់ថា ក្រសួងទទួលបានប្រាក់តម្កល់ចំនួន ៩ លានដុល្លារពីអ្នកដំណើរជនជាតិបរទេសចំនួន ៣ ពាន់នាក់ ដែលបានធ្វើដំណើរចូលកម្ពុជាពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ មិថុនា ប៉ុន្តែប្រាក់ទាំងនោះដែលសេសសល់ពីការទូទាត់ថ្លៃសណ្ឋាគារ ថ្លៃធ្វើតេស្ដ និងថ្លៃធ្វើដំណើរជាដើមគឺបានប្រគល់ជូនវិញ ក្រោយពីពួកគេបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ៕