ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញ បានបញ្ជូនជនជាតិចិន និង វៀតណាម ចំនួន ១៤ នាក់ទៅតុលាការរាជធានីភ្នំពេញ ក្រោយពីពួកគេត្រូវបានឃាត់ខ្លួនរឿងប្រើល្បិចយកជនរងគ្រោះទៅធ្វើចត្តាទ្បីស័ក និងចាប់ជំរិតជនជាតិចិនម្នាក់ កាលពីថ្ងៃទី ២៥ ខែមីនា។

អ្នកនាំពាក្យ អគ្គស្នងការនគរបាជាតិ លោក ឆាយ គឹមឃឿន បានឲ្យដឹងកាលពីថ្ងៃសៅរ៍នេះថា ជនសង្ស័យ ១៤ នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ កាលពីថ្ងៃសុក្រម្សិលមិញ ពាក់ព័ន្ធករណីជំរិតទារប្រាក់។

លោកថ្លែងថា៖ «យើងចាប់គឺចាប់ពីបទចាប់ជំរិតទារប្រាក់ មិនមែនបទបន្លំធ្វើពេទ្យទេ។ ជនសង្ស័យបន្លំធ្វើពេទ្យឬធ្វើអីមិនដឹងទេ សំខាន់គោលបំណងពួកគេគឺជំរិតទារប្រាក់។ អ៊ីចឹងពេលទៅតុលាការគេពិនិត្យសំណុំរឿង ហើយគេចោទបន្ថែមទៀតយ៉ាងណា អាហ្នឹងសូមសួរទៅតុលាការ»។

លោក គុជ គឹមឡុង អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញបានបញ្ជាក់កាលពីថ្ងៃសៅរ៍នេះថា តំណាងអយ្យការមិនទាន់ទទួលបានសំណុំរឿងនេះនៅឡើយនោះទេ។

យោងតាមគេហទំព័រនគរបាលជាតិបានឲ្យដឹងថា ក្រុមជនសង្ស័យរួមមានជនជាតិចិនចំនួន ៧ នាក់ និងវៀតណាម ៧ នាក់ផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបបាន កាលពីថ្ងៃទី ២៥ ខែមីនា ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និង ជំរិតទារប្រាក់នៅសណ្នាគារប៉ូស៊ីកាណូប៊ូទិកស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ១ ខណ្ឌដូនពេញ។

ជនសង្ស័យបានចូលទៅចាប់បុរសរងគ្រោះជាជនជាតិចិនម្នាក់ឈ្មោះ HUANG WENG XUAN នៅសណ្ឋាគារ ដឺព្រីនស៍ ស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយប្រើល្បិចថា នាំយកជនរងគ្រោះទៅធ្វើចត្តាទ្បីស័ក កាលពីថ្ងៃទី២០ ខែមីនា។ ប៉ុន្តែ ពួកគេបានយក ជនរងគ្រោះទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ដើម្បីជំរិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិកជាថ្នូរនឹងការដោះលែង។ ក្រោយពីជំរិតទារប្រាក់បានសម្រេចហើយ ជនរងគ្រោះត្រូវបានដោះលែងវិញ កាលពីថ្ងៃទី ២៣ ខែមីនា។

កម្លាំងចម្រុះបានធ្វើការស្រាវជ្រាវលើបទល្មើសនេះ ហើយឈានទៅដល់ការឃាត់ខ្លួនក្រុមជនសង្ស័យនៅសណ្ឋាគារមួយឈ្មោះប៉ូស៊ីកាណូប៊ូទិក ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានប្រមូលវត្ថុតាងរួមមានរថយន្តមួយគ្រឿង, ខ្នោះដៃចំនួន០៣គូ, ដំបងឆក់០១, កាំបិតកៃ០៤, និងដំបងដែករលាស់០៤ជាដើម៕