ភ្នំពេញ: សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​ជនសង្ស័យ​ដែល​ជា​ជនបរទេស​ ២ ​នាក់​ប្តីប្រពន្ធ​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១ ខែ​ឧសភា​ នេះ​ពាក់ព័ន្ធ​ការជួញដូរ​ និង​កែច្នៃ​គ្រឿងញៀន​ជិត ៦០ គីឡូក្រាម បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៩ ខែ​មេសា ​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​គ្រោង​បញ្ជូន​ជនសង្ស័យ ២ ​នាក់​ប្ដី​ប្រពន្ធ​មក​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ១ ខែ​ ឧសភា ​ឆ្នាំ​ ២០២០ បន្ទាប់ពី​សមត្ថកិច្ច​បាន​បញ្ចប់​ការសាកសួរ​។

លោក​បន្តថា សមត្ថកិច្ច​ជំនាញ​បាន​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃទី​ ២៩ ​ខែ​មេសា បាន​បង្ក្រាប​ករណី​កែច្នៃ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​ដោយបាន​ឃាត់ខ្លួន​មេខ្លោង​ផលិត កែច្នៃ​គ្រឿងញៀន​ជា​ជនបរទេស​នាក់​ប្ដី​ប្រពន្ធ​។

ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់​ឃាត់ខ្លួន​មាន​ឈ្មោះ LEE KWAN FUK ភេទ​ប្រុស ជនជាតិ​ចិន (​ហុងកុង​) ត្រូវ​ជា​ប្ដី​ជនសង្ស័យ​ឈ្មោះ THET THET HLAING ភេទ​ស្រី​ជនជាតិ​មីយ៉ាន់ម៉ា ខណៈ​ដែល​សមត្ថកិច្ច​រឹបអូស​ថ្នាំញៀន​ជិត ៦០ ​គីឡូក្រាម​។

លោក​ ឡឹក វណ្ណៈ ​បញ្ជាក់​ថា​៖ «​យើង​បាន​សាកសួរ​ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​រួចរាល់​ហើយ ដោយ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី ១ ខែឧសភា​ នេះ ដើម្បី​ឲ្យ​តុលាការ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​។ ក្រៅពីនេះ សមត្ថកិច្ច​ជំនាញ​យើង​នៅតែ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ចាប់​យក​មក​ផ្តន្ទាទោស​តាមច្បាប់​»​។

បើ​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ក្នុង​ការបង្ក្រាប​នេះ​សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន សារធាតុ​ញៀន​ប្រភេទ អិចស្តាស៊ី​ប្រមាណ​ ១៤០ ០០០ គ្រាប់​ ស្មើ​នឹង​ជាង ៥៧ ​គីឡូក្រាម និង​ម៉ាស៊ីន​ផលិត​កែច្នៃ ២ ​គ្រឿង​។

បច្ចុប្បន្ន​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​ការស៊ើបអង្កេត​តាម​ចាប់​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕