សៀមរាបៈ ជនបរទេស​ ២ ​នាក់​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​រាំ​បែប​អាសអាភាស​នៅ​ក្រុង​សៀមរាប​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ និង​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១៣ ​កុម្ភៈ​ បន្ទាប់ពី​ពួកគេ​ ៧ ​នាក់​ត្រូវ​បាន​ដោះលែង​ក្រោម​លក្ខខណ្ឌ​ដូច​គ្នា​កាលពី​សប្ដាហ៍​មុន​។

អ្នក​នាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​លោក យិន ស្រាង មិន​បាន​បញ្ជាក់​លម្អិត​ពី​ករណី​ដោះលែង​អ្នក​ទាំង​ ២ ​នាក់​ទេ​ដោយ​គ្រាន់​តែ​ប្រាប់​ថា​ចៅក្រម​ស៊ើបសួរ លោក ឆែ វិរៈ ជា​អ្នក​សម្រេច​ដោះលែង​។

គិត​ទាំង​ ២ ​នាក់​នេះ​ទៀត​គឺ​មាន​ជនបរទេស​ ៩ ​នាក់​ហើយ​ដែល​ត្រូវ​បាន​ប្រាប់​ឲ្យ​ចាកចេញ​ពី​កម្ពុជា​ក្នុង​ចំណោម​ពួកគេ​ ១០ ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់ទិន​នឹង​បទ​ចោទ​ថា​ «​ផលិត​​រូបភាព​អាសអាភាស​» កាលពី​ថ្ងៃ​ទី​ ២៥ ខែ​មករា​ឆ្នាំ​នេះ​នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។

មេធាវី​ការពារ​ក្តី​ឲ្យ​បរទេស​ទាំង​ ១០ ​នាក់​លោក អ៊ូច សុភត្រា បាន​ថ្លែង​ថា កូនក្តី​លោក​ ២ ​នាក់​ដែល​ទទួល​បាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​មាន​សញ្ជាតិ​ន័រវែស​ និង​ហូឡង់​។ ​ពួកគេ​បាន​ត្រឡប់​ទៅ​ប្រទេស​គេ​​វិញ​តាំង​ពី​ថ្ងៃ​ ១៣ កុម្ភៈ ម្ល៉េះ​។

លោក​ថា​៖ «​ដូច្នេះ​កូនក្តី​របស់​ខ្ញុំ​នៅ​ឃុំ​ខ្លួន​ឯ​ពន្ធនាគារ​គឺ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​» និង​ថា ការ​ទទួល​បាន​ការ​ដោះលែង​នេះ ដោយសារ​លោក​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​ឲ្យ​ពួកគេ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​កុម្ភៈ​។

លោក​បន្ត​ថា៖ «​ជនបរទេស​ម្នាក់​ទៀត​ជាតិ​អង់គ្លេស យើង​អត់​ដាក់​សុំ​ក្រៅ​ឃុំ ដោយសារ​ឯកសារ​បញ្ជាក់​ថា គាត់​ជា​អ្នក​ចាត់ចែង​រៀបចំ​ពិធី​ជប់លៀង​។ អ៊ីចឹង ទោះ​យើង​សុំ​ឲ្យ​គាត់​ក៏​គេ [​តុលាការ​] មិន​ព្រម​ដែរ​»​។

មិន​មាន​ព័ត៌មាន​បញ្ជាក់​ពី​ដំណើរការ​ជំនុំជម្រះ​នៃ​សំណុំ​រឿង​ក្ដី​នេះ​ថា​នឹង​បើក​សវនាការ​នៅ​ពេល​ណា​នោះ​ទេ​។

កាលពី​ថ្ងៃ​ទី​ ២៥ ​ខែ​មករា ជនបរទេស​ ៨៧ ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយសារ​ពួកគេ​បាន​ប្រមូលផ្តុំ​គ្នា​រៀបចំ​ពិធី​ជប់លៀង​ដែល​អាជ្ញាធរ​ថា​ «​រាំ​បែប​អាសអាភាស​» ​ហើយ​បាន​អប់រំ​ជន​ទាំង​នោះ​ចំនួន​ ៧៧ ​នាក់​រួច​ឲ្យ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ ១០ នាក់​ដែល​សង្ស័យ​ថា ជា​អ្នក​រៀបចំ​កម្មវិធី​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​។

តាមរយៈ​សារព័ត៌មាន iheartradio ជនជាតិ​កាណាដា​ម្នាក់​ក្នុង​ចំណោម​ ៧ ​នាក់​ដំបូង​ដែល​បាន​ទៅ​ដល់​ប្រទេស​របស់​ពួកគេ បាន​ថ្លែង​ថា​ពួកគេ​មិន​បាន​ដឹង ហើយ​មិន​បាន​គិត​ថា​ការ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​ស្លៀកពាក់​ប៊ីគីនី​ធ្វើឲ្យ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា​ឡើយ​។

ពួកគេ​បាន​បដិសេធ​ថា ពួកគេ​មិន​បាន​ចូលរួម​ក្នុង​ការ​ផលិត​រូបភាព​អាសអាភាស ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ​៕