ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីម្សិលមិញបានបញ្ជាក់ថា ជនបរទេសដែលស្នើសុំពន្យារទិដ្ឋាការរយៈពេលវែងនៅក្នុងប្រទេសនឹងត្រូវតម្រូវឲ្យដាក់លិខិតបញ្ជាក់ការងារដើម្បីបង្ហាញពីទីកន្លែងការងាររបស់ពួកគេ។
គិតមកត្រឹមដើមខែកញ្ញា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបង្ហាញថា ខ្លួននឹងផ្អាកការអនុវត្តលក្ខខណ្ឌតម្រូវនោះរហូតដល់ឆ្នាំក្រោយ ឬពិចារណាការលើកលែងម្តង ប៉ុន្តែកាលពីម្សិលមិញលោក សុខ វាសនា ប្រធាននាយកដ្ឋានជនបរទេសមិនអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថាវាត្រូវបានអនុវត្តចាប់តាំងពីថ្ងៃចន្ទ។
លោកថ្លែងថា៖ «យើងបានប្រកាសសម្រាប់រយៈពេលមួយខែពីខែកញ្ញាដល់ខែតុលាជម្រាប [អ្នករាល់គ្នា] អំពីបញ្ហានេះ។ ដូច្នេះវាអនុវត្តចាប់ពីថ្ងៃទី ២ ខែតុលា»។
យោងតាមឯកសារដែលទទួលបានបញ្ជាក់ថា គោលការណ៍ថ្មីនេះនឹងតម្រូវឲ្យអ្នកដាក់ពាក្យមានលិខិតបញ្ជាក់ការងារ ឬ សៀវភៅការងារ និងកាតការងារ ដែលចេញដោយក្រសួងការងារ លិខិតប្រកបអាជីវកម្ម និងប័ណ្ណប៉ាតង់ ឬកិច្ចសន្យាការងារ មានសុពលភាពដល់ថ្ងៃចុងក្រោយ ឬឯកសារពាក់ព័ន្ធបញ្ជាក់ថាពិតជាមានការចាំបាច់ក្នុងការស្នាក់នៅបណ្តោះអាសន្នដើម្បីដាក់ពាក្យសុំទិដ្ឋាការពាណិជ្ជកម្មរយៈពេល ៦ ខែឬមួយឆ្នាំ។
លោក វាសនា បានថ្លែងថាច្បាប់មិនលើកឡើងជាក់លាក់អំពីអ្នកប្រកបមុខរបរដោយសេរី (Freelancer) ទេ ប៉ុន្តែនាយកដ្ឋាននឹងព្យាយាមជួយពួកគេ។
លោកបន្តថា៖ «ប្រសិនបើពួកគេមានឯកសារជាអ្នកប្រកបមុខរបរដោយសេរី (Freelance) យើងគ្រាន់តែត្រូវការឯកសារនោះសម្រាប់ពេលឥឡូវនេះ។ ចំណុចនេះមិនចែងនៅក្នុងច្បាប់ដូច្នេះយើងត្រូវការជួយពួកគេ»។
លោកស្រី ម៉ី ហៀក ម្ចាស់ហាងម៉ូតូឡាក់ឃីឡាក់ឃីថ្លែងថាជនបរទេសដែលធ្វើការនៅហាងរបស់លោកបានទទួលការជូនដំណឹងហើយហាងបានបដិសេធមិនទទួលពាក្យអ្នកដាក់ពាក្យមួយចំនួន។ «ដូច្នេះជម្រើសពួកគេគឺត្រូវជ្រើសរើស ៣ ខែហើយពេលដែលពួកគេទទួលឯកសារទាំងនោះពួកគេអាចពន្យារបន្ត»៕ PS