កណ្ដាលៈ បុរស​ជនជាតិ​នីហ្សេរីយ៉ា​ ២ ​នាក់​ ដែល​ជា​កីឡាករ​បាល់ទាត់ និង​ស្ដ្រី​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​បាន​មន្ត្រី​អន្តោប្រវេសន៍​ចាប់បញ្ជូន​ចេញ​ពី​កម្ពុជា ខណៈ​ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ បន្ទាប់ពី​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក​ប្រាក់​តាម​ហ្វេសប៊ុក​ពី​ពលរដ្ឋ​កម្ពុជា​។

ជនបរទេស​ទាំង​ ៣ ​នាក់​នេះ​ បាន​សហការ​ជាមួយ​ពលរដ្ឋ​ខ្មែរ​ម្នាក់​ ដើម្បី​ឆបោក​ប្រាក់​ជាង ៨ ​ពាន់​ដុល្លារ​ ពី​កសិករ​ម្នាក់​នៅ​ខេត្តកណ្ដាល​។ ទំព័រ​ហ្វេសប៊ុក​កងរាជ​អាវុធហត្ថ​ខេត្ត​កណ្ដាល​បាន​ផ្សាយ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃទី​ ១០ ខែ​កុម្ភៈ​ មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ វណ្ណនី មុខរបរ​ជា​កសិករ​រស់នៅ​ស្រុក​ល្វាឯម ខេត្ត​កណ្ដាល​បាន​ប្ដឹង​ម្ចាស់​គណនី​ហ្វេសប៊ុក​មាន​ឈ្មោះ Michael Johnson ដែល​ម្ចាស់​គណនី​ហ្វេសប៊ុក​នេះ​បាន​ប្រើ​វិធី​លួងលោម​ជនរងគ្រោះ​ឱ្យ​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​អស់​ចំនួន ៨ ៤៥០ ​ដុល្លារ​អាមេរិក ដើម្បី​ចេញ​ថ្លៃ​សេវា​ដែល​ជននេះ​កុហក​ថា ត្រូវ​ផ្ញើ​វត្ថុ​មាន​តម្លៃ និង​ប្រាក់​ពី​ក្រៅ​ប្រទេស ដើម្បី​ប្រគល់ជូន​ជនរងគ្រោះ​។

ទំព័រ​ហ្វេសប៊ុក​សរសេរ​ថា​៖ «​ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយ​ខ្លួន​ (​ជនរងគ្រោះ​) ​តាម Facebook អស់​រយ:ពេល​ ២ ​ខែ​ គឺ​ឈ្មោះ Michael Johnson បាន​ធ្វើការ​លួងលោម​បោកប្រាស់​តាមរយ: Messenger ក្រោម​រូបភាព​ដើរតួ​ជា​ជនជាតិ​អង់គ្លេស​ធ្វើ​ជា​មាន​ចិត្ត​អាណិតអាសូរ​ជនរងគ្រោះ​ដោយ​ឃើញ និង​ដឹងថា​ជនរងគ្រោះ​មាន​ជីវភាព​ខ្សត់ខ្សោយ ខ្វះ​ជម្រក​ស្នាក់នៅ​សមរម្យ ដូចនេះ​គេ​នឹង​ផ្ញើ​ប្រាក់ គ្រឿងអលង្ការ សម្ភារ​ដើម្បី​សង់ផ្ទះ និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឲ្យ​ប្រសើរឡើង​»​។

បន្ទាប់ពី​ការស៊ើបអង្កេត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កងរាជ​អាវុធហត្ថ​ខេត្តកណ្ដាល​បាន​ចាប់ខ្លួន​ស្ដ្រី​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ​ សុខ លាង មុខរបរ​មិន​ពិតប្រាកដ​ដែល​ជា​អ្នកដើរតួ​ជា​អ្នក​ធ្វើការ​ប្រៃសណីយ៍ និង​ជា​អ្នក​ទៅ​ដក​ប្រាក់​ដែល​ជនរងគ្រោះ​វេរ​មក​តាម Wing កាលពី​ថ្ងៃទី​ ១២ ​ខែ​កុម្ភៈ​ ហើយ​នៅ​ថ្ងៃទី​ ១៣ ខែ​កុម្ភៈ​ កងរាជអាវុធហត្ថ​បាន​បន្ត​ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ៣ ​នាក់​ផ្សេងទៀត ​រួមមាន​ឈ្មោះ EMMANUEL SUNJAY ភេទ​ប្រុស អាយុ​ ៣១ ​ឆ្នាំ ជនជាតិ​នីហ្សេរីយ៉ា​មុខរបរ​កីឡាករ​បាល់ទាត់​ឈ្មោះ GABRIEL PHILEP ភេទ​ប្រុស​អាយុ​ ២១ ​ឆ្នាំ​ ជនជាតិ​នីហ្សេរីយ៉ា​មុខរបរ​កីឡាករ​បាល់ទាត់ និង​ឈ្មោះ លីធី ង្វឿងថាវ ភេទ​ស្រី អាយុ ២៦ ​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នៅផ្ទះ​។

ជនបរទេស​ទាំង​ ៣ ​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​ជួល​ក្នុង​បុរី​ «​លឹម ឈាងហាក់​» ស្ថិតក្នុង​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ដកហូត​វត្ថុតាង​មួយ​ចំនួន ដូចជា​លេបថប​ ៣ ​គ្រឿង ទូរស័ព្ទ​ ៩ ​គ្រឿង ដុំ​អ៊ីនធឺណិត​ ២ និង​សម្ភារ​មួយចំនួនទៀត​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បន្តថា ស្ដ្រីជនជាតិ​ខ្មែរ​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់ ចំណែក​ជនបរទេស​ទាំង​ ៣ ​នាក់​ ត្រូវ​បាន​ប្រគល់​ឱ្យ​ស្នងការ​នគរបាល​ខេត្តកណ្ដាល​។

លោក​ ឈឿន សុចិត្ត ស្នងការ​ខេត្តកណ្ដាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនបរទេស​ទាំង​ ៣ ​នាក់​នេះ​ គឺ​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​ហើយ​ត្រូវ​បាន​បញ្ជូន​បន្តទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រួចហើយ​។

លោក​បាន​ថា​៖ «៣ ​នាក់ ​ហ្នឹង​យើង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ហើយ ហើយ​ឮថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​ហើយ​»​។

កាលពី​ថ្ងៃ​ចន្ទ​លោក អាត់ ប៊ុននី អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ថ្លែងថា លោក​មិនអាច​បញ្ជាក់បន្ថែម​ជុំវិញ​ករណីនេះ​បាន​ទេ​ដោយសារ​ក្នុង​ ១ ​ថ្ងៃៗ​ គឺ​មាន​ជនបរទេស​ជាច្រើន​ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា​ជា​បន្តបន្ទាប់​៕